ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីព្រាងច្បាប់ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ចុងក្រោយ​មុន​បញ្ជូន​ទៅ​គណៈ​រដ្ឋមន្ត្រី


រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​ និង​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ក្រសួង​យុត្តិធម៌ ​មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​គណៈរដ្ឋ​មន្ត្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ ធ្វើ​ការ​ពិនិត្យ​ ផ្តល់​យោបល់​ រួច​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត។

នៅ​មុន​ការបោះ​ឆ្នោត​ជាតិ​ ឆ្នាំ​ ២០២៣​ កន្លង​ទៅ​ អតីត​នាយក​រដ្ឋ​មន្ត្រី​គឺ​លោក​ ហ៊ុន​ សែន​ បាន​ទទូច​ឲ្យ​ក្រសួង​ព័ត៌មាន​បញ្ចប់​ការ​តាក់​តែង​សេចក្តី​ព្រាង​ដែល​គេ​ស្គាល់​ថា​ «A2I Law»។

បើ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន ​សម្រាប់​ទិស​ដៅនៅ​ឆ្នាំ​ ២០២៤​ នេះ ក្រសួង​នឹង​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ក្រសួង​យុត្តិធម៌។​

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ លោក ​ណុប វី ​ប្រាប់​វីអូអេ​ថា ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទិ្ធ​ទទួល​បាន​ព័ត៌មាន​មាន​ភាព​ខុស​គ្នា​ពី​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។ ​លោក​យល់​ថា បើ​សិន​សេចក្តី​ព្រាង​នេះ​បាន​ក្លាយ​ជា​ច្បាប់ ​នោះ​វា​នឹង​រួម​ចំណែក​ដល់​ការ​កសាង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​ច្បាប់​មួយ​ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​អាច​មាន​សិទ្ធិ​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ ហើយ​ការ​ស្នើ​សុំ​ព័ត៌មាន​ហ្នឹង​មាន​ការ​ចែង​អំពី​គោល​ការណ៍​ នីតិវិធី​ច្បាស់​លាស់​ ចែង​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​របស់​ស្ថាប័ន​រដ្ឋ​ ត្រូវ​ផ្តល់​ព័ត៌មាន ​និង​នីតិវិធី​ផ្សេងៗ​ទៀត។​ អ៊ីចឹង​ វា​មាន​ភាព​លម្អិត​ ហើយ​វា​មាន​ប្រយោជន៍​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​សង្គម»។ ​

អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ ហ៊ុន សែន ​លើក​ឡើង​ក្នុង​ជំនួប​មួយជាមួយ​អ្នក​កាសែត​កាល​ពី​ខែ​មក​រា​ ឆ្នាំ​ ២០២៣​ ថា​ សេចក្តីព្រាង​ដែល​មាន​បំណង​អនុញ្ញាត​ឲ្យ​សាធារណ​ជន​មាន​លទ្ធភាព​ទទួល​បាន​កំណត់​ត្រា​ និង​ឯកសារ​នានា​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​ ២០២០​ ប៉ុន្តែ​ក្រសួង​ព័ត៌មាន​ថា ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​បានធ្វើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ការ​ប្រជុំ​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ។

នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ សួន យុធ្យា​ ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ​ហើយ​ត្រូវ​ពិចារណា​ដាក់បញ្ចូល​មតិ​យោបល់​របស់​អង្គការ​សង្គម​ស៊ីវិល ​ដើម្បី​ធានា​ថា​ សេចក្តី​ព្រាង​នេះ​នឹង​ត្រូវ​អនុម័ត​ឲ្យ​ទៅ​ជាច្បាប់​ ដោយ​មាន​ការ​គោរព​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ។​

លោក​បន្ថែម​ថា​ សេចក្តីព្រាង​ច្បាប់​នេះ​មាន​សារៈ​សំខាន់​ដល់​ការ​ឆ្លើយ​តប​នឹង​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដូច​ជា​អំពើ​ពុករលួយ​ និង​បង្កើនគណនេយ្យ​ភាព​នៃ​ការ​ដឹកនាំ​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ច្បាប់​នេះ វា​មាន​ប្រយោជន៍​ច្រើន។ វាមាន​ប្រយោជន៍​ច្រើន​មែន​ទែន​ ទាក់​ទង​នឹង​អំពើ​អវិជ្ជ​មាន​ផ្សេងៗ​ ដូច​ជា​ទាក់​ទង​ទៅ​នឹង​ប្រឆាំង​អំពើ​ពុក​រលួយ​ បង្កើត​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ហើយ​នឹង​ដំណើរ​ការ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋាភិបាល។ ​អ៊ីចឹង​ ច្បាប់​ហ្នឹង​ វា​មាន​ប្រយោជន៍​ជា​ចម្បង​ ជា​ចម្បង​ហ្នឹង​ច្រើន។​ អ៊ីចឹង​ បើ​សិន​ជា​ច្បាប់​ សេចក្តី​ព្រាង​ច្បាប់​ ដែល​យើង​រាល់​ថ្ងៃ​នេះ​ របស់​យើង​នេះ​ ដល់​ក្រសួង​យុត្តិធម៌​ អ៊ីចឹង​លោក​គួរ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ជា​ពិសេស​ច្បាប់​ហ្នឹង​ទៀត​សោត​ ត្រូវ​តែ​មាន​ការ​ទទួល​យក​ធាតុចូល​ពី​អង្គការ​សង្គម​ស៊ីវិល»។​

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​ដាក់​សម្ពាធ​ឲ្យ​ស្ថាប័ន​រដ្ឋ​បញ្ចេញ​ព័ត៌មាន​ និង​ទិន្នន័យ​កាន់​តែ​ច្រើន​ដល់​សាធារណ​ជន ​ហើយ​ពលរដ្ឋ​ និងអ្នក​សារ​ព័ត៌មាន​អាច​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​ទាំង​នោះ។​ ការ​ផ្តល់​ទិន្ន​ន័យ ​និង​ការ​បញ្ចេញព័ត៌មាន​ពី​សំណាក់​ស្ថាប័ន​រដ្ឋ​ត្រូវ​បាន​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ នៅ​មាន​លក្ខណៈ​រឹត​ត្បិត​នៅ​ឡើយ។​

ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ ក្រៅ​ពី​ខិត​ខំបញ្ចប់​ការ​ធ្វើ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ក្រសួង​នេះ​មាន​គោល​ដៅ​មួយ​ចំនួន​ទៀត​ គឺ​បញ្ចប់​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពីការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន​ក្នុង​បរិបទ​បរិវត្ត​កម្ម​ឌីជីថល ​និង​កសាង​សមត្ថ​ភាព​ និង​គុណភាពមូលធន​មនុស្ស​ និង​ពង្រឹង​សមត្ថ​ភាព​វិជ្ជាជីវៈ ​និង​ជំនាញ​ក្នុង​អង្គភាព​ផ្សាយ​របស់​រដ្ឋ​ ​ដើម្បី​ដើរ​ទាន់​ទីផ្សារ​ឌីជីថល​ក្នុងវិស័យ​ព័ត៌មាន​ និង​ផ្សព្វ​ផ្សាយ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​ទេព អស្នារិទ្ធ​ ប្រាប់​វីអូអេ​ថា ដើម្បី​ចូល​រួម​អនុវត្ត​ឲ្យបាន​ជោគជ័យ​នូវ​កម្ម​វិធី​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រសួងព័ត៌មាន​ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤​ ដោយ​កំណត់​នូវ​អាទិភាព​សំខាន់ៗ​ រាប់​បញ្ចូល​ទាំង​ការ​រៀប​ចំ​វិធាន​ការ​ច្បាប់​ និង​បទ​ដ្ឋានគតិយុត្ត​ ដែល​ជា​បេសក​កម្ម​ចម្បង​របស់​ក្រសួង​ព័ត៌មាន។​

លោក​លើក​ឡើង​ថា៖ ​«ក្រសួង​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​ឲ្យ​ស្រប​តាម​កាលៈ​ទេសៈ ​ការ​វិវឌ្ឍ​ និង​ទម្រង់ការ​របស់​សង្គម​ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​ប្រព័ន្ធ ​និង​យន្តការ​គ្រប់គ្រង​សណ្តាប់​ធ្នាប់​ព័ត៌មាន ​លំហ​ព័ត៌មាន ​សន្តិសុខ​ព័ត៌មាន ​និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ ​សំដៅ​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​សេរីភាព​សារ​ព័ត៌មាន​ លើក​កម្ពស់​ព័ត៌មាន​ប្រកប​ដោយ​គុណភាព ​សុវត្ថិ​ភាព​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន»។​

បើ​តាម​លោក ​ទេព អស្នារិទ្ធ ​ក្នុង​ការ​រៀបចំ​ និង​ពង្រឹង​បទ​ប្បញ្ញត្តិ​ច្បាប់ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ក្រសួង​បាន​ និង​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សម្រេច​ ក្នុង​ក្រប​ខណ្ឌ​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ ​ការ​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន​ ការ​ពិនិត្យ​ និង​រៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន ​និង​ការ​រៀបចំ​ «ធម្មនុញ្ញ​សារ​ព័ត៌មាន»​ដែល​ជា​ស្តង់ដារ​ប្រតិបត្តិ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ជាតិ​មួយ​ សម្រាប់​គ្រប់​ភាគី​ទាំង​អស់​គោរព​ និង ​អនុវត្ត​តាម ក៏​ដូច​ជា​ការ​រៀបចំ​លិខិត​បទដ្ឋាន​ និង​យន្ត​ការ​គតិយុត្ត​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ បាន​ទេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទិ្ធ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៥​ និង​មាន​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ជាច្រើន​លើក​ច្រើន​សារ​រវាង​ភាគី​ពាក់​ព័ន្ធ​ តែ​នៅ​មិន​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ច្បាប់​បាន​ ដោយ​សារ​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែសម្រួល​ ក្នុង​នោះ​មាន​ការ​លើក​សំណើ​ពី​ភាគី​សង្គម​ស៊ីវិល​ឲ្យ​ទម្លាក់​ចោល​មាត្រា​ ១៥.៤​ ដែល​ចែង​អំពី​ការ​លុប​ចោល​អត្ថបទ​ចេញ​ផ្សាយ​រួច ​និង​ការ​ដក​ចេញ​ចំណុច​ទី​៧​នៃ​មាត្រា​២០​ដែល​ចែង​អំពី​ព័ត៌មាន​សម្ងាត់៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG