១៩:២១
៥.៦.២០២២
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយឲ្យដឹងថា ពលរដ្ឋចំនួន ៧.១៧២.៤៤៨ នាក់ បានបោះឆ្នោត ក្នុងចំណោមពលរដ្ឋចំនួន ៩.២០៥.៦៨១ នាក់ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ។ គេកត់សម្គាល់ឃើញថា ខេត្តកែប កំពង់ស្ពឺ កំពង់ឆ្នាំង កំពត កណ្តាល ស្វាយរៀង ស្ទឹងត្រែង និងខេត្តព្រះសីហនុ ពលរដ្ឋជាង ៨០ភាគរយ បានចេញទៅបោះឆ្នោត នៅក្នុងចំណោមពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសរុបក្នុងខេត្តនីមួយៗ។
២០:៣៦
៥.៦.២០២២
- សំឡេងអ្នកបោះឆ្នោត៖ លោក ភឺន ប្រច័ក្រ អាយុ ២៣ ឆ្នាំ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃអាទិត្យទី ៥ ខែមិថុនានេះ។ លោកបានបង្ហាញការចង់បានរបស់លោក តាមរយៈការបោះឆ្នោតមេដឹកនាំឃុំសង្កាត់អាណត្តិនេះថា៖ «យើងចង់បានអ្នកធ្វើការល្អ អ្នកដែលយល់ពីទុក្ខធុរៈប្រជាជន។ ចង់បានមេភូមិ មេឃុំដែលមិនគិតពីម៉ោងការងារ និយាយអត់គិតពីម៉ោងបាយ ម៉ោងអ៊ីចឹងណា ព្រោះអីពេលខ្លះយើងទៅ មេភូមិខ្លះអត់ធ្វើការឲ្យទេ ចាំម៉ោងនេះ ចាំម៉ោងនោះ»។
២០:៤៤
៥.៦.២០២២
- សំឡេងអ្នកបោះឆ្នោត៖ លោកស្រី តុង គឹមឈន់ អាយុ ៧៤ ឆ្នាំ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកស្រីបានបង្ហាញការចង់បានរបស់លោក តាមរយៈការបោះឆ្នោតមេដឹកនាំឃុំសង្កាត់អាណត្តិនេះថា៖ «ខ្ញុំចង់បានមេឃុំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ និងកូនចៅនៅសង្កាត់ឃុំទាំងអស់ហ្នឹង កុំឲ្យមានការពិបាក»។
២០:៥០
៥.៦.២០២២
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ដំណើរការរាប់សន្លឹកឆ្នោតនិងលទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ នឹងបន្តធ្វើនារាត្រីថ្ងៃអាទិត្យនេះ ហើយនឹងបន្តរហូតដល់ថ្ងៃចន្ទ ទី ៦ ខែមិថុនា។ ដោយឡែក លទ្ធផលផ្លូវការនឹងគ្រោងត្រូវប្រកាសនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។