ជាថ្មីម្ដងទៀត គូប្រជែងផ្នែកនយោបាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក កឹម សុខា បានបរាជ័យសាជាថ្មី ក្នុងការទាមទាររកសិទ្ធិសេរីភាពនៅក្រៅពន្ធនាគារ ខណៈដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើដំណើរទៅពន្ធនាគារដែលឃុំខ្លួនលោកក្បែរព្រំដែនវៀតណាម ដើម្បីបើកសវនាការ និងសម្រេចថា អ្នកនយោបាយជំទាស់រូបនេះត្រូវដាក់ឱ្យឃុំខ្លួនរយៈពេល៦ខែទៀត។
មន្ត្រីតុលាការ និងមេធាវីការពារក្ដីរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋអំណាចរំលាយចោលកាលពីខែវិច្ឆិកា បាននិយាយនៅល្ងាចថ្ងៃច័ន្ទនេះថា ចៅក្រមស៊ើបសួរគឺលោក គី ឫទ្ធី បានបញ្ចប់ការសាកសួរលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដោយសម្រេចបន្តនីតិវិធីឃុំខ្លួនលោកក្នុងពន្ធនាគារដើម្បីស៊ើបសួរ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមសារអេឡិចត្រូនិចតេឡេក្រាម នាល្ងាចថ្ងៃច័ន្ទនេះថា ក្រោយបញ្ចប់ដំណើរការនៃនីតិវិធីក្នុងការសាកសួរ និងពិភាក្សាដេញដោលស្ទើរពេញមួយថ្ងៃ ចៅក្រមស៊ើបសួរយល់ថា មានភាពចាំបាច់ក្នុងការពន្យារពេលឃុំខ្លួនលោក កឹម សុខា ដើម្បីបន្តកិច្ចស៊ើបសួរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ជនត្រូវចោទត្រូវបានដាក់ក្រោមការពិនិត្យពីបទល្មើសជាបទឧក្រិដ្ឋ ដែលការពន្យារពេលឃុំខ្លួនមានរយៈពេល៦ខែ»។
អ្នកស្រី ម៉េង សុភារី មេធាវីមួយរូបក្នុងចំណោម៧រូប ដែលការពារក្តីឲ្យលោក កឹម សុខា បានប្រាប់ VOA ថា ការសម្រេចនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិ និងសុខភាពរបស់លោក កឹម សុខា និងថា មេធាវីទាំង៧រូបនឹងប្តឹងបន្តទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចនេះ។
មេធាវីរូបនេះបានបញ្ជាក់ថា៖
«បញ្ហាជំងឺឆ្អឹងកៀបសសៃហ្នឹងធ្វើទុកគាត់ខ្លាំងឡើងៗ រួមផ្សំជាមួយនឹងជំងឺទឹកនោមផ្អែម ក៏ដូចជាសម្ពាធឈាមឡើងខ្ពស់ហ្នឹង ធ្វើឲ្យគាត់មានបញ្ហាសុខភាពហ្នឹងខ្លាំង។ ម្ល៉ោះហើយ ទើបបានជាយើងខ្ញុំយល់ថា ការសម្រេចបន្តឃុំខ្លួនលើកូនក្តីយើងខ្ញុំហ្នឹងមិនអាចទទួលយកបានទេ ព្រោះកូនក្តីយើងខ្ញុំត្រូវការការព្យាបាល ការពិនិត្យ ជាពិសេសត្រូវការការវះកាត់ជំងឺឆ្អឹងកៀបសសៃហ្នឹង ទៅតាមវេជ្ជបញ្ជានៃគ្រូពេទ្យប្រទេសសិង្ហបុរី»។
គិតត្រឹមចុងសប្ដាហ៍កន្លងទៅ លោក កឹម សុខា ត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែមកហើយ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនចេញពីក្នុងផ្ទះទាំងមានអភ័យឯកសិទ្ធិ នៅពេលសមត្ថកិច្ចសម្រុកចូលទាំងកណ្ដាលរាត្រី នៅបីខែ ក្រោយពីគណបក្សសង្គ្រោះជាតិរបស់លោក ដណ្ដើមបានការគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការលីកាដូ ប្រាប់ VOA ថា តុលាការគួរសិក្សាពីស្ថានភាពជំងឺរបស់លោក កឹម សុខា ដើម្បីរកឲ្យឃើញថា តើលោក កឹម សុខា ពិតជាមានជំងឺដែលត្រូវការការព្យាបាលជាចាំបាច់មែន ឬយ៉ាងណា។ លោកបន្ថែមថា ប្រសិនបើលោក កឹម សុខា ពិតជាមានជំងឺមែន នោះការឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារនឹងធ្វើឲ្យប៉ះពាល់សិទ្ធិរបស់លោកយ៉ាងធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលរូបនេះបានមានប្រសាសន៍ថា៖
«ទាក់ទងនឹងការសុំព្យាបាលហ្នឹង បើសិនជាយើងមើលទៅលើបញ្ហាសុខភាព អាហ្នឹងវាត្រូវតែមានការពិនិត្យឲ្យបានដិតដល់ ថាតើឯកឧត្តម កឹម សុខា មានជំងឺពិតជាត្រូវការព្យាបាលនៅមន្ទីរពេទ្យមែន ឬត្រូវការព្យាបាលដោយពេទ្យជំនាញមែន ឬយ៉ាងម៉េច? អាហ្នឹងគួរតែពិចារណាទៅលើបញ្ហាហ្នឹង ពីព្រោះសុខភាពមនុស្សហ្នឹងជាធំ»។
នៅព្រឹកថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនឹងមិនស្នើសុំព្រះរាជទានលើកលែងទោសជាលើកទី៣ឲ្យលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារពីការចោទថា មានជាប់ព័ន្ធនឹងបទក្បត់ជាតិនោះទេ។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តឈូកវ៉ា នៅរាជធានីភ្នំពេញ ខណៈលោកកំពុងប្រតិកម្មនឹងការស្នើឲ្យមានការចរចានយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ។
លោកថ្លែងថា៖
«ហើយអាអ្នកដែលជាប់គុករួចហើយនេះ ក៏កុំសង្ឃឹមថា នឹងមានការសុំលើកលែងទោសពី ហ៊ុន សែន នៅលើកទី៣ឲ្យសោះ»។
លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣ទសវត្សរ៍ បានស្នើព្រះរាជទានទោសដល់លោក កឹម សុខា ម្ដងកាលពីឆ្នាំ២០០៦ ទាក់ទិននឹងរឿងព្រំដែន និងម្ដងទៀតកាលពីឆ្នាំ២០១៦ពាក់ព័ន្ធនឹងសំណុំរឿងគេចវេសមិនបានបង្ហាញខ្លួនចំពោះមុខតុលាការ។
រដ្ឋាភិបាល និងព្រះរាជអាជ្ញាសាលាដំបូងបានចោទ លោកកឹម សុខាពីបទ«ក្បត់ជាតិ» ពាក់ព័ន្ធនឹងការថ្លែងរបស់លោកដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធឃោសនាបំពងសំឡេងរណបរដ្ឋាភិបាល ដែលចង់បង្ហាញថា លោក កឹម សុខា បានថ្លែងទទួលស្គាល់ថា បានទទួលការណែនាំពីសហរដ្ឋអាមេរិកឱ្យអនុវត្តគម្រោងការផ្ដួលរំលំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ទាំងលោក កឹម សុខា ទាំងគណបក្សសង្គ្រោះជាតិ និងទាំងសហរដ្ឋអាមេរិក សុទ្ធតែបានបដិសេធបទចោទទាំងនោះថា ជារឿងមិនពិត។ ជាមួយនឹងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មបុគ្គលផង បណ្ដារដ្ឋាភិបាលលោកខាងលិចក៏បានថ្កោលទោសសកម្មភាពបង្ក្រាបនេះផងដែរ ដោយពួកគេ និងអ្នកឃ្លាំមើលផ្សេងទៀតថា ចាត់ទុកថា ជាវិធីផាត់ចេញនូវគូប្រជែងផ្នែកនយោបាយនៅមុនការបោះឆ្នោតឈានចូលមកដល់។
កន្លងមក ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំធ្វើមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ដោយអះអាងថា ការចាប់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមទាំងកណ្តាលយប់និងមានអភ័យឯកសិទ្ធិសភាបែបនេះគឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា៕