ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​យាមល្បាត​ព្រៃស្វះស្វែង​បញ្ចប់​ការ​កាប់​ឈើ​ខុស​ច្បាប់នៅកម្ពុជា


រូបឯកសារ៖ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់ម្នាក់​ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់ម្នាក់​ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

នៅ​តំបន់​ភាគ​ខាង​ជើង ព្រៃឈើ​នៅ​តំបន់​ជុំពេញ​ប្រហែល​១ភាគ៣​បាន​បាត់បង់​ចាប់​តាំង​ពីឆ្នាំ​២០០០មក ពីព្រោះ​តែការ​កាប់ឈើ​ខុសច្បាប់​ និងចំការ​កៅស៊ូ​ដែល​បាន​ទទួល​ការ​អនុម័ត​ពី​រដ្ឋាភិបាល។

បណ្តាញ​ព័ត៌មាន Forest News ឲ្យ​ដឹងថា ​ប្រទេស​កម្ពុជាបាន​បាត់បង់​ព្រៃ​ប្រហែល​២សែន ៨ពាន់​ ហិកតា​ជារៀង​រាល់​ឆ្នាំ ​ដោយសារ​ការកាប់​ឈើ។ ឥឡូវ​នេះ ប្រជាពលរដ្ឋ​ខ្លះ​ដែលរស់នៅដោយ​ពឹងផ្អែកលើ​ព្រៃឈើដើម្បី​ចិញ្ចឹម​ជី​វិត​ ​កំពុង​ធ្វើ​ការ​ប្រយុទ្ធនឹង​ការ​កាប់ឈើ​ខុសច្បាប់ ដើម្បី​រក្សា​ព្រៃឈើ​ និង​កំពុង​សុំការ​ជួយឧបត្ថម្ភ។

ព្រៃឈើគ្រប​ដណ្តប់ផ្ទៃដី​កម្ពុជាជាង​ពាក់​កណ្តាល។ ក៏ប៉ុន្តែ​តាមការ​សិក្សា​នៅពេល​ថ្មី​ៗ​នេះ ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ក៏​មាន​អត្រា​នៃ​ការ​បាត់​បង់​ព្រៃឈើ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ព្រៃ​ឈើជាង​២០០​ហិកតាត្រូវបាន​គេ​កាប់​ឆ្ការ​ជារៀង​រាល់​ឆ្នាំ។

នៅ​តំបន់​ភាគ​ខាង​ជើង ព្រៃឈើ​នៅ​តំបន់​ជុំពេញ​ប្រហែល​១ភាគ៣​ បាន​បាត់បង់​ចាប់​តាំង​ពីឆ្នាំ​២០០០ មក ពីព្រោះ​តែការ​កាប់ឈើ​ខុសច្បាប់​ និងចំការ​កៅស៊ូ​ដែល​បាន​ទទួល​ការ​អនុម័ត​ពី​រដ្ឋាភិបាល។

នេះ​ជា​ព័ត៌មាន​អាក្រក់​មួយ​សម្រាប់​ជន​ជាតិ​ភាគតិច​គួយ ​ដែល​ពឹងផ្អែកលើ​ព្រៃ​ឈើ​ដើម្បីចិញ្ចឹម​ជីវិត។

អ្នកស្រី ស៊ីន បា ជា​សមាជិក​យាមល្បាត​ព្រៃឈើ ​និយាយ​ថា៖ «ព្រៃ​ឈើ​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​វប្បធម៌​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គួយ​របស់​យើង។ ដើមឈើ​និង​ដី​ផ្តល់ឲ្យ​យើងនូវ​អ្វី​ៗ​ទាំងអស់។ យើង​អាច​រក​ប្រាក់​បាន​មក​ពីការ​លក់ផលិតផល​ព្រៃឈើគ្រប់​បែប​យ៉ាង ដែល​ជួយ​បង់ថ្លៃ​សាលា​ឲ្យកូន​យើង​ទៅ​រៀន​ហើយ​នឹង​ជួយ​យើង​ទិញ​ថ្នាំ​សង្កូវ​នៅពេល​ណា​យើង​ឈឺ»។

