ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

២០:៤១ ១១.១១.២០២២

មុន​ពេល​ដំណើរ​មក​ដល់កម្ពុជា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្រុម​កូដករ​ដែល​ជា​អតីតបុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល៍ សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស​មួយ​ចំនួន​ បាន​ធ្វើ​សកម្មភាព​នានា ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស​និង​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​តាម​ច្បាប់​អន្តរជាតិ។

នៅ​រសៀល​ថ្ងៃសុក្រ ក្រុម​កូដករ​ណាហ្គាវើល៍​ ក្នុងសម្លៀកបំពាក់​ប្រពៃណីខ្មែរ​បាន​ប្រមូល​ផ្តុំ​គ្នា​ហែរក្បួន​អហិង្សា​នៅ​ក្បែរ​កាស៊ីណូ​ណាហ្គាវើល៍ ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​ក្នុង​តំបន់​និង​សកលលោក​ដែល​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ជួយ​រក​ដំណោះស្រាយ​ដល់​ជម្លោះ​ការងារ​ដ៏​អូសបន្លាយ​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ក្នុង​ស្រុក​របស់​វិទ្យុ​វីអូឌី​ជា​ភាសាអង់គ្លេស

ដោយឡែក សមាជិក ៥ នាក់​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ បាន​ធ្វើ​បាតុកម្ម​បង្អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះលែង​អ្នកទោស​មនិសការ​ជាច្រើន​នាក់ និងមេធាវី​និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ដែល​កំពុង​ជួប​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ។ បន្ទាប់ពី​បាន​បង្អត់​អាហារ​រយៈពេល ២ ថ្ងៃ​នៅ​ខេត្តព្រះវិហារ ក្រុម​យុវជន​នេះ​បានបោះតង់ ហើយ​បន្ត​អង្អត់អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក៏​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ហាម​ឃាត់

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

១៩:៤៤ ១១.១១.២០២២

នៅ​រសៀល​ថ្ងៃសុក្រ ក្រុម​មេដឹកនាំ​អាស៊ាន​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន។ លោក Li Keqiang បាន​ថ្លែង​អំពី​ការ​ប្តេជ្ញា​របស់​ចិន​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបតិ្តការ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន។ លោក​ Keqiang ក៏​បាន​ថ្លែង​អំពី​បញ្ហា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​លើកឡើេង​ថា ការ​ចរចា​កំពុង​ធ្វើ​ឡើង​ដើម្បី​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ​មួយ​ ហើយ​ថា ចិន «នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ក្តី​បារម្ភ​របស់​គ្រប់​ភាគី ហើយ​ក៏​ការពារ​និង​លើក​កម្ពស់​ច្បាប់​អន្តរជាតិ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP៕

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

១៩:៣០ ១១.១១.២០២២

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន បាន​យល់​ស្រប​គ្នា​ជា​គោលការណ៍​ ទទួល​យក​ប្រទេស​ទីម័រ​ខាង​កើត​ជា​សមាជិក​ទី ១១ របស់​អាស៊ាន។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​ស្នើសុំ​ធ្វើ​ជា​សមាជិក​តាំង​ពី​មួយ​ទសវត្សរ៍​មុន។

មេដឹកនាំ​អាស៊ាន​បាន​ថ្លែង​បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា​ក្នុងទីក្រុង​ភ្នំពេញ​ថា ទីម័រ​ខាង​កើត​ដែល​ជា​ប្រទេស​កោះ​ពាក់កណ្តាល​ នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ជាន់ខ្ពស់​នានា​ ក្នុង​ឋានៈ​ជា​អ្នក​ឃ្លាំមើល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​យល់​ស្រប​គ្នា​ជា​គោលការណ៍​ទទួល​យក​ទីម័រខាងកើត​ជា​សមាជិក​ទី ១១ របស់​អាស៊ាន» ហើយ​ថា ជំហាន​បន្តបន្ទាប់​អាច​នឹង​រួម​មាន​ការ​បង្កើត «ផែនការ​គោលដៅ​មួយ​សម្រាប់​សមាជិកភាព​ពេញលេញ» ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​ក្រោយ។

