ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​អេត្យូពី៖ ទំនប់វារីអគ្គិសនី​ធំ​ជាង​គេ​លើ​ទន្លេ​នីល​បំពេញ​គោលដៅ​ចំណុះ​​នៅ​ដំណាក់កាល​ដំបូង


រូបឯកសារ៖ រូបភាពពីអាកាសបង្ហាញពីទំនប់វារីអគ្គិសនី GERD នៅប្រទេសអេត្យូពី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ រូបភាពពីអាកាសបង្ហាញពីទំនប់វារីអគ្គិសនី GERD នៅប្រទេសអេត្យូពី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

គម្រោង​ទំនប់វារី​អគ្គិសនី​ដ៏​ធំ​ជាង​គេ​លើ​ទន្លេ​នីល​របស់​ប្រទេស​អេត្យូពី​ ដែល​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស បាន​បំពេញ​គោលដៅ​ចំណុះសម្រាប់​ឆ្នាំ​ដំបូងជា​ស្ថាពរ។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​នាយករដ្ឋមន្រ្តី​អេត្យូពី​លោក Abiy Ahmed កាល​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា។ ​

​គម្រោង​ទំនប់វារី​អគ្គិសនី​ឈ្មោះ​ថា Grand Ethiopian Renaissance Dam (GERD) តម្លៃ​ ៤,៦​ពាន់លាន​ដុល្លារ គឺ​ជា គម្រោង​ទំនប់វារីអគ្គិសនី​ធំជាង​គេ​បំផុត​នៅ​ទ្វីបអាហ្វ្រិក។ នៅ​ពេល​ដែល​ទំនប់វារីអគ្គិសនីនេះដំណើរការ​បាន​ពេញ​សមត្ថភាព​នៅ​ឆ្នាំ ២០២៣ គេ​រំពឹង​ថា នឹង​អាច​ផលិត​ថាមពល​បាន ៦​ពាន់​មេហ្គាវ៉ាត់។

​នាយរដ្ឋមន្រ្តី​អេត្យូពី​ លោក Ahmed បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​បាន​បំពេញ​ដំណាក់កាល​ដំបូង​នៃ​ទំនប់វារីអគ្គិសនី​ ដោយ​មិន​បាន​បង្ក​ការ​រំខាន និង​ធ្វើ​ឲ្យ​ប៉ះពាល់​នរណា​ម្នាក់​ឡើយ។ ឥឡូវ​នេះ ទំនប់វារី​អគ្គិសនី​កំពុង​តែ​ហូរ​ហៀរ​នៅ​តំបន់​ទន្លេ​ខាង​ក្រោម»។

ការ​ប្រកាស​ខាង​លើនេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​មេដឹកនាំ​មក​ពី​ប្រទេស​អេត្យូពី អេហ្ស៊ីប និង​ស៊ូដង់​បាន​ជួបពិភាក្សាគ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​តាម​វីដេអូ​មួយ និង​បាន​ព្រៀមព្រៀង​បន្ត​កិច្ចពិភាក្សា​ឡើង​វិញជុំវិញ​គម្រោង​ទំនប់វារីអគ្គិសនី​ GERD ដែល​ប្រកបដោយ​ភាព​ចម្រូងចម្រាសនេះ។

គេ​នៅ​មិន​ទាន់​ដឹងច្បាស់ថា​ ការ​បំពេញ​ទំនប់វារី​អគ្គិសនី​នេះ​គឺ​ ​ដោយសារ​តែ​ទឹកភ្លៀង​នៅ​រដូវ​ភ្លៀងធ្លាក់​ទាំងស្រុង ឬ​ប្រតិបត្តិការ​ចាក់​បំពេញ​កំពុង​តែ​ធ្វើ​ឡើង​នោះ​ទេ។

​អេត្យូពី​បាន​ចាប់ផ្តើម​សាងសង់​ទំនប់វារី​អគ្គិសនី GERD ដែល​ស្ថិត​នៅ​លើ​ដៃ​ទន្លេ​នីលធំ​ជាងគេ​នៅឆ្នាំ​ ២០១១។ ទោះ​បី​ជា​មានកិច្ចពិភាក្សា​អស់រយៈពេល​ជិត​មួយ​ទសវត្សរ៍​ក៏ដោយ​ ក៏​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​លើជម្លោះ​ពាក់ព័ន្ធ​នឹង​ទំនប់វារីអគ្គិសនី​នេះ​ក្នុង​ចំណោម​ប្រទេស​អេត្យូពី អេហ្ស៊ីប និង​ស៊ូដង់​នៅ​ឡើយ​។

​អេត្យូពីមាន​គម្រោង​លក់​អគ្គិសនី​ផលិតឡើង​ថ្មីនេះក្នុង​តម្លៃ​ថោកទៅកាន់​បណ្តា​ប្រទេស​ជិតខាងខ្លួន​ ស្រប​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក ហើយ​បានចាត់ទុក​ទំនប់វារីអគ្គិសនី​ GERD ​ជា​មធ្យោបាយ​មួយ​ជួយ​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច។ ​អេហ្ស៊ីប និង​ស៊ូដង់​ ដែល​ស្ថិត​នៅ​ផ្នែកខាង​ក្រោម​ទន្លេនីល ព្រួយ​បារម្ភ​ថា ទំនប់វារីអគ្គិសនី​នេះ​នឹង​ដាក់​កំហិត​ទៅ​លើ​ការ​ទទួល​បាន​ធនធាន​ទឹក​ពី​ទន្លេ​នីល។

នៅក្នុងកិច្ចប្រជុំ​មួយ​នៅ​ឯ​អង្គការសហប្រជាជាតិ​កាលពីខែ​មិថុនា រដ្ឋមន្រ្តីការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry បាន​ហៅ​ទំនប់វារីអគ្គិសនី​ GERD ​ថា​ជា «ការ​គំរាមកំហែង​ដ៏ធំ​មួយ​»។ ទោះបីជា​អេហ្ស៊ីប​ស្តុក​ទុក​ធនធាន​ទឹក​បម្រុងនៅទំនប់វារី​អគ្គិសនី​លើ​ផ្នែក​ទន្លេ​នីល​របស់​ខ្លួន​នៅ​ក្រុង Aswan ក៏ដោយ ក៏​ប្រទេស​នេះ​នៅ​តែ​ពឹងផ្អែក​លើ​ធនធាន​ទឹកពី​ទន្លេ​នីល​សម្រាប់​ទឹកប្រើប្រាស់ចំនួន​ជិត ៩០​ភាគរយ​របស់​ខ្លួន​ផងដែរ។

​សេចក្តីប្រកាស​ព័ត៌មាន​ពីប្រធានាធិបតី​អេហ្ស៊ីប​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា បាន​លើកឡើង​ថា អេហ្ស៊ីប​នឹង​ដាក់​អាទិភាព​លើ «កិច្ចព្រមព្រៀង​តាម​ផ្លូវច្បាប់លើ​ក្បួន​ច្បាប់​នៃ​ការចាក់​បំពេញ និង​ប្រតិបត្តិការ​ទំនប់វារីអគ្គិសនី GERD»។ រហូត​មក​ទល់​ពេល​នេះ ប្រទេស​អេត្យូពី​នៅ​តែបដិសេធ​លើកិច្ចព្រមព្រៀង​នេះ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG