ខណៈពលរដ្ឋមួយចំនួនបារម្ភពីការឆ្លងវីរុសកូរ៉ូណា នៅសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ មន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា តំបន់នេះមាន «ហានិភ័យឆ្លងទាប» ក្រោយក្រសួងបានយកប្តីប្រពន្ធពីរនាក់ដែលផ្ទុកវីរុសកូរ៉ូណាទៅព្យាបាល និងយកអ្នកពាក់ព័ន្ធមួយចំនួនទៀត ទៅធ្វើតេស្តរកមេរោគ។
កាលពីថ្ងៃទី១២ ខែមេសា ក្រសួងសុខាភិបាលបានប្រកាសថា ប្តីប្រពន្ធពីរនាក់ ប្រពន្ធជាជនជាតិវៀតណាមនិងប្តីជាជនជាតិកាណាដា ដែលស្នាក់នៅក្នុងបន្ទប់អាផាតមិនមួយ នៅក្នុងសង្កាត់បឹងកេងកងទី១ មានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ VO Aនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងបានធ្វើតេស្តអ្នកពាក់ព័ន្ធមួយចំនួនទៀត ប៉ុន្តែលោកមិនអាចបញ្ជាក់ថា មានចំនួនប៉ុន្មាននោះទេ។ លោកបន្ថែមថា ស្ថានភាពនៅសង្កាត់បឹងកេងកងទី១ រហូតមកដល់ពេលនេះ មាន«ហានិភ័យទាប» ដោយសារមិនទាន់មានករណីវិជ្ជមានលើអ្នកពាក់ព័ន្ធណាម្នាក់នៅឡើយ។
«យើងបានយកអ្នកជំងឺហ្នឹង យកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែអស់ហើយ ពីរនាក់ហ្នឹងប្តីប្រពន្ធរបស់គាត់ហ្នឹង។ ហើយអ្នកប៉ះពាល់ទាំងអស់ ក៏យើងបានយកមកធ្វើតេស្តហើយរហូតមកដល់ពេលនេះ។ អ្នកខ្លះក៏បានលទ្ធផលអវិជ្ជមាន ហើយអ្នកខ្លះទៀតរង់ចាំលទ្ធផល ហើយពួកគាត់គ្មានពីណាគេមានរោគសញ្ញាអីទេ។ អ៊ីចឹងហានិភ័យទាបណាស់នៅតំបន់នោះ»។
លោកបន្ថែមថា បើទោះហានិភ័យទាប លោកនៅតែជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទាំងនៅសង្កាត់បឹងកេងកងទី១ និងនៅទូទាំងប្រទេស រក្សាអនាម័យ រក្សាគម្លាត និងកុំចេញក្រៅផ្ទះ បើមិនចាំបាច់។
លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកងទី១ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា អ្នកពាក់ព័ន្ធចំនួន ២៨នាក់ ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីជនបរទេស២នាក់ក្នុងអាផាតមិននោះ រកឃើញថាមានផ្ទុកមេរោគសួតប្រភេទថ្មីនេះ។
«បុគ្គលិកនៅធ្វើការក្នុងហ្នឹង អ្នកបោសសម្អាត និងអ្នកដែលមើលថែក្នុងហ្នឹង អ្នកទទួលខុសត្រូវក្នុងហ្នឹងមេការអី គេយកទៅធ្វើតេស្តអស់ហើយ អត់មានឆ្លងទេ»។
ចៅសង្កាត់បឹងកេងកងទី១រូបនេះ បន្ថែមថា ក្រសួងក៏បានបាញ់ថ្នាំសម្លាប់មេរោគ នៅសង្កាត់បឹងកេងកងទី១ផងដែរ។
