ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ម៉ាឡាវី ​ការពារ​គំនិត​នៃ​ការ​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​នេះ


រូប​ឯកសារ៖ កសិករជា​លក្ខណៈ​ចិញ្ចឹម​ក្រពះ​​ម្នាក់ ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ពោត​នៅ​​ជិត​រដ្ឋធានី​លីឡុងវ៉េ ​ប្រទេស​ម៉ាឡាវី ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។
រូប​ឯកសារ៖ កសិករជា​លក្ខណៈ​ចិញ្ចឹម​ក្រពះ​​ម្នាក់ ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ពោត​នៅ​​ជិត​រដ្ឋធានី​លីឡុងវ៉េ ​ប្រទេស​ម៉ាឡាវី ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។

ប្រធានាធិបតី​ម៉ាឡាវី​លោក Lazarus Chakwera បាន​អំពាវនាវ​ឱ្យ​ប្រទេស​នេះ ​ផ្លាស់ប្តូរ​ពី​ការធ្វើ​កសិកម្ម​ដែល​ភាគច្រើន​ជា​លក្ខណៈ​ចិញ្ចឹម​ក្រពះ​ ទៅ​ជា​ការធ្វើ​កសិកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វិញ។ លោក​បាន​ថ្លែង​ថា ការ​ផ្លាស់ប្តូរ​នេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ឈាន​ដល់​គោលដៅ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ មាន​ស្បៀង​អាហារ​គ្រប់គ្រាន់​នៅ​ត្រឹម​ឆ្នាំ​២០៣០។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី កសិករ​មិន​មាន​ភាព​ជឿជាក់​លើការ​អំពាវនាវ​នេះ​ទេ។

​ក្នុង​ពេល​បើក​ពិព័រណ៍​កសិកម្ម​ជាតិ​នៅ​ក្នុង​ក្រុង Blantyre លោក​ប្រធានាធិបតី Lazarus Chakwera បាន​ថ្លែង​ថា លោក​មាន​ការ​បារម្ភ​ថា កសិករ​ចំនួន ៨០% ក្នុង​ប្រទេស​ម៉ាឡាវី​ជា​កសិករ​តូចតាច ខណៈ​ដែល​ប្រទេស​នេះ​ មាន​ធនធាន​ច្រើន​ដែល​អាច​ផ្លាស់ប្តូរ​ទៅ​ជា​ប្រទេស​មាន​កសិកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម។

លោក Lazarus Chakwera បាន​ថ្លែង​ថា៖ «វិស័យ​នេះ ​ជា​វិស័យ​ដែល​បង្កើត​ការងារ​ឱ្យ​យើង​បាន​ច្រើន​បំផុត។ វិស័យ​នេះ​ ជា​វិស័យ​ដែល​ជួយជំរុញខ្លាំង​ដល់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​យើង។ វិស័យ​នេះ​ ហើយ​ជួយ​ដល់​កំណើន​ការ​នាំចេញ​និង​ចំណូល​ពី​ការ​ជួញដូរ​រូបិយប័ណ្ណ​បរទេស (forex) របស់​យើង។ វិស័យ​នេះ​ នឹង​ផ្តល់​ឱ្យ​យើង​នូវ​សមត្ថភាព​ក្នុង​ការ​ធ្វើ​សេដ្ឋកិច្ច​ចម្រុះ​របស់​យើង ​និង​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​ភាព​រឹងមាំ​និង​ចិរភាព​ជាង​មុន»។

លោក Chakwera បាន​ថ្លែង​ថា នៅ​ពេល​មាន​កសិករ​កាន់​តែ​ច្រើន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ និង​បន្ថែម​គុណតម្លៃ​ទៅ​លើ​ផលិតផល​របស់​ខ្លួន ពួកគេ​នឹង​ទទួល​បាន​កំណើន​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន។

លោក​ប្រធានាធិបតី​បាន​បន្ថែម​ទៀត​ថា ការ​សង្កត់ធ្ងន់​របស់​លោក​វិស័យ​កសិកម្ម​មិន​មាន​ន័យ​ថា លោក​មិន​ចង់​ឱ្យ​ប្រទេស​ម៉ាឡាវី​រីកចម្រើន​លូតលាស់​ចេញ​ពី​វិស័យ​ទេសចរណ៍ រុករក​រ៉ែ និង​ទូរគមនាគមន៍​នោះ​ទេ។ លោក​ប្រធានាធិបតី​ បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «វា​គ្រាន់​តែ​ថា នៅ​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​យើង​នៅ​ពេល​នេះ ការ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​ជោគជ័យ​ជា​គ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​យើង។ លើក​ក្រោយ​នៅ​ពេល​អ្នក​ឮ​អ្នក​ណា​ម្នាក់​សរសើរ​ពី​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក សូម​ប្រាប់​ពួកគេ​ថា ផ្នែក​ដ៏​ធំ​មួយ​ដែល​អាច​រក្សា​សេដ្ឋកិច្ច​របស់​ពួកគេ​ឱ្យ​ខ្លាំងក្លា​បាន និង​ជួយ​ដល់​ពិពិធកម្ម​នោះ ​គឺ​កសិកម្ម»។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា សហរដ្ឋ​អាមេរិក ​ជា​ប្រទេស​ផលិត​ពោត​ធំ​ជាង​គេ ផលិត​សណ្តែក​សៀង​ធំ​ជាង​គេ​ទី២ និង​ផលិត​ស្រូវ​សាលី​ធំ​ជាង​គេ​ទី៤​ នៅ​ក្នុង​ពិភពលោក។

លោក Chakwera បាន​ថ្លែង​ថា ម៉ាឡាវី​កំពុង​ប្រឹងប្រែង​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម។ លោក​ថា កិច្ចប្រឹងប្រែង​ទាំង​នោះ​ រួម​ទាំង​ការ​សង្កត់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្លាស់ប្តូរ​ពី​កសិកម្ម​ពឹងផ្អែក​ខ្លាំង​លើ​ទឹក​ភ្លៀង​មក​ជា​កសិកម្ម​ជា​លក្ខណៈ​ធារាសាស្ត្រ។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ទៀត​ថា៖ «ជា​ឧទាហរណ៍ នៅ​ក្នុង​ថវិកា​ជាតិ​ឆ្នាំ​២០២១/២០២២ ​ពន្ធ​នាំ​ចូល​លើ​ម៉ាស៊ីន​កសិកម្ម​ត្រូវ​បាន​លើកលែង​ដើម្បី​ធ្វើ​ឱ្យ​បរិក្ខារ​ធារាសាស្ត្រ​កាន់​តែ​មាន​តម្លៃ​ទាប​ និង​អាច​រក​ទិញ​បាន។ ជា​ការ​ពិត ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ទាំង​មូល​របស់​ប្រទេស​យើង​ រុញច្រាន​ដោយ​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នា​ពេល​អនាគត​របស់​យើង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី កសិករ​មិន​ទាន់​ជឿជាក់​លើ​ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​នោះ​ទេ។ លោក Masauko Kabapha ជា​ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​ឈ្មោះ Chimwemwe នៅ​ក្នុង​ស្រុក Kasungu ប្រទេស​ម៉ាឡាវី។

លោក​ថា កសិកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ម៉ាឡាវី​អាច​ធ្វើ​ទៅ​បាន ទាល់​តែ​ធនាគារ​មាន​ភាព​បត់បែន​ជាមួយ​នឹង​កសិករ​ជាង​នេះ។ លោក Kabapha បាន​និយាយ​ទៀត​ថា៖ កសិកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយសារ​តែ​បរិក្ខារ និង​ម៉ាស៊ីន​ធ្វើ​កសិកម្ម​មាន​តម្លៃ​ថ្លៃ​ហួសហេតុ​សម្រាប់​កសិករ​តូចតាច ហើយ​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​ក៏​មាន​ការ​លំបាក​ដែរ​ដោយសារ​តែ​ធនាគារ​ជា​ទូទៅ​ទាមទារ​ទ្រព្យ​ធានា ដែល​កសិករ​ភាគច្រើន​មិន​អាច​រក​បាន។

លោក Kabapha បាន​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​រឹតត្បិត​ធនាគារ​ពាណិជ្ជ​ពី​ការ​ទាមទារ​ទ្រព្យ​ធានា។

លោក​ក៏​និយាយ​ផង​ដែរ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ បាន​លើក​លែង​ពន្ធ​គយ​នាំ​ចូល​លើ​ម៉ាស៊ីន​សម្រាប់​កសិកម្ម​ជា​លក្ខណៈ​ធារាសាស្ត្រ​ក្តី តំបន់​ជាច្រើន​ក្នុង​ប្រទេស​ម៉ាឡាវី​នៅ​តែ​ខ្វះ​បរិក្ខារ​សំខាន់ៗ។ លោក​ថា ទំនប់​ទឹក និង​អាង​ស្តុក​ទឹក​ភាគច្រើន​ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​គោលបំណង​នេះ ​មិន​ដំណើរការ​ និង​ត្រូវ​ធ្វើ​ការស្តារ​ឡើង​វិញ៕

ប្រែសម្រួល​ដោយលោក ​ជឹង ប៉ូជីន

XS
SM
MD
LG