ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

០៩:១១ ១១.១១.២០២២

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០​ និង​លើក​៤១​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​នៅព្រឹកថ្ងៃ​សុក្រ​នេះ​ នៅទី​ក្រុង​ភ្នំពេញ​ ដោយ​មាន​វត្តមាន​ពី​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ៩ រូប​គឺ​ ព្រុយណេ សិង្ហ​បុរី​ វៀត​ណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី​ វៀតណាម​ ឡាវ​ និង​កម្ពុជា​ ដែល​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុងនាម​ជាប្រធាន​អាស៊ាន​ប្តូរវេន​ ថ្លែង​ក្នុង​ពេល​បើក​ឲ្យ​ដំណើរការ​កិច្ច​ប្រជុំ​នេះ​ថា​ ការ​ជួបជុំ​គ្នា​នៅពេល​នេះ​របស់​មេដឹកនាំ​អាស៊ាន គឺជា​ឱកាស​សម្រាប់​ការ​តៀម​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា​ ដែល​កំពុង​កើត​មានក្នុងតំបន់​និង​សកលលោក។ លោក​ហ៊ុន សែន ថ្លែង​បន្ថែម​ថា​ នៅ​អំឡុង​ពេល​នៃ​កិច្ចប្រជុំនេះ​ នឹង​មាន​ការ​ចុះហត្ថលេខាឯកសារ​សមិទ្ធផល​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​កិច្ចការ​អាស៊ាន​សម្រាប់​ជា​មគ្គុទេសក៍​ត្រួយត្រាយ​ផ្លូវ នៅក្នុងការ​ធ្វើ​សហប្រតិបត្តិការ​នៅ​ឆ្នាំ​ខាង​មុខ។ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏បាន​សង្កត់​ធ្ងន់​លើ​ការ​ថែរក្សា​សាមគ្គីភាព​ និង​មជ្ឈភាព​របស់អាស៊ាន​ ដើម្បី​បន្ត​ធ្វើ​ឲ្យ​សមាគម​នេះ​មាន​ចីរភាព និង​ភាព​ធន់៕

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

១១:២១ ១១.១១.២០២២

នៅយប់ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរចេញពីរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរូមសន្និសីទ​លើក​ទី ២៧ របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) នៅប្រទេសអេហ្ស៊ីប។ បន្ទាប់មកនៅថ្ងៃសៅរ៍ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេស G-20៕

១៧:៥៩ ១១.១១.២០២២

នៅ​ថ្ងៃ​សុក្រ​នេះ មេដឹកនាំ​អាស៊ាន​សម្រេច​បាន​កិច្ចការ​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ដាក់​សម្ពាធ​លើ​មីយ៉ាន់ម៉ា ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​អនុវត្ត​តាម​គោលការណ៍​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព ដោយ​ពួកគេ​គ្រាន់តែ​យល់​ស្រប​គ្នា​លើ​សកម្មភាព​មួយ​ចំនួន​ដែល​មិន​នាំ​មក​នូវ​ដំណោះស្រាយ​អ្វី​ដល់​បញ្ហា​នៅ​មីយ៉ាន់ម៉ា​នោះទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press។

​នៅ​ក្នុង​«កិច្ចការ​ត្រួត​ពិនិត្យ​និង​សេចក្តី​សម្រេច​ស្តីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច» ដែល​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចាត់តាំង​ក្រុមប្រឹក្សា​សម្របសម្រួល​កិច្ចការ​របស់​អាស៊ាន​ «ឲ្យ​បន្ត​ត្រួត​ពិនិត្យ​មើល​ភាពជា​តំណាង​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នានា បើ​សិន​ស្ថានភាព​តម្រូវ​ឲ្យ​ធ្វើ»តែ​ប៉ុណ្ណោះ។ ​

មេដឹកនាំ​អាស៊ាន​ក៏​បាន​ច្រានចោល​គំនិត​នៃ​ការ​ផ្អាក​សមាជិកភាព​ទាំងស្រុង​របស់​មីយ៉ាន់ម៉ា​ពី​អាស៊ាន ដោយ​បញ្ជាក់​សា​ជាថ្មី​អំពី​សេចក្តី​សម្រេច​របស់​ពួកគេ​ដែល​ថា ប្រទេស​មីយ៉ាន់ម៉ា​ «នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​អាស៊ាន»។

យ៉ាងណាមិញ​ អាស៊ាន​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុងការ​ «អនុវត្ត​ផែនការ​មួយ​ដែល​មាន​សូចណាករ​ច្បាស់លាស់ អាច​អនុវត្ត​បាន និង​សម្រេច​បាន ក្នុង​រយៈពេល​ណាមួយ» ប៉ុន្តែ​អាស៊ាន​មិន​បាន​យល់ស្រប​គ្នា​លើ​ផែនការ​អ្វី​នោះទេ ដោយ​គ្រាន់តែ​ចាត់តាំង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ឲ្យ​បង្កើត​ផែនការ​នោះ។ មេដឹកនាំ​អាស៊ាន​ក៏​បាន​លើកឡើង​ថា ពួកគេ​អាច​ស្នើ​ទៅកាន់​អង្គការ​សហប្រជាជាតិ «និង​ដៃគូ​ក្រៅ​សមាគម​របស់​ពួកគេ» ឲ្យ​គាំទ្រ​កិច្ច​ខំប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច ក៏​ប៉ុន្តែ​មិនមាន​ព័ត៌មាន​អ្វី​លម្អិត​លើ​ការ​ស្នើសុំ​នេះ​ទេ៕

១៩:៣០ ១១.១១.២០២២

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន បាន​យល់​ស្រប​គ្នា​ជា​គោលការណ៍​ ទទួល​យក​ប្រទេស​ទីម័រ​ខាង​កើត​ជា​សមាជិក​ទី ១១ របស់​អាស៊ាន។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​ស្នើសុំ​ធ្វើ​ជា​សមាជិក​តាំង​ពី​មួយ​ទសវត្សរ៍​មុន។

មេដឹកនាំ​អាស៊ាន​បាន​ថ្លែង​បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា​ក្នុងទីក្រុង​ភ្នំពេញ​ថា ទីម័រ​ខាង​កើត​ដែល​ជា​ប្រទេស​កោះ​ពាក់កណ្តាល​ នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ជាន់ខ្ពស់​នានា​ ក្នុង​ឋានៈ​ជា​អ្នក​ឃ្លាំមើល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​យល់​ស្រប​គ្នា​ជា​គោលការណ៍​ទទួល​យក​ទីម័រខាងកើត​ជា​សមាជិក​ទី ១១ របស់​អាស៊ាន» ហើយ​ថា ជំហាន​បន្តបន្ទាប់​អាច​នឹង​រួម​មាន​ការ​បង្កើត «ផែនការ​គោលដៅ​មួយ​សម្រាប់​សមាជិកភាព​ពេញលេញ» ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​ក្រោយ។

លោក Jose Ramos-Horta ប្រធានាធិបតី​ទីម័រ​ខាង​កើត​ បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ ដោយ​ថ្លែង​ថា សមាជិកភាព​មួយ​នេះ​អាច​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​របស់​លោក​ទទួល​បាន​ទំនាក់ទំនង​ការទូត​កាន់តែ​ធំ​ ជាមួយ​ដៃ​គូ​របស់​សមាជិក​អាស៊ាន ដែល​អាច​នាំ​មក​នូវ​ការ​បណ្តាក់ទុន​ផ្ទាល់​ពី​បរទេស ក៏ដូចជា​ផ្តល់​ឲ្យ​ទីម័រខាងកើត​នូវ​លទ្ធភាព​ធ្វើដំណើរ​កាន់តែ​ទូលាយ​ក្នុង​តំបន់​ផងដែរ៕

មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិអាស៊ាន ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិអាស៊ាន ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG