យោងតាមអ្នកយកព័ត៌មានវីអូអេ នៅវេលាម៉ោង៨ព្រឹកនេះ តុលាការកំពូល និងមហាយ្យការ កំពុងបើកដំណើរការសវនាការស្តីពីបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កញ្ញា ឡេង ឡែន អតីតអ្នកសារព័ត៌មានឲ្យកាសែតឌឹខេមបូឌាដេលី និងសំឡេងសហរដ្ឋអាមេរិក ត្រូវបានកម្លាំងប៉ូលិសមានសមត្ថកិច្ចហាមឃាត់មិនឲ្យមានវត្តមាននៅបរិវេណតុលាការកំពូល ខណៈពេលដែលសវនាការស្តីពីបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ កំពុងដំណើរការ។ មន្ត្រីមានសមត្ថកិច្ច បានសួររកកាតអ្នកសារព័ត៌មានពីនាង។ ការមិនអនុញ្ញាតឲ្យអតីតអ្នកសារព័ត៌មានរូបនេះ មានវត្តមាននៅបរិវេណនៃតុលាការកំពូល បានកើតឡើង បើទោះបីជាស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះថា ដំណើរការសវនាការនេះគឺបើកជាសាធារណៈក្តី។
ខណៈពេលនេះ កញ្ញា ឡេង ឡែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសួរចម្លើយអំពីវត្តមានរបស់នាង នៅបរិវេណនៃតុលាការកំពូល និងមហាអយ្យការ។
ស្របពេលជាមួយគ្នានោះ គេឃើញមានវត្តមានរបស់មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តាមដានស្ថានការណ៍ជុំវិញដំណើរការសវនាការនៃបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។
លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលការកំពូល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកនេះថា តុលាការកំពូលនឹងចេញសេចក្តីសម្រេចលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិនាល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលដែលសវនាការនេះកំពុងដំណើរការនៅឡើយ។
តុលាការកំពូលសម្រេចបន្តសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ទៅរសៀលម៉ោងពីរ។