ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

២០:១៤ ១២.១១.២០២២

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាន​លើក​ឡើងអំពី​ក្តី​បារម្ភ​របស់​អាមេរិក​ពាក់ព័ន្ធ​នឹង​មូលដ្ឋានកងទ័ពរាមនៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងចិន នៅក្នុងជំនួបទ្វេភាគីរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន។ ជាមួយគ្នានោះ លោក Biden ក៏បាន​ជំរុញឲ្យលោក ហ៊ុន សែន បើកលម្ហនយោបាយនិងស៊ីវិលឡើងវិញ មុនការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខនៅកម្ពុជា។ បន្ថែមលើនោះ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន ដែលត្រូវបានឃុំខ្លួនដោយការបទចោទប្រកាន់ដែលមានលក្ខណៈនយោបាយ រួមទាំងកញ្ញា សេង ធារី ពលរដ្ឋខ្មែរអាមេរិកាំងផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ពី​ការប្តេជ្ញាជាថ្មីរបស់​សហរដ្ឋ​អាមេរិក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​បំណងរបស់ពួកគេ​ដែលចង់បានប្រទេសរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ៕

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

១៨:៥០ ១២.១១.២០២២

លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​ បាន​ទទូច​ឲ្យ​លោក​ Joe Biden ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផ្តោត​លើ​ការនាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ និង​រក្សា​ការពារ​អធិបតេយ្យ​របស់​កម្ពុជា​ ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​កាន់តែ​ធំ​របស់​មហាអំណាច​ចិន។ លោក​បាន​លើកឡើង​ដូច្នេះ​នៅ​ក្នុង​អត្ថបទមួយ​ដែល​លោក​បាន​សរសេរ ហើយ​ត្រូវបាន​បោះពុម្ពផ្សាយ​នៅលើ​គេហទំព័រ The Diplomat កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

លោក Biden ​កំពុង​ចូលរួម​កិច្ច​ប្រជុំ​កំពូលអាស៊ាន​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ យ៉ាងណាមិញ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន នា​រសៀល​ថ្ងៃ​សៅរ៍​នេះ លោក Biden បាន​ថ្លែង​អរគុណ​លោក ហ៊ុន សែន ​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន ចំពោះ​សេចក្តី​ថ្លែងការណ៍​សំខាន់ៗ​របស់​លោក ថ្កោលទោស​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ជាមួយ​គ្នា​នោះ លោក Biden ក៏​សង្ឃឹម​ថា​នឹង​ឃើញ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ស្តាឡើង​វិញ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​យោធា ក្រោម​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន ហើយ​លោក​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​អព្យាក្រឹតភាព​របស់​អាស៊ាន​ផងដែរ៕

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

១៨:៣៤ ១២.១១.២០២២

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ាន បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកលើកទី ១០ នៅរសៀលថ្ងៃសៅរ៍ នៅរាជធានីភ្នំពេញ។ លោក Biden បានថ្លែងថា ការ​សហការ​ជាមួយ​ «អាស៊ាន​ដែលត្រូវបានពង្រឹងអំណាចនិងមានសាមគ្គីគ្នា» នៅតែស្នូលនៃយុទ្ធសាស្ត្រអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press៕

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក លើកទី ១០ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក លើកទី ១០ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

១៧:៣១ ១២.១១.២០២២

លោក Fumio Kishida នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ជប៉ុន ហើយ​បាន​ប្រកាស​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន ២.១០០​ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ការ​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ​របស់​អាស៊ាន​ពី​វិបត្តិ​កូវីដ១៩។ ការ​ប្រកាស​ផ្តល់​កម្ចី​នេះ​ធ្វើឡើង ស្រប​ពេល​ដែល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​បណ្តាល​ឲ្យ​តម្លៃ​ថាមពល​និង​ស្បៀង​អាហារ​ឡើង​ថ្លៃ។ លោក Kishida ក៏​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​ទស្សនវិស័យ​របស់​អាស៊ាន​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​ក៏​បាន​ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិ​ការ​បន្ថែម​ទៀត​រវាង​ជប៉ុន​និង​អាស៊ាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press៕

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG