នៅការិយាល័យបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ មានប្រជាពលរដ្ឋតម្រង់ជួរបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅការិយាល័យមួយនេះ នាពេលខាងមុខនេះ។ លោក អូន ឆេងប៉រ នៃ VOA កំពុងចុះយកព័ត៌មាននៅទីនោះ។ សូមរង់ចាំព័ត៌មានបន្ថែមទៀតនាពេលខាងមុខនេះ។
អ្នកសង្កេតការណ៍អន្តរជាតិ ចុះត្រួតពិនិត្យការិយាល័យបោះឆ្នោតនៅក្នុងសង្កាត់តាខ្មៅ ជាទីតាំងការិយាល័យ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបោះឆ្នោតនៅ ខេត្តកណ្តាលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
រូបថត និងឈ្មោះលោក កឹម សុខា នៅលេខរៀងទី២ នៅការិយាល័យបោះឆ្នោតក្នុងសង្កាត់ចាក់អង្រែលើ។ នាពេលខាងមុខនេះ ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសកម្ពុជា នឹងមានវត្តមាននៅការិយាល័យបោះឆ្នោតនេះ។ លោក អូន ឆេងប៉រ នៃ VOA នឹងជូនព័ត៌មានបន្ថែមនាពេលក្រោយ។
ក្រោយពេលបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកសួរសំណួរថា តើលោកបានបោះឆ្នោតឲ្យបេក្ខជនមួយណា។ លោកនាយករដ្ឋមន្ត្រី ដែលកាន់តំណែងជាង៣០ឆ្នាំរូបនេះ បានបន្ទោសអ្នកសារព័ត៌មានថា មិនបានស្វែងយល់ពីច្បាប់បោះឆ្នោត មុននឹងសួរសំណួរបែបនេះ។