កូឡាឡាំពួរ- រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសម៉ាឡេស៊ីបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសៅរ៍ម៉ោងនៅអាស៊ីដើម្បីចូលរួមជាមួយពួកមន្រ្តីរដ្ឋាភិបាលរបស់លោកដែលបានស្ថិតនៅទីនោះរួចហើយដើម្បីរៀបចំផែនការជួយស៊ើបអង្កេតការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជើងហោះហើរលេខ MH 17។
ម៉ាឡេស៊ីកំពុងសម្តែងនូវការភ្ញាក់ផ្អើល ព្រោះទីកន្លែងយន្តហោះដឹកអ្នកដំណើរមានដាក់ទង់ជាតិរបស់ខ្លួនដែលទំនងជាត្រូវគេបាញ់ទម្លាក់ដោយកាំជ្រួចមីស៊ីលនោះ មិនត្រូវបានការពារ ហើយសព និងភស្តុតាងសំខាន់ៗអាចត្រូវបំផ្លាញ។
ថ្លែងមុនពេលលោកចាកចេញទៅកាន់រដ្ឋធានីគាវ លោក Liow Tiong Lai រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានប្រាប់ពួកអ្នកយកព័ត៌មានថា រដ្ឋាភិបាលរបស់លោកមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីស្ថានភាពក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែននៅក្នុងទឹកដីដែលពួកឧទ្ទាមកាន់កាប់។
«ចំណាត់ការណាមួយ ដែលរារាំងយើងមិនឲ្យបានដឹងការណ៍ពិតអំពីអ្វីដែលបានកើតមានឡើងដល់យន្តហោះលេខ MH 17 នេះ មិនអាចអត់ឱនបានឡើយ។ ការខកខានមិនបញ្ឈប់ការជ្រៀតជ្រែកបែបនេះនឹងក្លាយជាការក្បត់ដល់ជីវិតដែលបានបាត់បង់»។
លោក Liow និយាយថា ប្រសិនបើពួកឧទ្ទាមមិនអនុញ្ញាតឲ្យម៉ាឡេស៊ីចូលកន្លែងធ្លាក់យន្តហោះ នោះការសម្រេចនេះគឺជាអំពើអមនុស្សធម៌។
មន្រ្តីម្នាក់របស់ម៉ាឡេស៊ីនិយាយថា រដ្ឋាភិបាលរបស់លោកកំពុងសុំឲ្យអង្គការសហប្រជាជាតិរៀបចំការឈប់បាញ់គ្នា ហើយកំពុងអំពាវនាវដល់រដ្ឋាភិបាលអ៊ុយក្រែនចរចាជាមួយពួកឧទ្ទាមដើម្បីរៀបចំរបៀងសុវត្ថិភាពក្នុងតំបន់ដែលមានជម្លោះ។
«របៀងសុវត្ថិភាពត្រូវតែធ្វើជាបន្ទាន់។ វាត្រូវធ្វើឲ្យបានរហ័ស ដើម្បីឲ្យយើងអាចយកសាកសពមនុស្សឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។
នៅឯកសិដ្ឋានដែលជើងហោះហើយលេខMH១៧បានធ្លាក់នោះ។
ពួកមន្រ្តីអ៊ុយក្រែនចោទប្រកាន់ថា សាកសពរាប់សិបបានត្រូវយកទៅកាន់កន្លែងដាក់សពក្នុងទីក្រុង Donetsk ជាទីក្រុងដែលត្រួតត្រាដោយពួកបះបោរ ហើយ ការវះសពពិនិត្យ បានត្រូវធ្វើដោយពួកអ្នកឯកទេស ដែលនិយាយមានសំឡេងដូចជារុស្ស៊ី។
កាលពីថ្ងៃសៅរ៍ ពួកអ្នកយកព័ត៌មានក្នុងតំបន់នោះ និយាយថា ពួកឧទ្ទាមប្រដាប់អាវុធបានបាញ់ព្រមានដើម្បីរារាំងមិនឲ្យពួកអ្នកកាសែតទៅដល់កន្លែងយន្តហោះធ្លាក់។
អ៊ុយក្រែននិងសហរដ្ឋអាមេរិកនិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ពួកឧទ្ទាមបានបាញ់កាំជ្រួចមីស៊ីលពីដីទៅអាកាស ត្រូវចំយន្តហោះម៉ាក្ស Boeing 777 ហើយបានសម្លាប់អ្នកដំណើរទាំងអស់២៩៨នាក់ដែលជិះយន្តហោះនោះ។
យន្តហោះនោះ បានហោះពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur។
ចំពោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី វាជាគ្រោះថ្នាក់យ៉ាងធំនៅឆ្នាំនេះ ហើយបានចោទជាសំណួរថា តើក្រុមហ៊ុនយន្តហោះនោះអាចនៅបន្តប្រតិបត្តិការដែរឬទេ។
គេនៅមិនទាន់រកឃើញយន្តហោះលេខ MH 370 ដែលបានបាត់កាលពីថ្ងៃទី៨ ខែមិនា នៅពេលហោះចេញពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំងនោះទេ ថ្វីបើ មានការរុករកពហុជាតិក្នុងផ្ទៃទឹកប្រទេសអូស្រ្តាលី បន្ទាប់ពីវាហោះចេញពីផ្លូវហោះហើរ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន