- ដោយ AP
នៅយប់ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរចេញពីរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរូមសន្និសីទលើកទី ២៧ របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) នៅប្រទេសអេហ្ស៊ីប។ បន្ទាប់មកនៅថ្ងៃសៅរ៍ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេស G-20៕
- ដោយ ហ៊ុល រស្មី
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើក៤១ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃសុក្រនេះ នៅទីក្រុងភ្នំពេញ ដោយមានវត្តមានពីមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ៩ រូបគឺ ព្រុយណេ សិង្ហបុរី វៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី វៀតណាម ឡាវ និងកម្ពុជា ដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ថ្លែងក្នុងពេលបើកឲ្យដំណើរការកិច្ចប្រជុំនេះថា ការជួបជុំគ្នានៅពេលនេះរបស់មេដឹកនាំអាស៊ាន គឺជាឱកាសសម្រាប់ការតៀមដោះស្រាយបញ្ហាប្រឈមរួមគ្នា ដែលកំពុងកើតមានក្នុងតំបន់និងសកលលោក។ លោកហ៊ុន សែន ថ្លែងបន្ថែមថា នៅអំឡុងពេលនៃកិច្ចប្រជុំនេះ នឹងមានការចុះហត្ថលេខាឯកសារសមិទ្ធផលមួយចំនួន ដែលពាក់ព័ន្ធនឹងកិច្ចការអាស៊ានសម្រាប់ជាមគ្គុទេសក៍ត្រួយត្រាយផ្លូវ នៅក្នុងការធ្វើសហប្រតិបត្តិការនៅឆ្នាំខាងមុខ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសង្កត់ធ្ងន់លើការថែរក្សាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីបន្តធ្វើឲ្យសមាគមនេះមានចីរភាព និងភាពធន់៕
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ប្រមុខមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នឹងជួបពិភាក្សាគ្នាជាផ្លូវការក្នុងកិច្ចប្រជុំលើកទី ៤០ និងលើកទី ៤១ លើបញ្ហាក្នុងតំបន់បញ្ហាក្នុងតំបន់ជាច្រើន ក្នុងនោះរួមមានវិបត្តិកូវីដ ស្ថានភាពនៅមីយ៉ាន់ម៉ា ស្ថានភាពវិវត្តនៅតំបន់សមុទ្រចិនខាងត្បូង និងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម។ យ៉ាងណាមិញ បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងនឹងជាប្រធានបទដ៏ក្តៅមួយដែលអាចមានការជជែកខ្វែងគំនិតគ្នារវាងមេដឹកនាំអាស៊ាន ដូចដែលបានកើតឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលទើបបានធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
- ដោយ Reuters
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងដោយកូរ៉េខាងជើង នៅក្នុងប្រព័ន្ធអ៊ីនធឺណិត នៅក្នុងដំណើររបស់លោកទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី ១២ ខែវិច្ឆិកានេះ។ នេះបើយោងតាមលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ដែលបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក Sullivan បានថ្លែងថា រដ្ឋាភិបាលអាមេរិកបាននៅតែបារម្ភអំពីលទ្ធភាពដែលកូរ៉េខាងជើងអាចធ្វើការបាញ់អាវុធនុយក្លេអ៊ែរសាកល្បងមួយទៀត៕