លោក Jose Ramos-Horta ប្រធានាធិបតី​ទីម័រ​ខាង​កើត​ បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ ដោយ​ថ្លែង​ថា សមាជិកភាព​មួយ​នេះ​អាច​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​របស់​លោក​ទទួល​បាន​ទំនាក់ទំនង​ការទូត​កាន់តែ​ធំ​ ជាមួយ​ដៃ​គូ​របស់​សមាជិក​អាស៊ាន ដែល​អាច​នាំ​មក​នូវ​ការ​បណ្តាក់ទុន​ផ្ទាល់​ពី​បរទេស ក៏ដូចជា​ផ្តល់​ឲ្យ​ទីម័រខាងកើត​នូវ​លទ្ធភាព​ធ្វើដំណើរ​កាន់តែ​ទូលាយ​ក្នុង​តំបន់​ផងដែរ៕

មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិអាស៊ាន ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិអាស៊ាន ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

១៧:៥៩ ១១.១១.២០២២

នៅ​ថ្ងៃ​សុក្រ​នេះ មេដឹកនាំ​អាស៊ាន​សម្រេច​បាន​កិច្ចការ​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ដាក់​សម្ពាធ​លើ​មីយ៉ាន់ម៉ា ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​អនុវត្ត​តាម​គោលការណ៍​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព ដោយ​ពួកគេ​គ្រាន់តែ​យល់​ស្រប​គ្នា​លើ​សកម្មភាព​មួយ​ចំនួន​ដែល​មិន​នាំ​មក​នូវ​ដំណោះស្រាយ​អ្វី​ដល់​បញ្ហា​នៅ​មីយ៉ាន់ម៉ា​នោះទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press។

​នៅ​ក្នុង​«កិច្ចការ​ត្រួត​ពិនិត្យ​និង​សេចក្តី​សម្រេច​ស្តីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច» ដែល​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចាត់តាំង​ក្រុមប្រឹក្សា​សម្របសម្រួល​កិច្ចការ​របស់​អាស៊ាន​ «ឲ្យ​បន្ត​ត្រួត​ពិនិត្យ​មើល​ភាពជា​តំណាង​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នានា បើ​សិន​ស្ថានភាព​តម្រូវ​ឲ្យ​ធ្វើ»តែ​ប៉ុណ្ណោះ។ ​

មេដឹកនាំ​អាស៊ាន​ក៏​បាន​ច្រានចោល​គំនិត​នៃ​ការ​ផ្អាក​សមាជិកភាព​ទាំងស្រុង​របស់​មីយ៉ាន់ម៉ា​ពី​អាស៊ាន ដោយ​បញ្ជាក់​សា​ជាថ្មី​អំពី​សេចក្តី​សម្រេច​របស់​ពួកគេ​ដែល​ថា ប្រទេស​មីយ៉ាន់ម៉ា​ «នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​អាស៊ាន»។

យ៉ាងណាមិញ​ អាស៊ាន​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុងការ​ «អនុវត្ត​ផែនការ​មួយ​ដែល​មាន​សូចណាករ​ច្បាស់លាស់ អាច​អនុវត្ត​បាន និង​សម្រេច​បាន ក្នុង​រយៈពេល​ណាមួយ» ប៉ុន្តែ​អាស៊ាន​មិន​បាន​យល់ស្រប​គ្នា​លើ​ផែនការ​អ្វី​នោះទេ ដោយ​គ្រាន់តែ​ចាត់តាំង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ឲ្យ​បង្កើត​ផែនការ​នោះ។ មេដឹកនាំ​អាស៊ាន​ក៏​បាន​លើកឡើង​ថា ពួកគេ​អាច​ស្នើ​ទៅកាន់​អង្គការ​សហប្រជាជាតិ «និង​ដៃគូ​ក្រៅ​សមាគម​របស់​ពួកគេ» ឲ្យ​គាំទ្រ​កិច្ច​ខំប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច ក៏​ប៉ុន្តែ​មិនមាន​ព័ត៌មាន​អ្វី​លម្អិត​លើ​ការ​ស្នើសុំ​នេះ​ទេ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG