ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​ធានា​ឯករាជ្យភាព​របស់​តុលាការ


សមាស​ភាព​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​និង​ក្នុង​មន្ត្រី​តុលាការ​គ្រប់ជាន់​ថ្នាក់​ ហើយ​នឹង​ក្រុម​អ្នក​តាក់តែង​ច្បាប់​ដែល​បាន​ ឬ​កំពុង​ពិភាក្សា​ច្បាប់​នានា ​ត្រូវគេ​ដឹង​ថា ​គឺ​ជា​សមាជិក​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។
សមាស​ភាព​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​និង​ក្នុង​មន្ត្រី​តុលាការ​គ្រប់ជាន់​ថ្នាក់​ ហើយ​នឹង​ក្រុម​អ្នក​តាក់តែង​ច្បាប់​ដែល​បាន​ ឬ​កំពុង​ពិភាក្សា​ច្បាប់​នានា ​ត្រូវគេ​ដឹង​ថា ​គឺ​ជា​សមាជិក​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។
រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចាប់ផ្តើម​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​បាន​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏សំខាន់​ចំនួនបី​សម្រាប់​ធានា​ឯករាជ្យ​ភាព​របស់​តុលាការ។

ដំណាល​គ្នា​ដែល​ក្រុម​មន្ត្រី​ស្ថាប័ន​ចម្រុះ​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ កំពុង​ធ្វើការ​ញាប់ដៃ​ញាប់ជើង​ដើម្បី​កែ​ទម្រង់ប្រព័ន្ធ​តុលាការ​តាម​រយៈ​ការ​ធ្វើច្បាប់​ចំនួន​បី​ឲ្យរួច​ក្នុង​រយៈ​ពេល​ដ៏ឆាប់​ខាង​មុខ​នេះ​ ក្រុម​អ្នក​ជំនាញ​ច្បាប់​ខ្លះ​បាន​រំឭកឲ្យ​ដឹង​ថា​ ពលរដ្ឋ​កម្ពុជា​ត្រូវ​ការ​តុលាការ​ដែល​គួរ​ឲ្យជឿ​ទុកចិត្ត​មួយ​ដែល​មាន​ឯករាជ្យ​ភាព​ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ។

ក្រុម​អ្នក​ជំនាញ​មកពី​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ នៅ​សប្តាហ៍​នេះ​ បាន​បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រមដែល​ជា​ស្ថាប័នខ្ពស់​បំផុត​ត្រួត​ពិនិត្យ​កិច្ចការ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់ពី​បញ្ចប់​ការ​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​អំពី​ការ​រៀបចំ​ អង្គការ​តុលាការ​ និង​អយ្យការ។​ ហើយ​ពួក​គេ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​អំពី​សហ​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​មួយ​ទៀត។

លោក​រុន សារ៉ាយ​ នាយក​អង្គការ​ជំនួយ​ផ្នែកច្បាប់​កម្ពុជា ​បាន​អះអាង​ថា​ លោក​ចង់​ឃើញ​កំណែ​ទម្រង់​មួយ​ដែលអាច​ជួយ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មាន​គុណភាព​ មាន​ ការ​អនុវត្ត​ពិត​ប្រាកដ។​ លោក​ថ្លែង​ថា​ ការ​កែ​ទម្រង់​តាមច្បាប់​ ការ​អនុវត្ត​ស្រប តាម​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្សនោះ​ជា​ការ​ប្រសើរ។​

«ក្នុងការ​កែ​ទម្រង់​ ខ្ញុំ​គិត​ថា​ ទី១​គឺតុលាការ​ហ្នឹង​គួរ​តែ​ឯករាជ្យ​គឺ​ត្រូវតែ​ចាក​ផុត​ពី​ខាង​នយោបាយ​ ឬ​ឥទ្ធិពល​នយោបាយ​ឬ​ក៏​ពី​ឥទ្ធិពល​ផ្សេងៗ។​ ទី២ ​ខ្ញុំ​គិត​ថា ​សំខាន់​គឺ​ថា​ បើ​សិន​ជា​មិន​ធ្វើការ​អនុវត្ត​ច្បាប់​ ហើយ​ចេះ​តែ​កែ​ទម្រង់​ ក៏​វា​អត់​បាន​ជា​ប្រយោជន៍​ដែរ»។

លោក​ថ្លែង​ថា​ ការ​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​នេះ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ច្រើន​ កើត​ឡើង​ ដូចជា​ការ​ប្រើ​អំពើ​ហិង្សា​នានា​ដើម្បី​សងសឹក​គ្នា​និង​ការ​សម្លាប់​ក្រៅ​ ប្រព័ន្ធ​តុលាការ​ ដែល​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ ជា​ហូរហែរ​ជាដើម។​

«ប្រជា​ពលរដ្ឋ​ ដែល​មាន​ទុក្ខ​ មក​ពឹង​តុលាការ​ដើម្បី​ដោះស្រាយ​ជូន។​ តែ​បើ​មក​ពឹង​តុលាការ ​តុលាការមិន​ដោះស្រាយ​ អញ្ចឹង​អ្នក​នោះ​អាច​ប្រើ​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ខ្លួន​ឯង»។​

លោក​បាន​ទទូច​ថា​ ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ត្រូវ​មានការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ ពី​គណបក្ស​ជំទាស់​ ឬ​ធ្វើ​ប្រជាមតិ​ដើម្បី​ឲ្យ​ច្បាប់​ ដែល​ចេញ​ទៅនោះ​ ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទាំងអស់​ មិនមែន​សម្រាប់​ បុគ្គល​ម្នាក់ ​ឬ​ក្រុម​ណាមួយ​នោះ​ទេ។​
សមាស​ភាព​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​និង​ក្នុង​មន្ត្រី​តុលាការ​គ្រប់ជាន់​ថ្នាក់​ ហើយ​នឹង​ក្រុម​អ្នក​តាក់តែង​ច្បាប់​ដែល​បាន​ ឬ​កំពុង​ពិភាក្សា​ច្បាប់​នានា ​ត្រូវគេ​ដឹង​ថា ​គឺ​ជា​សមាជិក​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ ហើយ​ការ​ដែល​ពុំមាន​ការ​ចូលរួម​ពីស្ថាប័ន​ឯករាជ្យ​ចូលរួម​នោះ​ បាន​ធ្វើ​ឲ្យ​គេ​មាន​សំណួរច្រើន​អំពី​ទំនុក​ចិត្ត​ចំពោះ​កំណែ​ទម្រង់​នេះ។​

លោក​សឺន ស៊ូប៊ែរ៍​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ជាអតីត​សមាជិក​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ ​និង​ជា​អតីត​អ្នក​តំណាង​រាស្ត្រ​តាក់តែង​ច្បាប់​ម្នាក់​ បាន​រំឭកឲ្យ​ដឹង​ពី​ រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​អំណាច​ទាំងបី​ត្រូវបែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់​និង​ មាន​ឯករាជ្យ​ភាព ​ដាច់​ចេញពី​គណបក្ស​នយោបាយ។​

«រឿង​នេះ​អត់​ទេ​ ព្រោះ​តុលាការ​នៅ​ក្រោម​នីតិប្រតិបត្តិ​ ហើយ​នីតិបញ្ញតិ​ក៏​អញ្ចឹង​ ដែរ​ គ្រាន់តែ​ទូទៅ​ភាសា​អង់គ្លេស​គេ​ហៅថា​ Rubber Stamp ​គ្រាន់​តែ​ហៃអើ!!​ ដូច​អាជ័យ​ធ្លាក់ទឹក​ហៃអើៗ។ ​រឿងនេះ​វា​អត់មាន​កិត្តិយស​ផង​ ហើយ​យើង​ថា​យើង​ជាស្រុក​ដែលមាន​ប្រជាធិបតេយ្យ​ម៉េច​រួច?»​

ដោយ​អះអាង​ថា ​គណបក្ស​ជំទាស់​គួរ​មាន​តួនាទី​ចូលរួម​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​ យុត្តិធម៌ ​និង​កំណែ​ទម្រង់​បញ្ហា​ជាតិ​ធំ​ដទៃ​ទៀត​ផង​នោះ​ លោក​សឺន ស៊ូប៊ែរ៍ថ្លែង​ថា​ ឯករាជ្យភាព​របស់​តុលាការ​មាន​ផល​ប្រយោជន៍​ខ្លាំង​ណាស់​ដើម្បី​ទប់ទល់​អំណាច​និតិប្រត្តិបត្តិ​ ឬ​រដ្ឋាភិបាល​ និង​និតិ​បញ្ញត្តិ​ ឬសភា ​ឲ្យមាន​តុល្យភាព​អំណាច​ ឬ​មិន​ស្ថិត​ក្រោម​រដ្ឋាភិបាល​ដូច​សព្វ​ថ្ងៃ​នេះ។

«ឥឡូវ​បញ្ហា​ដែលធំ​ ដែល​ប្រទេស​ជាតិ​យើង​កំពុង​ប្រឈម​មុខ​នោះ​គឺ​គណបក្ស​តែ​មួយ ​កែ​អត់​រួច​ទេ​ មាន​ន័យ​ថា​ ត្រូវតែ​រួម​ដៃគ្នា​កែ​ទម្រង់​បញ្ហា​អស់​ហ្នឹង។​ តុលាការ ​ព្រះ​មហាក្សត្រ​លោក​ជា​ព្រះ​ប្រធាន ​តែ​លោក​ធ្វើអ្វី​បាន​ បើនៅ​ខាង​ក្រោយ​អត់មាន​ត្រួត​អី​បាន​ផង​ ហើយ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារជាតិ​ក៏​អញ្ចឹង»។​

លោក​សឺន ស៊ូប៊ែរ៍​អះអាង​ថា ​ចរន្ត​ទាមទារ​ឲ្យ​កែ​ទម្រង់ប្រទេស​ ជាពិសេស​ការ​កែ​ទម្រង់ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ត្រឹមត្រូវ​នោះ​ មាន​លក្ខណៈ​ខ្លាំង​ក្លាណាស់​បច្ចុប្បន្ន​នេះ។​

លោក​នី ចរិយា ​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​អះអាង​ថា​ ការ​កែ​ទម្រង់​ច្បាស់​លាស់​ ដាក់​ឲ្យ​អំណាច​តុលាការ​ស្ថិត​នៅ​ដាច់ពី​ស្ថាប័ន​សភា ​និង​រដ្ឋាភិបាល​គឺធ្វើឲ្យ​ស្ថាប័ន​តុលាការ​នេះ​ អាច​ធានា​ឲ្យ​មនុស្ស​គ្រប់រូប​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា។

«តុលាការ​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ។​ ប្រទេស​ ដែល​គោរព​ច្បាប់​គឺ​សំខាន់​ណាស់​ ទាំងក្រុម​ដែលមាន​និន្នាការ​គណបក្ស​ក្រៅ រដ្ឋាភិបាល​ ទាំង​ក្រុម​ដែល​មាន​និន្នាការ​គណបក្ស​ដឹកនាំ​ប្រទេស»។​

លោក​បាន​លើក​យក​ប្រទេស​ថៃ​មក​ធ្វើជា​អំណះ​អំណាង​ដែល​គេ​មាន​តុលាការ​ ឯករាជ្យ​ខ្លាំង​ ទោះបី​មិន​១០០​ភាគរយ​នោះ​គឺ​ថា​ ទោះបី​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​មែន ​តែ​គណបក្ស​កាន់​អំណាច​មិន​ហ៊ាន​ធ្វើអ្វី​ដែរ ​ដោយសារ​គេ​មាន​ តុលាការ​មួយ​ធានា​ការ​អនុវត្ត​ច្បាប់​គ្រប់ៗ​គ្នា។
​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ការ​កែទម្រង់​ច្បាប់​នានា​ដោយ​គ្មានការ​ចូលរួម​ពី​អ្នក​ជំនាញ​ច្បាប់​ឯករាជ្យ​ និង​សហគមន៍​នេះ​ ​ហើយ​មន្ត្រី​តុលាការ​ស្ថិត​នៅ​ក្រោម គណបក្ស​នយោបាយ​ទៀត​នោះ​ វាធ្វើឲ្យ​លោក​គ្មាន​ជំនឿ​ចិត្ត​លើ​កំណែ​ទម្រង់​ នេះ​ទេ។​

«ដូចនេះ​ហើយ ​ប្រសិន​បើធ្វើ​ច្បាប់​នេះ​នៅក្រោម​អំណាច​នៃ​អ្នក​នយោបាយ​ដែល​ ជា​អ្នក​គ្រប់គ្រង​តុលាការ​ពីមុន​មក​ហ្នឹង ​គឺគ្មាន​អីប្រែប្រួល​ទេ។ ​ខ្ញុំជឿ​ថា​ អាច​នឹង​ធ្វើច្បាប់​នេះ​ បណ្តឹង​ឬ​ក៏រក​មធ្យោបាយ​ដើម្បី​ចង​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ហ្នឹង​ បន្ថែម​ទៀត​ លើស​ពីអ្វី​ដែល​មាន​នៅ​សព្វ​ថ្ងៃ​ផង»។​

លោក​បាន​អះអាង​ថា ​លោក​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​ធ្វើការ​កែ​ទម្រង់​ពិត​ប្រាកដ​លើក​នេះ​ គឺ​មិន​គ្រាន់​តែ​បង្ហាញ​ឆន្ទៈ​ឲ្យ​ម្ចាស់​ជំនួយ​បាន​ឃើញ​មុន​កិច្ច​ប្រជុំ​នៅខែ​មិនា​ខាង​មុខ​នេះ​ប៉ុណ្ណោះ​ទេ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ​ក្រោយ​ពីកិច្ចប្រជុំ​នៅ​សប្តាហ៍​នេះលោក​កើត សេកាណូ​ អគារធិការ​នៃ​អគារ​ធិការដ្ឋាន​ កិច្ចការ​តុលាការ​របស់​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​អំពីក្តី​សង្ឃឹម​ចេញ​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ។​

«ច្បាប់នេះ​ជាច្បាប់​ថ្មី​ដើម្បី​ជំនួស​ច្បាប់​ចាស់។ ​ក៏ប៉ុន្តែ​ខ្លឹមសារ ​និង​អត្ថន័យ​ ដែល​យើង​មាន​ពីមុន​មក​ យើង​នៅ​រក្សា​ជា​ច្រើន។​ ហើយ​យើង​សង្ឃឹម​ថា​ វា​នឹង​ជួយ​ កែ​ទម្រង់​បាន​ច្រើន​ នៅពេល​ដែល​ច្បាប់​នេះ​ចូល​ជាធរមាន»។​

លោក​បាន​បន្ថែម​ថា​ សេចក្តី​ព្រាងច្បាប់​ថ្មី​នេះកំណត់​មុខ​នាទី​របស់​ឧត្តម​ ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​យ៉ាង​ច្បាស់លាស់​ថា​ ត្រូវ​ធ្វើអ្វីខ្លះ ​ក្រុម​ប្រឹក្សា​វិន័យ​ត្រួត​ពិនិត្យ​មើល​លើ​វិន័យ​របស់​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​បែប​ណា​ផង​ដែរ។​

ក្រុម​មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​អះអាង​ថា​ សេចក្តី​ព្រាង​ច្បាប់​ឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅក្រម​បាន​កែប្រែ​សមាសភាព​ និង​ការ​សម្រេច​ខ្លះៗ។ ប្រធាន​តុលាការ​កំពូល​ ព្រះរាជ​អាជ្ញា​តុលាការ​កំពូល​ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជា​សមាជិក​ស្វ័យ​ប្រវត្តិ។​ ហើយ​សមាជិក​ដទៃ​ទៀត​មកពី​សភា​ និង​ព្រឹទ្ធសភា ហើយនឹង​សមាជិក​មក​ពី​តុលាការ​ជាន់ខ្ពស់​ ឬ​សាលា​ឧទ្ធរណ៍​ ​និង​សាលា​ជាន់ទាប​ដទៃ​ទៀត​ត្រូវ​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត។​

ប្រធាន​តុលាការ​កំពូល​ទំនង​ជាកាន់​កាប់​ក្រុមប្រឹក្សា​វិន័យ​ខាង​ចៅ​ក្រម​ ព្រះរាជ​អាជ្ញា។ ​ ក៏ប៉ុន្តែ
​លោក ​កៅ ស៊ូផា ​មេធាវី​ម្នាក់​ បាន​ថ្លែង​ថា​ ដើម្បី​កែទម្រង់​ស្ថាប័ន​ឧត្តម​ក្រុម​ ប្រឹក្សា​អង្គចៅក្រមគឺ​គេគួរ​កែ​ប្រែ​សមាស​ភាព​យ៉ាង​តិច​បួន​នាក់​គឺ​ប្រធាន​ តុលាការ​កំពូល​ អគ្គព្រះរាជ​អាជ្ញា​តុលាការ​កំពូល​ និង​ប្រធាន​សាលា​ឧទ្ធរណ៍​ និង​អគ្គ​ព្រះរាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​ដើម្បី​បញ្ជៀស​ឥទ្ធិពល​ដល់ក្រុម​ចៅក្រម​ និង​ ព្រះ​រាជ​អាជ្ញា។​

«ខ្ញុំថា ​សមាភាព​ទាំងបួន​នេះ​គួរតែ​ជំនួស​មក​វិញ​នូវ​សមាជិក​ឧត្តម​ផ្សេង​ ដូចជា​ អ្នក​ដែល​ពាក់​ព័ន្ធ​ ឬ​ក៏អង្គការ​ ដែល​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ ​ដែល​ជួយ​កែ​ទម្រង់​តុលាការ​ ដូចជា​មេធាវី ​អង្គការ​សង្គម​ស៊ីវិល ​និង​អាច​ថា​ មាន​តំណាង​រាជ​រដ្ឋាភិបាល​ក៏​ថា​បាន​ដែរ»។​

លោក​ថ្លែង​ថា​ មេធាវី​ សង្គម​ស៊ីវិល​ជាអ្នក​ជួយ​កិច្ចការ​យុត្តិធម៌​ដែរ។ ​លោក​កៅ ស៊ូផា​បាន​អះអាង​ថា​ ចំពោះ​ច្បាប់​សហ​លក្ខន្តិកៈ​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​ គេ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា​អំពី​រឿង​ដល់​អាយុ​ចូល​និវត្តន៍​ ការផ្លាស់​ប្តូរ​៤​ឆ្នាំ​ម្តង​ជាដើម​នោះ។​

«កន្លងមក​អ្នក​ធ្វើការ​នៅ​ភាគ​ឦសាន​គឺនៅ​ភាគឦសាន្ត​ហ្នឹង។​ អ្នក​ដែល​ធ្វើការ​នៅ​រាជ​ធានី ​ដូរ​ចុះ​ ដូរ​ឡើង ​នៅ​រាជ​ធានីដដែល ​គ្រាន់តែ​ដូរ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ទៅ​សាលា​ឧទ្ធរណ៍​ ឬ​ក៏​អ្នកខ្លះ​ដូរ​ពី​ខេត្ត​កណ្តាល​មក​រាជ​ធានី​ភ្នំពេញ។ ចំពោះ​ខ្ញុំ​មើល​ឃើញ​ថា​ ចៅក្រម​ ព្រះរាជ​អាជ្ញា​ខ្លួន​ឯង​ហ្នឹង​ អត់​ទទួល​បាន​យុត្តិធម៌​ទៅ​ហើយ»។​

បន្ថែម​ពីលើ​ការ​ដំឡើងឋានៈ​ ការឡើង​សក្តិ ​ប្រាក់​បៀវត្សរ៍​សមរម្យ​ ដូចជា​ស្ថានប័ន​ដែល​មាន​ឥទ្ធិពល​ជាមួយ​រដ្ឋាភិបាល​ផ្សេង​ទៀត​ ការ​បើក​ប្រាក់​បៀវត្សរ៍​ដល់​ចៅក្រម​ព្រះរាជ​អាជ្ញា​ឲ្យ​ចូល​និវត្តរ៍​ ឬ​អ្នក​ជិត​ចូល​និវត្តន៍ឲ្យ​បាន​ត្រឹមត្រូវ​និង​មានយន្តការ​ច្បាស់​លាស់​ផង​នោះ​ លោក​កៅ ស៊ូផា​បាន​អះអាង​បន្ថែម​ថា​ ជារឿង​ ត្រូវ​តែ​ដោះស្រាយ​ឲ្យ​មាន​យុត្តិធម៌។​

ច្បាប់​ទាំងបី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នេះ​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ដាក់បញ្ជា​ឲ្យធ្វើ​បញ្ចប់​ ហើយ​បញ្ជូន​ទៅ​កាន់​សភា​នៅ​ឆមាស​ទី១​ឆ្នាំនេះ​ ដោយ​គ្មាន​ការ​រង់ចាំ​យោបល់​ច្រើន​ទេ​ ក្រោយពី​ខកខាន​រយៈពេល​២០​ឆ្នាំ​នៃការ​កែ​ទម្រង់​ឲ្យ​មាន​ប្រសិទ្ធិភាព​ ដែល​ពលរដ្ឋ​អាច​ជឿ​ជាក់​បាន​នោះ៕​
XS
SM
MD
LG