អ្នករៀបចំយុទ្ធនាការបរិស្ថាននៅប្រទេសអ៊ីតាលីបានសម្តែងពីការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់ដោយប្លាស្ទីកទៅលើជីវិតនៅក្នុងសមុទ្រ និងនៅតាមឆ្នេរសមុទ្រនានានៅក្នុងប្រទេស។ បញ្ហាបរិស្ថានមួយរយៈពេលចុងក្រោយនេះបានជំរុញឲ្យមានវិធានការជាច្រើនដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។ កាលពីពាក់កណ្តាល ខែឧសភាត្រីបាឡែនមួយក្បាលបានងាប់ និងអណ្តែតមកដល់ឆ្នេរសមុទ្រមួយនៅទីក្រុង Sicily ដោយគេបានរកឃើញសំណល់ប្លាស្ទិកនៅក្នុងពោះរបស់វា។
សម្ព័ន្ធការពារបរិស្ថាននៃប្រទេសអ៊ីតាលីឈ្មោះថា Legambiente បានលើកឡើងថាជារៀងរាល់ឆ្នាំ មានសំរាមប្រមាណជាង៨លានតោននៅតាមឆ្នេរ និងក្នុងសមុទ្រ។ របាយការណ៍មួយស្តីពីការវិភាគទៅលើកាកសំណល់ដែលនៅរាយប៉ាយតាមឆ្នេរសមុទ្រចំនួន៩៣កន្លែងនៅប្រទេសអ៊ីតាលីបង្ហាញឲ្យឃើញថា៨០ភាគរយនៃកាកសំណល់គឺជា ប្លាស្ទីក។
គម្រោងផ្តួចផ្តើមមួយឈ្មោះថា «Once there was the sea» ឬមានន័យថា កាលពីពេលនៅមានសមុទ្រគឺជា គម្រោងថ្មីចុងក្រោយបំផុតរបស់សម្ព័ន្ធបរិស្ថាន Legambiente ដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ បានចុះទៅសម្អាតឆ្នេរ និងឈូងសមុទ្រ២៥០កន្លែងនៅទូទាំងប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៥-២៦ខែឧសភាកន្លងទៅ។ នៅក្នុងខែឧសភាសម្ព័ន្ធបរិស្ថាន Legambiente ក៏បានជំរុញដល់រដ្ឋាភិបាលអ៊ីតាលីឲ្យអនុម័តសេចក្តីព្រៀងច្បាប់មួយដែលមានឈ្មោះថា Salvamore ឬមានន័យថា សង្គ្រោះសមុទ្ររបស់យើង ដែលសំណើរច្បាប់នេះនឹងអនុញ្ញាតិឲ្យអ្នកនេសាទប្រមូលយកសំណល់ប្លាស្ទិច ដែលជាប់នឹងសំណាញ់របស់ពួកគេ មកបោះចោលដោយមិនចាំបាច់បង់ថ្លៃចំណាយលើការចោលសំរាម។
អង្គការ Greenpeace របស់អ៊ីតាលីបានបង្ហាញពីការព្រួយបារម្ភ បន្ទាប់ពីមានត្រីបាឡែនមួយក្បាលទៀតបានអណ្តែតមកដល់ឆ្នេរសមុទ្រ Sicily និងត្រូវបានគេរកឃើញសំរាមប្លាស្ទីកជាច្រើនក្នុងពោះរបស់វា។
អ្នកស្រី Giorgia Monti អ្នករៀបចំយុទ្ធនាការនៃអង្គការGreenpeace បាននិយាយថា ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ មានត្រីបាឡែន ៥ក្បាល ត្រូវបានគេប្រទះឃើញរសាត់មកដល់ច្រាំងនៅប្រទេសអ៊ីតាលី។ អ្នកស្រីមិនអាចបញ្ជាក់បានទេ ថាតើត្រីបាឡែន ដែលត្រូវបានគេប្រទះឃើញចុងក្រោយនេះងាប់ដោយសារកាកសំណល់ប្លាស្ទីក ឬយ៉ាងណានោះទេ ប៉ុន្តែអ្នកស្រីថា គេមិនគួរមើលរំលងបញ្ហានេះទេ និងត្រូវតែចាត់វិធានការទប់ស្កាត់។
អ្នកស្រី Monti បានបន្ថែមទៀតថា «សមុទ្រកំពុងតែផ្ញើរសញ្ញាអាសន្នឲ្យយើង សុំអង្វរដល់យើងឲ្យជួយសង្គ្រោះ»។ នៅចុងខែឧសភានេះអង្គការ Greenpeace នឹងរៀបចំឲ្យមានការត្រួតពិនិត្យសំរាមនៅតាមឆ្នេរសមុទ្រ ជាពិសេសនៅតំបន់ឈូងសមុទ្រភាគខាងលិចប្រទេសអ៊ីតាលី។
គម្រោងជាច្រើនត្រូវបានផ្តួចផ្តើមនៅទូទាំងប្រទេសអ៊ីតាលី ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននៅតាមឆ្នេរសមុទ្រ។ នៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាននៅតាមកំពង់ផែនៅក្នុង ប្រទេសអ៊ីតាលី ឧបករណ៍ថ្មីមួយឈ្មោះថា Sea-Bin ធ្វើសកម្មភាព ២៤ម៉ោង និងអាចចាប់ប្លាស្ទិចបានជាង ១គីឡូកន្លះក្នុងមួយថ្ងៃ។
លោក Simone Molteni នាយកវិទ្យាសាស្រ្តនៃអង្គការ Lifegate បានពន្យល់ពីរបៀបធ្វើការរបស់ឧបករណ៍នេះ។ លោកបានថ្លែងថា «វាជាឧបករណ៍ចម្រោះ ដែលអាចត្រង់យកកម្ទេចប្លាស្ទីក និងសំរាមផ្សេងៗទៀតនៅក្នុងទឹកសមុទ្របានដល់ទៅ ២៥,០០០ (ពីរម៉ឺនប្រាំពាន់) លីត្រក្នុងមួយម៉ោង។ អ្វីដែលគេត្រូវធ្វើគឺបង្ការកុំឲ្យត្រីចូលទៅក្នុងឧបករណ៍ Sea-Binនេះ។ ក្នុងមួយឆ្នាំ គេអាចប្រមូលកាកសំណល់ប្លាស្ទិចបានកន្លះលានតោន»។
ស្របពេលដែលពួកអ្នករៀបចំយុទ្ធនាការជាច្រើនលើកឡើងថា នៅមានការងារច្រើនដែលត្រូវធ្វើ តំបន់រមណីយដ្ឋានទេសចរណ៍នានាបានចេញបម្រាមមិនឲ្យប្រើរបស់ធ្វើពីប្លាស្លីក និងបានចាប់ផ្តើមផាកពិន័យអ្នកដែលបំពានលើបម្រាមនេះ៕
ប្រែសម្រួលដោយ ធីម រចនា