ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសព​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ដល់​ព្រះរាជ​ដំណាក់ Windsor Castle ដើម្បី​បញ្ចុះ


ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​​ព្រះរាជ​ដំណាក់ Windsor Castle ដើម្បី​រៀបចំ​ពិធី​បញ្ចុះ​ព្រះសព​ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២។
ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​​ព្រះរាជ​ដំណាក់ Windsor Castle ដើម្បី​រៀបចំ​ពិធី​បញ្ចុះ​ព្រះសព​ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២។

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ព្រះរាជ​ដំណាក់ Windsor Castle ដើម្បី​រៀបចំ​ពិធី​បញ្ចុះ​ព្រះសព បន្ទាប់ពី​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះអង្គ​បាន​ធ្វើ​ឡើង​នៅ​ឯ​ព្រះវិហារ Westminster Abbey នៅ​ក្នុង​ទីក្រុង​ឡុងដ៍​មក។

ព្រះសព​របស់​ព្រះអង្គ​ត្រូវ​បាន​តម្កល់​ជា​ផ្លូវ​រដ្ឋ​តាំងពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​មក​នៅ​ឯ​សាល Westminster នៃ​សភា​ចក្រភព​អង់គ្លេស ហើយ​មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​កាត់​មឈូស​របស់​ព្រះអង្គ​ដើម្បី​សម្ដែង​ការ​គោរព។

បន្ទាប់មក មឈូស​របស់​ព្រះអង្គ​ត្រូវ​បាន​ដង្ហែ​ពី​សាល Westminster ទៅ​កាន់​ព្រះវិហារ Westminster Abbey កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មុន​ពេល​ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ព្រះរាជ​ពិធី​បញ្ចុះ​ព្រះសព​របស់​ព្រះអង្គ​នៅ​ឯ​ព្រះរាជ​ដំណាក់ Windsor Castle នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។

ប្រមុខ​រដ្ឋ​រាប់​រយ​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោកស្រី Jill Biden ដែល​ជា​ភរិយា​ផង​ដែរ និង​ឥស្សរជន​ជាន់ខ្ពស់​នានា​មកពី​ជុំវិញ​ពិភពលោក បាន​ចូលរួម​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះអង្គ។

នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះអង្គ​នៅ​ឯ​ព្រះវិហារ Westminster Abbey ព្រះគ្រូ David Hoyle ដែល​ជា​ព្រះចៅ​អធិការ​ព្រះវិហារ Westminster Abbey បាន​ធ្វើ​ជា​អធិបតី​លើ​ព្រះរាជ​ពិធី​នេះ។ ចំណែក​ឯ​ព្រះគ្រូ Justin Welby ដែល​ជា​ប្រធាន​គណៈបព្វជិត​នៃ​ព្រះវិហារ Canterbury គឺ​ជា​អ្នក​សម្ដែង​ព្រះធម្ម​ទេសនា។ រី​ឯ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss វិញ គឺ​ជា​អ្នក​អាន​ព្រះគម្ពីរ។

បន្ទាប់ពី​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី​បាន​បញ្ចប់​រួចរាល់​នៅ​ឯ​ព្រះវិហារ Westminster Abbey មក ព្រះមហាក្សត្រ Charles ទី ៣ ដែល​ជា​បុត្រា​របស់​ព្រះអង្គ និង​សមាជិក​រាជវង្សានុវង្ស​ផ្សេង​ទៀត បាន​យាង​ដោយ​ថ្មើរ​ជើង​អម​មឈូស​របស់​ព្រះអង្គ​ទៅ​ដល់​ព្រះរាជ​ដំណាក់ Windsor Castle ដើម្បី​រៀបចំ​ពិធី​បញ្ចុះ​ព្រះសព​របស់​ព្រះអង្គ។

ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នឹង​ត្រូវ​បញ្ចុះ​ជា​លក្ខណៈ​ឯកជន​ជិត​ព្រះសព​របស់​ព្រះអង្គម្ចាស់ Philip ដែល​ជា​ព្រះស្វាមី​របស់​ព្រះអង្គ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​នៅ​ឯ​ព្រះវិហារ St. George's Chapel នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់ Windsor Castle៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG