គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីគម្រោងផ្សព្វផ្សាយលទ្ធផលបឋមនិងផ្លូវការរបស់ខ្លួននៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអាទិត្យនេះ។ បើតាមកញ្ញា កាន់ វិច្ឆិកា នៃ VOA ដែលបានទៅចូលរួមផ្ទាល់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក បានកាលវិភាគនៃការប្រកាសលទ្ធផលនេះដូចតទៅ៖
៤ មិថុនា៖ លទ្ធផលបណ្តោះអាសន្នភ្នំពេញ ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជានៅម៉ោង១៩:០០។
៧ មិថុនា៖ លទ្ធផលបណ្តោះអាសន្នពីខេត្តនានា
២៥ មិថុនា៖ លទ្ធផលផ្លវការនៃការបោះឆ្នោតឃុំសង្កាត់លើកទី៤
អ្នកសារព័ត៌មានខ្លះយល់ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលអាចជាប្រភពពត៌មានដ៏ទុកចិត្តបំផុតមួយសម្រាប់លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ គឺស្រដៀងនឹងកាលពីការបោះឆ្នោតឆ្នាំ២០១៣។ ក្នុងអំឡុងពេលការបោះឆ្នោតជាតិឆ្នាំ២០១៣ លោករដ្ឋមន្ត្រីព័ត៌មានរូបនេះបានប្រកាសដំបូងគេ តាមទំព័រហ្វេសប៊ុករបស់លោកថា គណបក្សប្រជាជនបានឈ្នះ៦៨អាសនៈសភា ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៥៥អាសនៈ ដែលលទ្ធផលនេះបានក្លាយជាលទ្ធផលផ្លូវការរបស់គ.ជ.ប.។ VOA នៅពេលនោះក៏បានផ្សាយដោយដកស្រង់លោកជាប្រភពមួយដែរ។
ក្រោយពេលដែលការិយាល័យបោះឆ្នោតនៅតាមបណ្តា២៥ខេត្ត ក្រុង បានបិទនៅវេលាម៉ោង៣រសៀល មន្ត្រីការិយាល័យបោះឆ្នោតបានចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅតាមការិយាល័យនីមួយៗ ជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ដែលជាម្ចាស់ឆ្នោត បានឈររង់ចាំស្តាប់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានក្នុងស្រុក កោះសន្តិភាព លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់នៅរាជធានីភ្នំពេញ បង្ហាញថា គណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈចំនួន៥៤ ហើយគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈចំនួន៥១។ នាពេលខាងមុខនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបញ្ជាក់លើលទ្ធផលនេះ។ វីអូអេ នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនាពេលក្រោយ។