អាស្រ័យ​ហេតុ​នេះ ​ក្រុមជន​ជាតិ​ភាគ​តិច ​បាន​ចាប់​ផ្តើម​យាមល្បាត​ព្រៃឈើ​ដោយ​ខ្លួន​ឯង ដោយ​ហៅ​ខ្លួនឯង​ថា ចាស់ទុំ​ថែរក្សា​ព្រៃឈើ។

លោក​រុំ ស៊ូ សមាជិកយាម​ល្បាត​ព្រៃឈើ និយាយ​ថា៖ «យើងបាន​បង្កើត​ក្រុម​យាម​ល្បាត ពីព្រោះ​តែ​យើងចង់​ជួយ​សង្គ្រោះ​ព្រៃ​របស់​យើង។ យើង​ជា​មនុស្ស​ចាស់​ទុំ​មានការ​ស្រងូត​ស្រងាត់​បំផុត​អំពី​អ្វី​ដែលកំពុង​កើត​មាន​ឡើងចំពោះ​ព្រៃឈើ​នេះ។​ការរស់​នៅនិង​ធ្វើការ​ងារ​ក្នុង​ព្រៃ​ជាផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​វប្បធម៌​របស់​យើង។​ យើង​ ​សង្ឃឹមថា ​នឹង​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​មក​ពី​អង្គការដែល​យក​ចិត្តទុកដាក់​អំពី​បញ្ហា​នេះ​ ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម»។

ប្រដាប់​ទៅ​ដោយកាំបិត ​ក្រុម​យាមល្បាត​នោះ ​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ដោយ​បាន​យក​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈទៅ​ជាមួយ។ ពួក​គេ​និយាយ​ថា ពួកគេមិន​ធ្វើ​ឲ្យ​នរណា​គ្រោះ​ថ្នាក់​ទេ ដោយ​គ្រាន់​តែ​ព្យាយាម​ការពារ​របៀប​រស់​នៅ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក រស់ លីម ជា​អ្នក​បង្កើត​និង​មេដឹក​នាំក្រុមយាម​ល្បាត​ព្រៃនិយាយ​ថា៖ «ជារឿយ​ៗ ​យើង​ប្រទះ​ឃើញ​មនុស្ស​កាប់​ឈើ។ ជួនកាល យើង​បាន​រឹប​អូស​យក​ឧបករណ៍​របស់​ពួកគេ ដូចជា រណា​អា​ឈើ រទេះគោ​ ឬ​ឧបករណ៍​ផ្សេង​ៗ​ទៀត។ ប្រសិន​បើយើង​ប្រទះ​ឃើញ​ដោយ​ចៃ​ដន្យក្រុម​មនុស្ស​មាន​គ្នា​ច្រើនកាប់​ឈើ យើងធម្មតា​ស្ថិត​នៅ​ឆ្ងាយ​ពី​ពួកគេ​ ហើយ​ហៅប្រធាន​ប៉ូលិស​ឲ្យ​មក និង​ចាត់​វិធានការ​អំពី​បញ្ហា​នេះ»។

ក្រុម​អ្នក​យាម​ល្បាត​ព្រៃឈើ​និយាយ​ថា អ្នក​ដែល​កាប់​ឆ្ការ​ព្រៃ​ភាគ​ច្រើន​ជា​ពួក​អ្នក​ស្រុក​ដែលស្វះស្វែង​រក​កាប់​ឈើ​នៅ​ក្នុង​តំបន់​នេះ ​ពីព្រោះ​តែ​ព្រៃឈើ​របស់​ខ្លួន​បាន​បាត់​បង់​អស់។

ក្រុម​មន្រ្តី​កម្ពុជានិយាយ​ថា ជាទូទៅ ​ពួកគេគាំទ្រការ​យាម​ល្បាត​ព្រៃឈើ​នេះ​ ហើយ​ថា ពួកគេ​កំពុង​ព្យាយាមកាត់​បន្ថយ​ការ​កាប់ឈើ​ខុសច្បាប់​នេះ៕

ប្រែ​សម្រួលដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG