តាមធម្មតាអ្នកស្រី អ៊ូ រ៉ានដើររើសអេតចាយនៅពេលព្រឹកនិងពេលល្ងាច ដើម្បីរកកម្រៃមកចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ការងាររើសអេតចាយដែលអ្នកស្រីនិងស្វាមីអ្នកស្រី ធ្វើរាល់ថ្ងៃនៅភាគខាងជើងក្រុងភ្នំពេញ អាចផ្តល់កម្រៃដល់អ្នកទាំងពីរ ៣៥០០០៛ ទៅ ៤០០០០៛ ក្នុងមួយថ្ងៃ។
ប៉ុន្តែ ឥឡូវនេះអ្នកស្រីមិនអាចរកបានសូម្បី ១០០០០៛ ពីរបររើសអេតចាយនេះ ដោយសារចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩មក ប្រភេទអេតចាយមួយចំនួនមិនមានអ្នកទិញហើយមួយចំនួនទៀតមានតម្លៃថោកខ្លាំងពេក។
«[ខ្ញុំ]បានអេតចាយដែរ ប៉ុន្តែទៅលក់គេអត់ទិញ។ ខ្ញុំទុកចោល [សន្ធឹក]។ ពិបាកណាស់ពៅអ៊ើយ គេអត់ទិញ[អេតចាយ]។ [ខ្ញុំ]ចេះតែរើសទុកៗមិនដឹងរកអី»។
អ្នកស្រីមិនមែនជាអ្នករើសអេតចាយតែម្នាក់គត់ ដែលប្រឈមនឹងការលំបាកនេះទេ។
អ្នករើសអេតចាយផ្សេងៗទៀតក៏ប្រឈមនឹងការខ្វះខាតចំណូលនេះដែរ ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នេះមក។
ប្រទេសវៀតណាមដែលជាទីផ្សារធំដែលទិញអេតចាយពីកម្ពុជា បានផ្អាកដំណើរការទិញអេតចាយពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលវៀតណាមចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ រដ្ឋាភិបាលវៀតណាមបានបិទព្រំដែនជាមួយប្រទេសជិតខាង ដែលរួមទាំងកម្ពុជាផង ហើយ ប្រទេសនេះបាននិងអនុវត្តគោលការណ៍នៅគម្លាតឆ្ងាយពីគ្នា។
លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ដល់អ្នកដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ចខ្លាំង ដូចជាអ្នកប្រកបរបររើសអេតចាយ។
«ឥឡូវនេះអ្នករើសអេតចាយរឹតតែធ្ងន់ធ្ងរជាងគេ។ អ្នករើសអេតចាយ កាលមុនគាត់រើសអេតចាយបានគាត់មានគេទិញលក់ទៅបាន។ ឥឡូវអត់មានអ្នកទិញអ្នកអី អ៊ីចឹងវាត្រូវគាំង»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា បើសិនជារដ្ឋមិនធ្វើអន្តរាគមន៍ឲ្យទាន់ពេលវេលាទេ អត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ»។
អ្នកស្រី អ៊ូ រ៉ានដែលមានវ័យ ៦០ ឆ្នាំប្រាប់វីអូអេនៅផ្ទះជួលទំហំបីម៉ែត្រការ៉េ ដែលមានតែដំបូលនោះថា អ្នកស្រីមិនមានវិធីអ្វីផ្សេងដើម្បីរកប្រាក់ចំណូលនោះទេ ក្រៅពីរបររើសអេតចាយ។
«រាល់ថ្ងៃរកឲ្យតែបានរស់ពីរនាក់តាយាយ។ បើឈឺ មិនដឹងបានអីមើលពៅអ៊ើយ។ អ៊ីចឹងបាននិយាយ។ ខ្ញុំចង់តែទឹកភ្នែក។ខ្ញុំខ្ចិល»។
ដោយសារតែមិនមានអ្នកទិញអេតចាយ ទើបធ្វើឲ្យតម្លៃទំនិញអេតចាយដូចជាដែកនិងកំប៉ុងដេរ៉ាជាដើម មានការធ្លាក់ចុះជាគំហុក។ ទំនិញផ្សេងទៀត ដូចជាក្រដាសកាតុង ជ័រ ដបទឹកសុទ្ធ ដែលភាគច្រើនត្រូវបានដឹកទៅវៀតណាម មិនមានហាំងឆេងនោះទេ។
អ្នកស្រី ភិន មុំ វ័យ ៤៩ឆ្នាំ ដែលប្រកបរបររើសអេតចាយអស់រយៈពេលប្រាំបីឆ្នាំមកហើយនោះប្រាប់វីអូអេថា៖ «[ក្រដាសកាតុង] ពីមុនបាន [មួយគីឡូក្រាម] ៥០០៛ ឥឡូវ៥០៛ គេអត់ទិញទៀត។ [ជ័រ]ពីមុនបាន [មួយគីឡូក្រាម] ៧០០៛ ឥឡូវគេអត់ទិញ»។
អ្នកស្រីបន្ថែមថា៖ «កំប៉ុងប៊ីយែរកាលពីមុនបានពី ៣៥០០ ទៅ៤០០០៛ ឥឡូវបានតែ២០០០៛។ ដែកបាន៣០០៛ កាលពីមុនបាន៧០០៛មួយគីឡូក្រាម»។
អ្នកស្រីថា អ្នកស្រីនិងអ្នកប្រកបរបររើសអេយចាយផ្សេងទៀតដែលនៅក្បែរគ្នា នៅតែបន្តរើសអេតចាយដើម្បីចិញ្ចឹមជីវិត បើទោះបីជាទំនិញអេតចាយ ដូចជាដែកនិងកំប៉ុងដេរ៉ា ចុះថ្លៃពាក់កណ្ដាលក៏ដោយ។
លោក ម៉ៅ ត្រាន វ័យ៤៤ ជាអ្នកទិញអេតចាយរយៈពេលប្រាំមួយឆ្នាំមកហើយ។ លោកថា ទីផ្សារធំរបស់លោកដែលទិញគ្រឿងអេតចាយ ដូចជាក្រដាសនិងជ័រនោះ គឺប្រទេសវៀតណាម។ លោកថា តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នេះមក មិនមានអ្នកទិញអេតចាយទៅប្រទេសវៀតណាមទៀតឡើយ។
«ខ្ញុំទិញចូលតែកំប៉ុងនិងដែកទេ។ វាមានតម្លៃទីផ្សារឡើងវិញ។ បើក្រៅពីនោះ វាអត់ទាន់ដឹងដូចជាជ័រហើយនឹងក្រដាសអីហ្នឹង វាអត់ទាន់មានហាំងឆេង»។
លោកបន្ថែមថា៖ «[ពីមុន] មួយថ្ងៃខ្ញុំទិញ [អេតចាយ] អស់មួយលានជាង ៥០ទៅ៦០ សិបម៉ឺន។ តាំងពីជំងឺនោះកើតមក ទិញអស់ធំណាស់ បួនទៅប្រាំម៉ឺន... ដប់ម៉ឺនអីអស់ហើយ»។
រដ្ឋាភិបាលត្រៀមលុយរហូតដល់ពីរកោដិដុល្លារ ដើម្បីត្រៀមដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ១៩។
លោក មាស សុខ សេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលផងដែរ បានប្រាប់វីអូអេថា ក្រសួងសុខាភិបាលត្រៀមថវិកា ៣៥០លានដុល្លារអាមេរិក ដើម្បីជួយដល់អ្នកដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ១៩។
លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញបានប្រាប់វីអូអេថា អាជ្ញាធរកំពុងតែជួយអ្នកដែលមានបញ្ហាប្រឈមនេះ។
«យើងបានរៀបចំ ប្រសិនណាបងប្អូនណាដែលដាច់ជីវភាពស្បៀងអាហារ គេមានរៀបចំតាមការណែនាំរបស់រដ្ឋាភិបាល»។
នៅពេលដែលវីអូអេសួរថា តើអ្នកដែលប្រឈមនឹងការខ្វះខាតទាំងនេះអាចទទួលយកជំនួយនេះនៅឯណានោះលោកបានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំចង់ជម្រាបប្រសាសន៍ឲ្យខ្លីថា នៅក្នុងរជ្ជកាលសម្តេចតេជោ មិនទុកឲ្យនរណាម្នាក់អត់បាយទេ។ អ៊ីចឹងអាជ្ញាធរធ្វើកិច្ចការងារនេះគ្រប់លំដាប់ថ្នាក់ហើយក្មួយស្រី។ អរគុណច្រើនណាស់»។
អ្នកស្រី អ៊ូ រ៉ានដែលប្រកបរបរជាអ្នករើសអេតចាយអស់រយៈពេល ៦ឆ្នាំនោះ និយាយថា អ្នកស្រីទទួលបានការឧបត្ថម្ភពីម្ចាស់ផ្ទះនិងអ្នកជិតខាងអ្នកស្រីនៅក្នុងគ្រាដ៏លំបាកនេះ។
«ពីម្សិល[ម្ចាស់ផ្ទះ]ឲ្យអង្ករប្រាំគីឡូក្រាម ឲ្យលុយមួយម៉ឺនរៀល ពេលខ្ញុំទៅយកចំណីមាន់»៕