ការកាត់ទោសលោក ថំម៉ាស លូបាងហ្គា(Thomas Lubanga)កាលពីថ្ងៃពុធ នៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្តីពីបទចោទប្រកាន់ចំពោះការកេណ្ឌទាហានកុមារ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) គឺជាពេលវេលាប្រវត្តិសាស្រ្តមួយសម្រាប់ស្ថាប័ននេះ។ នេះ ជាការកាត់ទោសប្រកបដោយភាពជោគជ័យលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្តរយៈពេល១០ឆ្នាំរបស់តុលាការនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា តុលាការ ICC នៅតែមានចំណុចខ្វះខាតយ៉ាងច្រើន ដើម្បីក្លាយទៅជាតុលាការយុត្តិធម៌អន្តរជាតិពិតប្រាកដមួយ។
ក្នុងនាមជាអគ្គរដ្ឋអាជ្ញា លោក ល្វីស ម៉ូរេណូ អូកាំប៉ូ (Luis Moreno-Ocampo) បានក្លាយជាមុខមាត់នៅលើសកលលោករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុង ឡាអេ (Hague)។ ការកាត់សេចក្តីលោក ថំម៉ាស លូបាងហ្គា ដែលជាការកាត់ទោសលើកទីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់តុលាការនេះ បានក្លាយជាពេលវេលាដ៏អស្ចារ្យមួយ សម្រាប់មេធាវីជាតិ អាហ្សង់ទីន (Argentine) រូបនេះ។
«តុលាការអន្តរជាតិនេះ បានស៊ើបអង្កេតទៅលើការឈឺចាប់របស់សមាជិកនៃមនុស្សជាតិមួយចំនួន ដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុត មានដូចជាកុមារនៅក្នុងតំបន់សង្រ្គាម។ តុលាការបានផ្តល់នូវការកាត់សេចក្តីប្រកបដោយយុត្តិធម៌សម្រាប់ជនសង្ស័យ ហើយបានកាត់ទោសលោក។ ការកាត់សេចក្តីនេះ គឺជាជោគជ័យមួយសម្រាប់មនុស្សជាតិ»។
បទចោទប្រកាន់នៅក្នុងការកាត់សេចក្តី លូបាងហ្គា ផ្អែកទាំងស្រុងទៅលើការប្រើប្រាស់ទាហានកុមារ។
លោក ហ្វីល ក្លាក (Phil Clark) អ្នកវិភាគស្តីពីតុលាការ ICC នៃសាកលវិទ្យាល័យ ឡុងដុង (London University) និយាយថា វិសាលភាពនិងដែនឥទ្ធិពលរបស់តុលាការនេះ នៅមានកម្រិតនៅឡើយ។
«ខ្ញុំគិតថា មានភាពមន្ទិលសង្ស័យកាន់តែខ្លាំងឡើងស្តីពីថាតើតុលាការ ICC អាចផ្លាស់ប្តូរឥទ្ធិពលនៃជម្លោះនៅនឹងកន្លែងដែរឬទេ។ ខ្ញុំគិតថា មានអារម្មណ៍ថា តុលាការនេះ ជាស្ថាប័នដែលស្ថិតនៅដាច់ឆ្ងាយ។ តុលាការនេះ មានមូលដ្ឋាននៅក្នុងទីក្រុង ឡាអេ ហើយគ្មានទំនាក់ទំនងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅនឹងកន្លែងទេ។»
ក្រៅពីសំណុំរឿងក្តីនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ រដ្ឋអាជ្ញារបស់តុលាការ ICC បានបើកការស៊ើបអង្កេតទៅលើហេតុការណ៍ចំនួន៧កន្លែងផ្សេងទៀត នៅទ្វីបអាហ្វ្រិក។
នៅក្នុងចំណោមហេតុការណ៍ទាំងនោះ មានការស៊ើបអង្កេតទៅលើ កងទ័ពតស៊ូព្រះជាម្ចាស់ (Lord’s Resistance Army) ដែលមានដើមកំណើតចេញពីប្រទេស អ៊ុយហ្គាន់ដា (Uganda)។ មេដឹកនាំរបស់ក្រុមនេះ ឈ្មោះលោក ចូស្សែប កូនី (Joseph Kony) ក៏ត្រូវបានចោទប្រកាន់ពីបទការកេណ្ឌទាហានកុមាររាប់ម៉ឺននាក់ដោយបង្ខំដែរ។
លោក កូនី ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មាននៅទូទាំងពិភពលោក កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីខ្សែវីដេអូមួយដែលត្រូវបានផលិតឡើងដោយក្រុមតស៊ូមតិ ឈ្មោះថា កុមារអាថ៌កំបាំង ឬហៅជាភាសាអង់គ្លេសថា Invisible Children ដែលបានគូសបញ្ជាក់ពីបទចោទប្រកាន់ប្រឆាំងទៅនឹងរូបលោក ត្រូវបានផ្សព្វផ្សាយពាសពេញប្រព័ន្ធអ៊ីនធឺណិត។
ប៉ុន្តែ អ្នកវិភាគ ហ្វីល ក្លាក មានប្រសាសន៍ថា តុលាការនេះ មិនស៊ីសង្វាក់ជាមួយនឹងគោលដៅរបស់ខ្លួនសោះ។
«កាលពីពេលថ្មីៗនេះ ឧទាហរណ៍ដ៏ល្អក្នុងរឿងនេះ គឺថាតុលាការ ICC មិនបានជួយអ្វីទាំងអស់ ខណៈដែលរដ្ឋាភិបាល អ៊ុយហ្គាន់ដា បានបាញ់រះលើជនស៊ីវិលរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន។ នេះជាឧទាហរណ៍ស្តីពីប្រទេសមួយ ដែលតុលាការ ICC បានធ្វើការអស់រយៈពេលជាយូរមកហើយ ដែលគ្មានការផ្លាស់ប្តូរអ្វីសោះ នៅក្នុងជម្លោះនេះទេ។»
សមាជិកអចិន្រ្តៃយ៍ចំនួនបី របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានដូចជា សហរដ្ឋអាមេរិក(US) រុស្សី (Russia) និងចិន (China) បានបដិសេធមិនព្រមចុះហត្ថលេខាជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយបានលើកឡើងអំពីការព្រួយបារម្ភពីការចោទប្រកាន់ដោយសារបុព្វហេតុនយោបាយ។
លោក ក្លាក និយាយថា លោក អូកាំប៉ូ រដ្ឋអាជ្ញានៃតុលាការ ICC កំពុងកសាងទំនាក់ទំនងយ៉ាងកក់ក្តៅ ជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។
«លោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យមានការស៊ើបអង្កេត នៅក្នុងតំបន់ ដាហ្វ័រ (Darfur) ហើយនាពេលថ្មីៗនេះនៅក្នុងប្រទេស លីប៊ី (Libya)ទៀត ដែលបង្ហាញថា សហរដ្ឋអាមេរិកប្រហែលជាកំពុងតែចាប់អារម្មណ៍លើតុលាការ ICC។ ប៉ុន្តែ វាលុះណាតែមហាអំណាចធំៗទាំងនោះយល់ព្រមចូលរួម ហើយមានឆន្ទៈក្នុងការដាក់ឱ្យបុគ្គលិករបស់ខ្លួនទទួលការកាត់ទោសដែរ ទើបយើងអាចផ្តល់ទឡ្ហីករណ៍ថា តុលាការនេះបានក្លាយទៅជាស្ថាប័នសកលដ៏ពិតប្រាកដមួយ»។
លោក អូកាំប៉ូ នឹងចេញពីមុខដំណែងនៅខែមិថុនា ដែលនឹងត្រូវជំនួសដោយ លោកស្រី ហ្វាទូ បែនស៊ូដា (Fatou Bensouda) នៃប្រទេស ហ្គាមបៀ (Gambia)។ នេះ ជាលើកទីមួយហើយ ដែលជនជាតិអាហ្រ្វិកមួយរូបនឹងកាន់ការងារជាអគ្គរដ្ឋអាជ្ញា៕
ប្រែសម្រួលដោយ ឌី ខាំបូលី