- ដោយ AP
នៅរសៀលថ្ងៃសុក្រ ក្រុមមេដឹកនាំអាស៊ានបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន។ លោក Li Keqiang បានថ្លែងអំពីការប្តេជ្ញារបស់ចិនក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន។ លោក Keqiang ក៏បានថ្លែងអំពីបញ្ហានៅតំបន់សមុទ្រចិនខាងត្បូងដោយលើកឡើេងថា ការចរចាកំពុងធ្វើឡើងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិមួយ ហើយថា ចិន «នឹងយកចិត្តទុកដាក់លើក្តីបារម្ភរបស់គ្រប់ភាគី ហើយក៏ការពារនិងលើកកម្ពស់ច្បាប់អន្តរជាតិផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP៕
មុនពេលដំណើរមកដល់កម្ពុជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រុមកូដករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល៍ សកម្មជនដីធ្លី និងសិទ្ធិមនុស្សមួយចំនួន បានធ្វើសកម្មភាពនានា ដើម្បីទាមទារឲ្យមេដឹកនាំរបស់ប្រទេសមហាអំណាចមួយនេះ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្សនិងអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់អន្តរជាតិ។
នៅរសៀលថ្ងៃសុក្រ ក្រុមកូដករណាហ្គាវើល៍ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរបានប្រមូលផ្តុំគ្នាហែរក្បួនអហិង្សានៅក្បែរកាស៊ីណូណាហ្គាវើល៍ ដើម្បីជំរុញឲ្យមេដឹកនាំក្នុងតំបន់និងសកលលោកដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ជួយរកដំណោះស្រាយដល់ជម្លោះការងារដ៏អូសបន្លាយជាមួយក្រុមហ៊ុនកាស៊ីណូមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍ក្នុងស្រុករបស់វិទ្យុវីអូឌីជាភាសាអង់គ្លេស។
ដោយឡែក សមាជិក ៥ នាក់នៃក្រុមយុវជនខ្មែរថាវរៈ បានធ្វើបាតុកម្មបង្អត់អាហារដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសមនិសការជាច្រើននាក់ និងមេធាវីនិងសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំង កញ្ញា សេង ធារី ដែលកំពុងជួបឃុំនៅពន្ធនាគារក្នុងខេត្តព្រះវិហារ។ បន្ទាប់ពីបានបង្អត់អាហាររយៈពេល ២ ថ្ងៃនៅខេត្តព្រះវិហារ ក្រុមយុវជននេះបានបោះតង់ ហើយបន្តអង្អត់អាហារនៅទីលានប្រជាធិបតេយ្យ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់៕
- ដោយ Reuters
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានថ្លែងនៅថ្ងៃសុក្រថា រាល់ការប៉ុនប៉ងដែលមិនមានការឯកភាពគ្នាដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់នៅក្នុងតំបន់អាស៊ីដោយកម្លាំងបាយ មិនអាចទទួលយកបានជាដាច់ខាត ខណៈមានភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកបានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅរសៀលថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Yoon បានថ្លែងនៅក្នុងការបើកកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក មានគោលបំណងពង្រឹងឲ្យមាន «តំបន់សេរី សន្តិភាព និងរុងរឿង» មួយដែលគោរពតាមសណ្តាប់ធ្នាប់ផ្អែកតាមនីតិវិធី។ លោកថ្លែងថា៖ «សន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភាពរុងរឿងនិងការរស់រានមានជីវិតរបស់យើង។ ការផ្លាស់ប្តូរដោយគ្មានការឯកភាពគ្នាណាមួយដោយប្រើកម្លាំងបាយ មិនគួរត្រូវបានអត់ឱនជាដាច់ខាត»៕
- ដោយ AP
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាតិ បានថ្កោលទោសអំពើហិង្សានៅមីយ៉ាន់ម៉ាដែលកំពុងយ៉ាប់យ៉ឺនជាមុន ដោយមានការផ្ទុះឡើងនៃអំពើហិង្សាជាបន្តបន្ទាប់ ចាប់តាំងពីរបបយោធាបានក្តោបក្តាប់អំណាចតាំងពីដើមឆ្នាំ ២០២១ មក។ លោក Guterres បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិនាល្ងាចថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ លោកថ្លែងថា៖ «ខ្ញុំសូមថ្កោលទោសលើកម្រិតនៃអំពើហិង្សាកាន់តែកើនឡើងខ្លាំង ការប្រើប្រាស់កម្លាំងយោធាហួសហេតុ និងស្ថានភាពសិទ្ធិមនុស្សដ៏ដុនដាបនៅមីយ៉ាន់ម៉ា»។ លោកអគ្គលេខាធិការរូបនេះ ក៏បានថ្លែងព្រមានអំពីផលវិបាកនៃភាពតទល់គ្នារវាងចិននិងសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press៕