មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសម៉ាឡេស៊ីលោក Anwar Ibrahim បាននិយាយនៅថ្ងៃពុធនេះ ថា លោកមានគាំទ្រ «ខ្លាំង» ពីសមាជិករដ្ឋសភា និងកំពុងស្នើសុំចូលគាល់ព្រះមហាក្សត្រដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
ប្រទេសម៉ាឡេស៊ីស្ថិតក្នុងភាពចលាចល ចាប់តាំងពីការចូលកាន់អំណាចរបស់ក្រុមសម្ព័ន្ធមិត្ត [គណបក្សប្រឆាំង] ក្នុងឆ្នាំ ២០១៨ មក។ ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយលោក Mahathir Mohamad និងរួមទាំងលោក Anwar ផងដែរនេះ ត្រូវបានបែកបាក់គ្នាកាលពីខែកុម្ភៈដោយសារជម្លោះផ្ទៃក្នុងដ៏ជូរចត់។
បច្ចុប្បន្ននេះ លោក Muhyiddin Yassin បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៅខែមីនា បន្ទាប់ពីទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋសភា ក្រោយពីលោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានលាលែងពីតំណែង។ អ្នកប្រឆាំងនឹងលោកបានចោទប្រកាន់លោកថាបានក្ដោបក្ដាប់អំណាចនេះដោយការបង្វែរសម្ព័ន្ធភាព ជាជាងការទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងគូឡាឡាំពួ អ្នកនយោបាយជើងចាស់លោក Anwar ដែលមានបំណងចង់ក្លាយជានាយករដ្ឋមន្ត្រីជាយូរមកហើយនេះ បាននិយាយថា ឥឡូវនេះលោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិករដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងបណ្ដេញលោក Muhyiddin ចេញពីតំណែង។
លោក Anwar ថា៖ «សរុបសេចក្ដីមក យើងមានសំឡេងភាគច្រើនដ៏រឹងមាំមួយ»។ លោកបន្ថែមថា៖ «រដ្ឋាភិបាលដែលដឹកនាំដោយលោក Muhyiddin Yassin បានបរាជ័យ»។
គេមិនទាន់ឃើញមានការបញ្ចេញមតិណាមួយភ្លាមៗពីលោក Muhyiddin នៅឡើយទេ៕