ថ្មី៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ហើយកំពុងធ្វើដំណើរតាមយន្តហោះប្រធានាធិបតី Air Force One នាយប់ថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ លោកនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ប្រហែលម៉ោង ៨:៣០ នាទីព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជា។
លោក Biden គឺជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងទី ២ ដែលធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ានប្តូរវេន។ កាលពីឆ្នាំ ២០១២ លោក Barack Obama ដែលជាប្រធានាធិបតីកាន់តំណែងនាពេលនោះ បានធ្វើដំណើរទៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់និងសកលលោកនេះ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ លោកប្រធានាធិបតី Joe Biden នឹងជួបពិភាក្សាក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អំពីសារៈសំខាន់នៃអព្យាក្រឹតភាពរបស់អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ ដែលផ្អែកតាមរដ្ឋធម្មនុញ្ញអាស៊ាន។ បន្ទាប់មក លោក Biden នឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលោកអាចនឹងត្រូវគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ។ ក្រៅពីនេះ លោកក៏នឹងជួបពិភាក្សាក្នុងជំនួបត្រីភាគីជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ៕
មេធាវីការពារក្តីរបស់កញ្ញា សេង ធារី បានស្នើឲ្យអង្គការសហប្រជាជាតិទទួលយកសំណុំរឿងឃុំឃាំងដោយខុសនីតិវិធីរបស់មេធាវីនិងសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងរូបនេះ ដែលកំពុងជាប់ឃុំនៅខេត្តព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសមួយ ដែលវីអូអេទទួលបានកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីប្រកាសនេះធ្វើឡើង មុនលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ។ លោក Jared Genser បានអះអាងនៅក្នុងសេចក្តីប្រកាសនោះថា ការស្នើដាក់សំណុំរឿងនេះទៅកាន់ក្រុមការងាររបស់អង្គការសហប្រជាជាតិបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលសហព័ន្ធអាមេរិកមិនបានចាត់វិធានការច្បាស់លាស់អ្វីមួយ ដើម្បីជួយដល់ករណីកាត់ទោសនិងឃុំខ្លួនរបស់ កញ្ញា សេង ធារី ដែលក្រុមសកម្មជនសិទ្ធិមនុស្សបានចាត់ទុកថា ធ្វើឡើងដោយគ្មានភស្តុតាងនិងមិនត្រឹមត្រូវតាមនីតិវិធីនោះ៕
- ដោយ AP
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាតិ បានថ្កោលទោសអំពើហិង្សានៅមីយ៉ាន់ម៉ាដែលកំពុងយ៉ាប់យ៉ឺនជាមុន ដោយមានការផ្ទុះឡើងនៃអំពើហិង្សាជាបន្តបន្ទាប់ ចាប់តាំងពីរបបយោធាបានក្តោបក្តាប់អំណាចតាំងពីដើមឆ្នាំ ២០២១ មក។ លោក Guterres បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិនាល្ងាចថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ លោកថ្លែងថា៖ «ខ្ញុំសូមថ្កោលទោសលើកម្រិតនៃអំពើហិង្សាកាន់តែកើនឡើងខ្លាំង ការប្រើប្រាស់កម្លាំងយោធាហួសហេតុ និងស្ថានភាពសិទ្ធិមនុស្សដ៏ដុនដាបនៅមីយ៉ាន់ម៉ា»។ លោកអគ្គលេខាធិការរូបនេះ ក៏បានថ្លែងព្រមានអំពីផលវិបាកនៃភាពតទល់គ្នារវាងចិននិងសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press៕
- ដោយ Reuters
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានថ្លែងនៅថ្ងៃសុក្រថា រាល់ការប៉ុនប៉ងដែលមិនមានការឯកភាពគ្នាដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់នៅក្នុងតំបន់អាស៊ីដោយកម្លាំងបាយ មិនអាចទទួលយកបានជាដាច់ខាត ខណៈមានភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកបានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅរសៀលថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Yoon បានថ្លែងនៅក្នុងការបើកកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក មានគោលបំណងពង្រឹងឲ្យមាន «តំបន់សេរី សន្តិភាព និងរុងរឿង» មួយដែលគោរពតាមសណ្តាប់ធ្នាប់ផ្អែកតាមនីតិវិធី។ លោកថ្លែងថា៖ «សន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភាពរុងរឿងនិងការរស់រានមានជីវិតរបស់យើង។ ការផ្លាស់ប្តូរដោយគ្មានការឯកភាពគ្នាណាមួយដោយប្រើកម្លាំងបាយ មិនគួរត្រូវបានអត់ឱនជាដាច់ខាត»៕