សង្ខេបខ្លឹមសារក្នុងអំឡុងពេលដំណើរការសវនាការនាពេលព្រឹកមិញនេះ៖ លោក គី តិច និងក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបង្ហាញភស្តុតាងម្ដងមួយៗនៃភស្តុតាងចំនួន២៦កញ្ចប់ ដែលក្នុងនោះមានភ្ជាប់នឹងវីដេអូឃ្លីបចំនួន៣ និងឯកសារយោងដទៃទៀត។
ពីខាងគណបក្សសង្គ្រោះជាតិ ដែលទទួលរងបណ្ដឹងរំលាយគណបក្សខ្លួនវិញ ពុំមានអ្នកតំណាងខាងផ្លូវច្បាប់ចូលរួមក្នុងសវនាការនោះទេ។ ក្នុងនោះដែរ មានការហៅឈ្មោះម្តងមួយៗនៃបញ្ជីសមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ដែលនឹងអាចត្រូវបានគេរារាំងមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
កញ្ញា ឡេង ឡែន អតីតអ្នកសារព័ត៌មានឲ្យកាសែតឌឹខេមបូឌាដេលី និងសំឡេងសហរដ្ឋអាមេរិក ត្រូវបានដោះលែងហើយនាពេលម៉ោងប្រហែង៥រសៀលនេះ បន្ទាប់ពីត្រូវបានឃាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ អស់ប្រមាណរយៈពេលជិត៧ម៉ោង។
កញ្ញាត្រូវបានដោះលែងក្រោយពីមានការធានាពីសំណាក់អ្នកស្គាល់ជិតដិតនិងបានបំពេញបែបបទឯកសារ។
កាលពីព្រឹកមិញនេះ កញ្ញាត្រូវបានសមត្ថកិច្ចឃាត់និងឆែកអំពីកាតអ្នកកាសែត នៅខាងក្រៅតុលាការកំពូល។ ការឃាត់ខ្លួននេះបានកើតឡើង បើទោះបីលោកស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សវនាការអំពីបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះ បើកជាសាធារណៈក៏ដោយ។