ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​ភរិយា​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​ព្រះមហាក្សត្រិយានី Elizabeth ទី ២


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​អ្នកស្រី Jill Biden (ឆ្វេង) ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​​ចុះ​ហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៅ​ទីក្រុ​ងឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​អ្នកស្រី Jill Biden (ឆ្វេង) ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​​ចុះ​ហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៅ​ទីក្រុ​ងឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោកស្រី Jill Biden ដែល​ជា​ភរិយា​បាន​សម្ដែង​ការ​គោរព​ចំពោះ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បាន​ចូលរួម​ជាមួយ​នឹង​មេដឹកនាំ​នានា​មកពី​ជុំវិញ​ពិភពលោក រាជវង្សានុវង្ស​របស់​ព្រះមហាក្សត្រិយានី និង​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះសព​ដ៏​អធិកអធម​និង​ស្រងូតស្រងាត់​នេះ​នៅ​ឯ​ព្រះវិហារ Westminster Abbey។

លោក Biden និង​ភរិយា​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​នេះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។

កាលពី​ថ្ងៃ​អាទិត្យ លោក Biden និង​ភរិយា​បាន​សម្ដែង​ការ​គោរព​ចំពោះ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី​ដែល​តម្កល់​ជា​ផ្លូវ​រដ្ឋ​នៅ​ក្នុង​សាល Westminster នៃ​សភា​ចក្រភព​អង់គ្លេស។ នៅ​ថ្ងៃ​អាទិត្យ​នោះ​ផង​ដែរ លោក Biden និង​ភរិយា​បាន​ចុះ​ហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ។

នៅ​ពេល​ចុះ​ហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​នោះ លោក Biden បាន​បញ្ជាក់​ថា ព្រះមហាក្សត្រិយានី Elizabeth ទី ២ គឺ​ជា​ក្សត្រិយ៍​ដែល​មាន «ភាព​គួរសម កិត្តិយស និង​ជា​អ្នក​បម្រើ​ប្រជារាស្ត្រ​គ្រប់​បែប​យ៉ាង»។

បន្ទាប់ពី​លោក​បាន​សរសេរ​សារ​រំលែកទុក្ខ​រួច​មក លោក Biden បាន​ថ្លែង​ថា៖ «ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​នៃ​ប្រទេស​អង់គ្លេស និង​ប្រជាពលរដ្ឋ​ទាំង​អស់​នៃ​ចក្រភព​អង់គ្លេស យើង​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​អ្នក​ទាំង​អស់​គ្នា»។ អ្នក​មាន​សំណាង​ដែល​មាន​ព្រះមហាក្សត្រិយានី​គ្រង​រាជ្យ​ជាង ៧០ ឆ្នាំ។ យើង​ទាំង​អស់​គ្នា​មាន​សំណាង។ ពិភពលោក​មាន​ភាព​ប្រសើរ​ឡើង​ដោយសារ​ព្រះមហាក្សត្រិយានី»។

ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នឹង​ត្រូវ​បញ្ចុះ​ជា​លក្ខណៈ​ឯកជន​ជិត​ព្រះសព​របស់​ព្រះអង្គម្ចាស់ Philip ដែល​ជា​ព្រះស្វាមី​របស់​ព្រះអង្គ នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ឯ​ព្រះវិហារ St. George's Chapel នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់ Windsor Castle៕

XS
SM
MD
LG