នៅក្នុងសម័យប្រជុំលើកដំបូងរបស់រដ្ឋសភាអាណត្តិទី៦នៅព្រឹកថ្ងៃពុធនេះ ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានជំរុញឱ្យមានការគិតគូរដល់ប្រយោជន៍ជាតិ ភាពសុខដុមរមនា ការឯកភាពនិងសាមគ្គីភាពជាតិ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤។
ចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣មក នេះគឺជាអាណត្តិដំបូងបង្អស់ដែលរដ្ឋសភាជាតិ បានក្លាយជារដ្ឋសភាឯកបក្ស។ ក្នុងសម័យប្រជុំលើកដំបូងនេះ សម្រាប់អាណត្តិទី៦នេះ រដ្ឋសភាបានប្រកាសសុពលភាពតំណាងរាស្ត្រទាំង១២៥រូប ដោយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាអ្នកគ្រប់គ្រងរដ្ឋសភា ទាំង១២៥កៅអី។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី មានព្រះបន្ទូលក្នុងពិធីបើកសម័យប្រជុំនោះថា ព្រះអង្គទ្រង់អបអរសាទរដល់សមាជិក សមាជិការដ្ឋសភាទាំង១២៥រូប ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងអាណត្តិទី៦នេះ។ ព្រះអង្គមានព្រះបន្ទូលបន្ថែមថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ ហើយថា រដ្ឋសភាដែលមានអំណាចនីតិប្បញ្ញត្តិ និងបន្តបំពេញភារកិច្ចរបស់ខ្លួនដើម្បីលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់យ៉ាងដូច្នេះ៖
«រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ»។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមថា ព្រះអង្គមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលការណ៍នយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ព្រះអង្គក៏បានបង្ហាញពីជំនឿថា ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាលអាណត្តិថ្មី នឹងអនុវត្តតួនាទីប្រកបដោយ «មនសិការទទួលខុសត្រូវ»។
ព្រះអង្គមានបន្ទូលបន្ថែមថា៖
«ដើម្បីសម្រេចភារកិច្ចដ៏ឧត្ដុង្គឧត្ដមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភា នីតិកាលទី៦ មានដំណើរការល្អអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្ដមប្រយោជន៍រួម ជូនមាតុភូមិ និងប្រជាជាតិយើងទាំងមូល»។
ចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាបានរៀបចំការបោះឆ្នោតថ្នាក់ជាតិចំនួន៦ដង ដោយក្នុងការដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលទាំង៥ដងដំបូង សុទ្ធតែមានគណបក្សនយោបាយចាប់ពីពីរឡើងទៅ។
ដោយឡែក រដ្ឋសភា ដែលបានបើកសម័យប្រជុំអាណត្តិទី៦ជាលើកដំបូងនៅថ្ងៃពុធនេះ បាននិងកំពុងក្លាយជារដ្ឋសភាដែលដឹកនាំដោយឯកបក្ស បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោត និងទទួលបានអាសនៈក្នុងរដ្ឋសភាទាំង១២៥ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែងដ៏ធំរបស់ខ្លួន កាលពីចុងឆ្នាំ២០១៧កន្លងទៅ។
ស្ថានទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យធំៗមួយចំនួន ដែលបានរិះគន់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៦នេះ មិនបានចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះទេ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភានោះថា ស្ថានទូតបរទេសចំនួន៣១ប្រចាំកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីបើកសម័យប្រជុំនេះ ប៉ុន្តែលោកថា ស្ថានទូតនៃបណ្ដាប្រទេសលោកខាងលិចចំនួន៩ មិនបានចូលរួមនោះទេ។
