ក្រុមមន្ត្រីសង្គ្រោះបន្ទាន់នៅក្នុងទីក្រុង Baltimore នៃរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកបានទៅដល់កន្លែងកើតហេតុនៃការបាក់ស្ពានដ៏សំខាន់មួយរបស់ទីក្រុងនេះ។
វីដេអូឃ្លីបដែលត្រូវបានថតដោយទូរស័ព្ទដៃបង្ហាញពីផ្នែកមួយចំនួននៃស្ពាន Francis Scott Key Bridge ធ្លាក់ចូលទៅក្នុងទឹក បន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងបានបុកសសរស្ពានមួយ នៅវេលាម៉ោងប្រមាណ៥:៣០ម៉ោងសាកលត្រូវជាម៉ោង១:៣០នាទីព្រឹកថ្ងៃអង្គារ។
ក្រុមអាជ្ញាធរនិយាយថា មានរថយន្តមួយចំនួនបានស្ថិតនៅលើស្ពាននោះ ពេលហេតុការណ៍នាវាបុកសសរស្ពាននេះកើតឡើង។ មន្ត្រីជួយសង្គ្រោះនៃទីក្រុងBaltimoreនិយាយថា គេកំពុងរុករកនិងជួយសង្គ្រោះមនុស្ស៧នាក់ដែលគេជឿថាបានធ្លាក់ចូលក្នុងទឹក។
កាសែត The Washington Post បានរាយការណ៍ថា នាវាដែលផ្ទុកកុងទីន័រនោះឈ្មោះ Dali និងប្រើទង់ជាតិប្រទេសសិង្ហបុរី។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Synergy Marine Corp ដែលជាអ្នកគ្រប់គ្រងនាវានេះនិយាយថា នាវានេះបានបុកនឹងសសរស្ពានមួយ ហើយក្រុមនាហ្វឹកទាំងអស់ ដែលរួមមានទាំងអ្នកបើកនាវា២នាក់ផង បានរួចផុតពីគ្រោះថ្នាក់ និងមិនមានរបាយការណ៍នៃការរងរបួសណាមួយឡើយ។
ស្ពាននេះដែលមានប្រវែង២.៥០០ម៉ែត្រនិងមានអាយុកាល៤៧ឆ្នាំ ជាស្ពានដែលតភ្ជាប់ដ៏សំខាន់មួយទៅផ្លូវហាយវ៉េដែលព័ទ្ធជុំវិញទីក្រុង Baltimore និងជាកំពង់ផែដ៏ធំបំផុតមួយដែរនៅក្នុងសហរដ្ឋអាមេរិក៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP និង Reuters។