Tisungane Lawrence ទៅសាលាដោយក្រពះទទេរ។ គ្រួសាររបស់គេ ប្រមូលផលពោតមិនសូវល្អទេក្នុងឆ្នាំនេះ។
លោកយាយ Alina Paulo ជាជីដូនរបស់គេ ស្វែងរកកសិផលដែលអាចប្រមូលពីដីចំការរបស់គាត់បាន។
លោកយាយនិយាយថា ៖ «នៅទីនេះ យើងគ្មានអាហារគ្រប់គ្រាន់ ហើយក្មេងៗទៅសាលាដោយមិនបានញ៉ាំអាហារពេលព្រឹក។ គ្រោះទឹកជំនន់កើតឡើងក្រោយពេលមានគ្រោះរាំងស្ងួត ហើយវាបានប៉ះពាល់ដល់កសិផល»។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) របស់អង្គការសហប្រជាជាតិបានណែនាំគម្រោងកម្មវិធីឧបត្ថម្ភអាហារតាមសាលាតាំងពី១៥ឆ្នាំមុន។ សិស្សានុសិស្សសាលាបឋមសិក្សាជាងមួយលាននាក់បានទទួលផលប្រយោជន៍ពីកម្មវិធីនេះ។
នៅសាលារបស់ Tisungane ស្ត្រីមួយក្រុមកំពុងរៀបចំអាហារសម្រាប់សិស្ស ដោយរាប់បញ្ចូលទាំងបបរពេលព្រឹក។ ដោយញ៉ាំអាហារជាមួយមិត្តភក្តិរបស់គេ Tisungane និយាយថា «ឲ្យតែខ្ញុំញ៉ាំបបរនៅទីនេះ ខ្ញុំមានកម្លាំងឡើងវិញ ហើយខ្ញុំអាចប្រមូលអារម្មណ៍ស្តាប់ការបង្រៀនរបស់លោកគ្រូនៅក្នុងថ្នាក់»។
ទោះបីជាក្នុងឆ្នាំដែលមានស្ថានភាពល្អ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និយាយថា កម្មវិធីឧបត្ថម្ភអាហារតាមសាលាគឺជាកញ្ចប់ជំនួយទ្រទ្រង់សម្រាប់គ្រួសារនៅរដូវដែលត្រូវការជំនួយអាហារ។
យោងតាមលោកស្រី Coco Ushiyama អ្នកតំណាងនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសម៉ាឡាវីបាននិយាយថា ជាមួយនឹងវិបត្តិដែលកំពុងកើតមានឡើង កម្មវិធីនេះជាការសំខាន់ណាស់។
លោកស្រី Coco Ushiyama និយាយថា ៖ «យើងគួរតែពង្រីកទ្រង់ទ្រាយកម្មវិធីឧបត្ថម្ភអាហារតាមសាលាលើកនេះ។ ប៉ុន្តែគួរឲ្យសោកស្តាយ ចំនួនថវិកាឧបត្ថម្ភ គឺជាឧបសគ្គដ៏ធំមួយ។ ដូចនេះ ពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក»។
លោកស្រី Ushiyama និយាយថា កម្មវិធីឧបត្ថម្ភអាហារតាមសាលាបានជួយឃាត់មាតាបិតាសិស្សពីការបញ្ឈប់កូនឲ្យទៅរៀន នៅពេលដែលអាហារ និងថវិកាមិនគ្រប់គ្រាន់។
«ពួកគេមិនត្រឹមតែសិក្សាទេ។ ពួកគេទទួលបានអាហារមានជីវជាតិ ហើយពួកគេអាចជៀសចេញពីមធ្យោបាយដោះស្រាយដោយអវិជ្ជមាន ដែលយើងបានដឹងថា កើតឡើងតាមរយៈការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានគភ៌»។
ចាប់ពីពេលនេះតទៅ Tisungane និងបងប្អូនជីដូនមួយចំនួន៧នាក់របស់គេនឹងស្នាក់នៅសាលា ស្របពេលដែលជីដូនរបស់គេតស៊ូទ្រទ្រង់ជីវភាពនៅផ្ទះ៕
ប្រែសម្រួលដោយ វិញ សុជាតា