ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបក្ស​មិន​ជាប់​ឆ្នោត​ត្រូវ​បាន​ផ្តល់​ឋានៈ​ស្មើ​ទេសរដ្ឋ​មន្រ្តី​និង​រដ្ឋមន្រ្តី


តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ព្រះ​មហាក្សត្រ​ព្រះ​បាទ​ ​នរោត្តម សីហមុនី​ ​ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​ ​និង​ផ្តល់​ឋានៈ​ជូន​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ ​និង​ផ្តល់​យោបល់​ចំនួន​៣០រូប​ ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​កាលពី​ថ្ងៃទី៦ ​ខែកញ្ញា ​ដោយ​យោង​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។

ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​មិន​ជាប់​ឆ្នោត​ចំនួន២៨​រូប​ ​មកពី​គណបក្ស​១៤​ ដែល​ស្ម័គ្រ​ចូល​ក្នុង​ ​«ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ ​និង​ផ្ដល់​យោបល់»​ ​ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ងារ​ជា​ឯកឧត្ដម​ ​និង​លោក​ជំទាវ​ ​ដែល​ក្នុង​នោះ​១៤​នាក់ ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ ​និង​១៤នាក់​ទៀត​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។​

ព្រះ​មហាក្សត្រ​ព្រះ​បាទ​ ​នរោត្តម សីហមុនី​ ​ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​ ​និង​ផ្តល់​ឋានៈ​ជូន​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ ​និង​ផ្តល់​យោបល់​ចំនួន​៣០រូប​ ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​កាលពី​ថ្ងៃទី៦ ​ខែកញ្ញា ​ដោយ​យោង​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​ទាំង​៣០​រូប​នោះ​ ​ពីរ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​២៨​រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៤ ដែល​មិន​ជាប់​ឆ្នោត។

គណបក្ស​នយោបាយ​ទាំង​១៤​មាន​ គណបក្ស​ខ្មែរ​រួបរួមជាតិ​ ​គណបក្ស​ពន្លឺ​ថ្មី​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​ខ្មែរ​ក្រោក​ ​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ​គណបក្ស​រស្មី​ខេមរា​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​គណបក្ស​យុវជន​កម្ពុជា ​គណបក្ស​ធម្មាធិបតេយ្យ​ ​គណបក្ស​ឆន្ទៈ​ខ្មែរ ​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ ​និង​គណបក្ស​ខ្មែរ​តែមួយ។

ព្រះ​រាជក្រិត្យ​ត្រាស់​បង្គាប់តែង​តាំង​របស់​ព្រះ​មហាក្សត្រ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​ផ្តើម​គំនិត​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​នេះ​ ​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ដែល​មិន​ទទួល​បាន​អាសនៈ​សភា​ ​ចូលរួម​ប្រជុំ​ជាមួយ​លោក​រៀង​រាល់​៦ខែ​ម្តង​ ក្នុងការ​ផ្តល់​យោបល់​ពី​ភាព​អសកម្ម​របស់​មន្រ្តី​ ​ឬ​នាយក​រដ្ឋ​មន្រ្តី។​

ក្នុង​ជំនួប​ដំបូង​ជាមួយ​លោក​ ​ហ៊ុន សែន​ ​នៅ​ក្នុង​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​២១ ខែ​សីហា​កន្លង​ទៅ​ ​ក្រៅ​ពី​តំណាង​គណបក្ស​នយោបាយ​ទាំង​១៤​នេះ​ ​ក៏​មាន​ការ​ចួលរួម​ពី​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹកនាំ​ដោយ​លោក​ ​លន់ ឬទ្ធិ​ ​កូនប្រុស​របស់​លោក​សេនា​ប្រមុខ​លន់ នល់​ ​ផង​ដែរ។​ ​ប៉ុន្តែ​ក្នុង​ព្រះ​រាជក្រិត្យ​តែង​តាំង​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ ​មិន​ឃើញ​មាន​ឈ្មោះ​តំណាង​មក​ពី​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​នោះ​ទេ។​

ក្រៅ​ពី​គណបក្ស​ទាំង​នេះ​ ​គេ​ឃើញ​ថា​ គណបក្ស​ចំនួន​៤​ បាន​ប្រកាស​មិន​ចូលរួម​ការ​ប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​នា​ពេល​នោះ​ ​ដែល​រួមមាន​ ​គណបក្ស​មាតុភូមិ​យើង​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា​ ​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ ​និង​ផ្តល់​យោបល់​នេះ​ ជា​ការ​ខ្ជខ្ជាយ​ថវិកា​ជាតិ​ ​និង​ថា​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ដែល​មាន​សមាសភាព​មកពី​គណបក្ស​មិន​ជាប់​ឆ្នោត​ទាំងនេះ​ ​នឹង​មិន​អាច​ជួយ​ឲ្យ​ការ​ដឹកនាំ​រដ្ឋាភិបាល​បាន​ប្រសើរ​ឡើង​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«យើង​ឃើញ​ពីមុន​មក​គណបក្ស​ប្រឆាំង​អាច​មាន​សំឡេង​និយាយ​ផង​នៅ​តែ​ពិបាក​ ​ទម្រាំ​ក្រុម​នេះ​ជា​ក្រុម​ដែល​ចាត់​តាំង​ដោយ​រដ្ឋាភិបាល អីចឹង​ខ្ញុំ​គិត​ថា​ ពួកគាត់​នឹង​គ្មាន​ឥទ្ធិពល​ណាមួយ​សម្រាប់​ជួយ​កែ​ប្រែ​រដ្ឋាភិបាល​ទេ។ អីចឹង​ទៅ​គឺ​ថា​យើង​នឹង​បន្ត​ចំណាយ​ថវិកា​ជាតិ​ទៅ​រក​កន្លែង​មួយ​ដែល​មិន​ចាំបាច់»។

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ទេ។​

រដ្ឋា​ភិបាលថ្មី​ក្នុង​អាណត្តិ​ទី៦​ ​ដែល​បន្ត​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដដែល​នោះ​ បាន​ចាប់​ផ្តើម​ប្រកាស​រដ្ឋាភិបាល​ថ្មី​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយ​រដ្ឋសភា​អាណត្តិ​ថ្មី​ដែល​មាន​សមាជិក​ទាំង​១២៥​ មកពី​គណបក្ស​កាន់អំណាច​ទាំងអស់​ ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​ដឹកនាំ​ប្រទេស​ជា​បន្ត។​

គេ​ឃើញ​ថា​ សមាសភាព​គណៈ​រដ្ឋមន្រ្តី​ថ្មី ដែល​រួមមាន​រដ្ឋមន្រ្តី​នៃ​ក្រសួង​ចំនួន​២៩​ ​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះ​ទេ៕

XS
SM
MD
LG