ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​​បញ្ចប់​កំហិត​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​


អាជ្ញាធរ​យាមល្បាត​ព្រំប្រទល់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​បន្ទាប់​មាន​បំរាម​ការ​ធ្វើ​ដំណើរ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
អាជ្ញាធរ​យាមល្បាត​ព្រំប្រទល់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​បន្ទាប់​មាន​បំរាម​ការ​ធ្វើ​ដំណើរ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ចប់កំហិត​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​ជិត​មួយ​សប្តាហ៍​មក​ហើយ។

ក្នុង​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថាការបញ្ចប់​សុពលភាព​បទ​បញ្ជា ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ គឺ​១៨​ម៉ោង មុន​ម៉ោង​កំណត់។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដក​កំហិត​មុន​ម៉ោង​នេះ ធ្វើ​ឡើង​តាមតម្រូវ​ការ​ជាក់​ស្តែង​ក្នុង​ការ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ដោយសារ​ការ​រង់ចាំ​បើក​ចរាចរណ៍​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ឡើង​វិញ។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់​VOA​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​កម្លាំង​បាន​ដក​របាំង​ផ្លូវ ចាប់​តាំង​ពី​ម៉ោង​៤​ឬ​៥​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​បាន​គោរពបទ​បញ្ជា​នេះ ហើយ​គ្មាន​ការ​ប្រឆាំង​តបត​នឹង​បំរាម​នេះ​ទេ។ ប៉ុន្តែ​លោក​ថា​កម្មករ​នៅ​តែ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​តូចៗ​ក្នុង​ភូមិ​បាន។

លោកមាន​ប្រសាសន៍​ថា៖ «ជា​គោល​ការណ៍​យើង​អត់​អនុគ្រោះ​ទេ ប៉ុន្តែ​ជា​គោល​ការណ៍​ប្អូនត្រូវ​យល់​ថា យើង​បិទ​ច្រក​ធំ ប៉ុន្តែ​គាត់​កាត់​តាម​ផ្លូវ​វាល​ស្រែ វាល​អី យើង​មិន​អាច​ដាក់​កម្លាំង រាយ​របង ដូច​សហរដ្ឋអាមេរិក​ជាមួយ​ម៉ិកស៊ីកូ»។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ក៏​មាន​ការ​អនុគ្រោះ​ផង​ដែរ​ចំពោះ​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន ប្រសិន​បើ​មាន​ការ​ពន្យល់ហេតុ​ផល​ត្រឹម​ត្រូវ ដោយ​សារនេះ​គ្រាន់​តែ​ជា​ការ​កំហិត​ធ្វើ​ដំណើរ មិន​មែន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។ លោក​បន្ត​ថា លោក​មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​នឹង​ដាក់​កំហិត​នេះ​ត​ទៀត ​ឬ​យ៉ាងណា។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែមេសា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ ចាត់​វិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ សម្រាប់​កម្មករ​កម្មការិនី​ដែល​នឹង​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «ស្ថានភាព​ជំងឺ​កូវីដ​១៩ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​កុំ​ឲ្យ​មាន​ការ​ចម្លង​រាត​ត្បាត​ចូល​ក្នុង​សហគមន៍»។ ក្រសួង​បន្ត​ថា កម្មករដែល​ត្រឡប់​មក​វិញ ត្រូវ​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​ជា​ចាំបាច់ និងត្រូវត្រួត​ពិនិត្យ​តាម​ដាន​សុខភាព​ពីក្រុម​គ្រូពេទ្យ​នៃ​ក្រសួង​ការងារ។

គួរ​បញ្ជាក់​ថា ការដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដែល​ជា​បទ​បញ្ជា​មួយ ត្រូវ​បាន​មើល​ឃើញ​ថា មាន​គោល​ដៅ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើត ដើម្បី​បញ្ចៀស​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។ កំហិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​យប់​ថ្ងៃ​ទី​៩ ខែមេសា៕

XS
SM
MD
LG