ព្រះសង្ឃនិមន្តបិណ្ឌបាតនៅក្បែរព្រះបរមរាជវាំង ខណៈពេលដែលមន្ត្រីសន្តិសុខមានសមត្ថកិច្ចជាច្រើននាក់ បានបិទផ្លូវមួយចំនួននៅជុំវិញតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលដំណើរការសវនាការស្តីអំពីបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមដំណើរការនាពេលបន្តិចទៀតនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកានេះ។
យោងតាមអ្នករាយការណ៍ព័ត៌មានវីអូអេ មន្ត្រីមានសមត្ថកិច្ចបានរារាំងអ្នកសារព័ត៌មានមួយចំនួន មិនឲ្យចូលទៅក្នុងតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈពេលតុលាការកំពូលកំពុងត្រៀមរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក អ៊ូ វីរៈ ស្ថាបនិកនិងនាយកវេទិកាអនាគត បានយល់ឃើញថា «គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ» ហើយរំពឹងថា តុលាការកំពូលនឹងមិនចេញសាលក្រមនៃសេចក្តីសម្រេចបែបនេះនាព្រឹកថ្ងៃព្រហស្បតិ៍នេះទេ។ នេះបើយោងតាមសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ទិដ្ឋភាពនៃការរក្សាសន្តិសុខនៅក្បែរតុលាការកំពូល និងមហាអយ្យការ នាព្រឹកនេះ ខណៈពេលដែលតុលាការកំពូលបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នករាយការណ៍ព័ត៌មានវីអូអេ បានឲ្យដឹងថា អ្នកសារព័ត៌មានមួយចំនួនត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យមានវត្តមាននៅក្នុងតុលាការកំពូលហើយ។