នារសៀលថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលប្រកាសសាលដីកាសវនាការរំលាយគណបក្សសង្គ្រោះជាតិដោយសម្រេចប្រកាសបញ្ឈប់សមាជិក ១១៨ រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ៕
ក្រោយពេលតុលាការកំពូលបានចេញសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ និងប្រកាសបញ្ឈប់សមាជិកចំនួន១១៨នាក់ នៃគណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ នាថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោកថា សមាជិកគណបក្សនេះ ដែលមិនមានឈ្មោះនៅក្នុងចំណោមសមាជិក១១៨នាក់ខាងលើ អាចចូលរួមជាមួយគណបក្សប្រជាជន ឬគណបក្សដទៃទៀត ឬក៏អាចបង្កើតគណបក្សថ្មី ដើម្បីប្រឡូកក្នុងវិស័យនយោបាយ។
លោកស្រី មូរ សុខហួរ អនុប្រធានម្នាក់ និងជាតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្រៅប្រទេស បានប្រតិកម្មលើសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សជំទាស់មួយនេះ។ លោកស្រីបានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាជា «ការខុសធ្ងន់ធ្ងរទៅលើលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា។ នេះបើយោងតាមសារជាវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកស្រី នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ ដែលបានសម្រេចរំលាយគណបក្សជំទាស់ដ៏ធំមួយនេះ ដោយបន្តចាត់ទុកគណបក្សរបស់ខ្លួនថានៅ «ស្របច្បាប់»។