ក្រសួងអប់រំ កាលពីថ្ងៃច័ន្ទ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ក្រសួង ដោយណែនាំមន្រ្តីក្រសួងអប់រំ និងសិស្សានុសិស្ស ប្រុងប្រយ័ត្ននិងចៀសវាងការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធសង្កាត់បឹងកេងកងទី១ សិន។ ប៉ុន្តែក្រោយមកសារនោះត្រូវបានលុបចេញវិញ ដោយមិនដឹងមូលហេតុ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងអ្នកនាំពាក្យលោក រស់ សុវាចារ និងលោក ឌី ខាំបូលី បានទេ។
ការប្រកាសរបស់ក្រសួងសុខាភិបាលអំពីការឆ្លង និងសាររបស់ក្រសួងអប់រំ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅម្តុំសង្កាត់បឹងកេងកងទី ១បានបង្ហាញការព្រួយបារម្ភ។
លោក សាមុត ប៊ុនធឿន សន្តិសុខយាមឱសថស្ថាន ដែលមានចម្ងាយប្រមាណជា ២០០ម៉ែត្រពីអាផាតមិនដែលប្តីប្រពន្ធបរទេសពីរនាក់នោះស្នាក់នៅ បានមានប្រសាសន៍ថា នៅម៉ោងប្រមាណជា៣រសៀល ថ្ងៃទី១៣ ខែមេសា លោកឃើញមានឡានពេទ្យមកដឹកយកអ្នកជំងឺ និងមានអ្នកបាញ់ថ្នាំសម្លាប់មេរោគនៅអាផាតមិននោះ។ បុរសជាបុគ្គលិកសន្តិសុខ វ័យ២៩ឆ្នាំរូបនេះ បន្ថែមថា ក្រោយមានករណីឆ្លងជំងឺកូវីដ១៩ នៅសង្កាត់បឹងកេងកង លោកបង្កើនការការពារបន្ថែមទៀត។
«ព្រឹកឡើងយើងងូតទឹកឲ្យស្អាតអីអ៊ីចឹងទៅ។ យើងត្រូវលាងដៃនឹងសាប៊ូឲ្យស្អាត ណាមួយយើងងូតទឹកដុសសាប៊ូឲ្យស្អាត។ គេប្រាប់យើងអ៊ីចឹងឲ្យយើងលាងជាមួយអាល់កុលឲ្យស្អាត»។
ថ្លែងដោយសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភពីសុវត្ថិភាព អ្នកលក់ផ្លែឈើម្នាក់ក្នុងផ្សារបឹងកេងកងមានប្រសាសន៍ថា អ្នកស្រីមានការព្រួយបារម្ភខ្លាំង និងបង្កើនការការពារជាងមុនបន្ទាប់ពីឮថា មានអ្នកឆ្លងនៅសង្កាត់បឹងកេងកងទី១។
«ខ្ញុំភ័យបានដេកអត់លក់ហ្នឹង។ ណាកូន ណាមួយគេថាអ្នកនៅក្នុងផ្សារហ្នឹងកើតតែម្តង។ តាមពិតអ្នកនៅក្នុងផ្សារសួរទៅ អត់មានអ្នកណាដឹងអីទាំងអស់។ យើងប្រុងប្រយ័ត្នទៅ។ យើងមានទឹកអាល់កុលអីបាញ់ដែរ។ យើងអ្នកលក់យើងត្រូវតែត្រៀម។ ត្រៀមអាល់កុល ត្រៀមម៉ាសអីអ៊ីចឹងទៅហើយ ពេលណាបរទេសទិញអីអ៊ីចឹងទៅ យើងអត់ទទួលលុយនឹងដៃទេ។ យើងត្រូវយកកញ្ច្រែង ឬថាសជញ្ជីងដាក់លុយ។ ហើយយើងអាប់លុយឲ្យគេទៅ ចាំគេទៅផុតយូរទៅចាំយើងយកលុយហ្នឹងមក»។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាមានអ្នកឆ្លងមេរោគកូរ៉ូណាសរុបចំនួន ១២២នាក់។ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ២៤នាក់។ នៅរាជធានីភ្នំពេញមានអ្នកឆ្លងសរុបចំនួន ២៨នាក់។ នេះបើតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
កាលពីថ្ងៃច័ន្ទលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងនៅភ្នំពេញប៉ុន្មានថ្ងៃចុងក្រោយនេះ អាចជាការឆ្លងទៅសហគមន៍ទ្រង់ទ្រាយតូច៕