លោកបន្ថែមថា លោកមានការសោកស្ដាយដែលស្ថានទូតនៃប្រទេសប្រជាធិបតេយ្យធំៗទាំងនោះមិនបានចូលរួម។
លោកបញ្ជាក់ថា៖
«យើងមានការសោកស្ដាយដែរ ដោយសារលោកខាងលិច តាមខ្ញុំយល់ លោកវាយតម្លៃមិនបានត្រឹមត្រូវទេចំពោះសភាពការណ៍នៅកម្ពុជា។ ហើយបើសិនជាចង់ឲ្យកម្ពុជាដូចលោកខាងលិច គឺថាមិនអាចធ្វើដូចភ្លាមៗទេ ពីព្រោះថាកម្ពុជាមិនមែនមានប្រពៃណីដូចលោកខាងលិចទេ។ អីចឹង បានថាយើងខិតខំអនុវត្តលទ្ធិប្រជាធិបតេយ្យបានប៉ុណ្ណឹង គួរតែអបអរសាទរហើយ ប៉ុន្តែយើងក៏មានការសោកស្ដាយដែរ មិនមកចូលរួមហ្នឹង គឺថាយើងមានការសោកស្ដាយ»។
ស្ថានទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗចំនួន៩ ដែលមិនបានចូលរួមការបើកសម័យប្រជុំដំបូងនៃរដ្ឋសភាឯកបក្សអាណត្តិទី៦ នាព្រឹកថ្ងៃពុធនេះ មានដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស បារាំង ស៊ុយអែត និងប៊ុលហ្គារី។
តំណាងស្ថានទូតមួយចំនួន ដូចជាអាមេរិក សហភាពអឺរ៉ុប អាល្លឺម៉ង់ អះអាងថា មូលហេតុដែលឯកអគ្គរដ្ឋទូតរបស់ពួកគេមិនចូលរួម ដោយសារពួកគេកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។ ចំណែកអូស្ត្រាលីអះអាងថា ការដែលអូស្ត្រាលីសម្រេចមិនចូលរួម គឺដោយសារអូស្ត្រាលីឈរលើទស្សនៈរបស់ខ្លួនថា ការបោះឆ្នោតអាណត្តិទី៦នេះ ជាការបោះឆ្នោតដែលមិនមានភាពត្រឹមត្រូវ។
មាត្រា១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ចែងថា៖ «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
យ៉ាងនេះក្ដី លោក ឡេង ប៉េងឡុង បានការពាររដ្ឋសភាដែលនឹងដឹកនាំដោយឯកបក្សនេះថា មិនមានផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនោះទេ ដោយលោកអះអាងថា៖
«អត់មានខុសច្បាប់អីទេ ពីព្រោះថា ក្នុងរដ្ឋធម្មនុញ្ញចែងថា រដ្ឋសភាមានសមាជិក១២០រូបយ៉ាងតិច។ អីចឹង យើងបាន១២៥ ដោយសារថាមានច្បាប់ថ្មីក្រោយដាក់ថា១២៥រូប អីចឹងវាមិនខុសរដ្ឋធម្មនុញ្ញទេ។ ហើយអត់មានអីខុសទេ គឺថា នេះជាឆន្ទៈរបស់ប្រជារាស្ត្រ របស់ប្រជារាស្ត្រយើង»។
បន្ទាប់ពីរដ្ឋសភានៅថ្ងៃពុធនេះ បានបើកសម័យប្រជុំលើកដំបូង និងស្បថចូលកាន់តំណែងជាតំណាងរាស្ត្រ នៅថ្ងៃព្រហស្បតិ៍ស្អែក រដ្ឋសភានឹងបើកកិច្ចប្រជុំមួយទៀតដើម្បីបោះឆ្នោតផ្ដល់ការទុកចិត្តដល់រដ្ឋាភិបាលអាណត្តិថ្មី។ ក្រោយកិច្ចប្រជុំនោះ រដ្ឋាភិបាលថ្មីនឹងចូលស្បថនារសៀលថ្ងៃដដែល ហើយនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់អាណត្តិថ្មីនៅព្រឹកថ្ងៃសុក្រទី៧ ខែកញ្ញានេះ។
ក្រោយលទ្ធផលបោះឆ្នោតដែលបង្ហាញថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលដោយឯកបក្ស គេឃើញបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី អាល្លឺម៉ង់ និងសហភាពអឺរ៉ុបជាដើម បានរិះគន់ការបោះឆ្នោត និងបានច្រានចោលលទ្ធផលនៃការបោះឆ្នោតនោះ ដោយចាត់ទុកថា វាជាការធ្វើឡើងខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានច្រានចោលការរិះគន់របស់អន្តរជាតិដោយនិយាយថា ការរិះគន់ទាំងនោះមិនបានឆ្លុះបញ្ចាំងពីការណ៍ពិត និងថា រដ្ឋាភិបាលកម្ពុជា អនុវត្តទៅតាមច្បាប់ ស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ៕