តុលាការសាលាឧទ្ធរណ៍ភ្នំពេញបានច្រានចោលសំណើរបស់សហមេធាវីការពារក្តីរបស់លោក កឹម សុខា ដែលស្នើសុំឱ្យមានការកោះហៅមន្ត្រីនគរបាលមកបំភ្លឺការចាប់ខ្លួនអតីតមេបក្សប្រឆាំងរូបនេះ កាលពីឆ្នាំ ២០១៧ ក្រោមហេតុផលថា ការកោះហៅមន្ត្រីនគរបាលគួរតែធ្វើឡើងក្នុងតំណាក់កាលស៊ើបសួរ។ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស និងមេធាវីការពារក្តីលោក កឹម សុខា។
សវនាការលោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ គឺជាសវនាការលើកទី ៩ ដែលមានការចូលរួមឃ្លាំមើលពីមន្ត្រីទូតមួយចំនួន និងតំណាងអង្គការការពារសិទ្ធិមនុស្ស។
ក្រោយបញ្ចប់សវនាការលើកទី៩របស់លោក កឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ក្រុមអ្នកកាសែតក្រោយសវនាការលោក កឹម សុខា ថ្ងៃព្រហស្បតិ៍នេះថា តុលាការបានចំណាយពេលច្រើនទៅលើការអានកំណត់ហេតុ ជុំវិញសំណុំរឿងលោក កឹម សុខា។ ប៉ុន្តែខាងតុលាការក៏មានការសម្រេចចិត្តមួយ ដោយបានបដិសេធសំណើរបស់សហមេធាវីរបស់លោក កឹម សុខា ចំពោះការស្នើឱ្យកោះហៅមន្រ្តីនគរបាលយុត្តិធម៌មកបំភ្លឺ ពាក់ព័ន្ធការចាប់ខ្លួនលោក កឹម សុខាកាលពី ៧ ឆ្នាំមុន។
លោកថ្លែងថា៖ «តុលាការបានធ្វើការបដិសេធនូវការស្នើសុំរបស់មេធាវីក្នុងការកោះហៅមន្រ្តីនគរបាលយុត្តិធម៌មកធ្វើការសាកសួរ ដោយលើកឡើងថា ដំណាក់កាលហ្នឹងគឺត្រូវធ្វើនៅដំណាក់កាលចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់កាលជំនុំជម្រះទេ។ ប៉ុន្តែទោះយ៉ាងណាយើងឃើញថា សហមេធាវីរបស់ឯកឧត្តម កឹម សុខា ហាក់ដូចជាមិនអស់ចិត្តនៅក្នុងរឿងនេះទេ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣ ខែកញ្ញានៅឆ្នាំ ២០១៧ ភ្លាមៗក្រោយពេលវីដេអូរបស់លោកជាង ១ម៉ោង ដែលលោកបានថ្លែងជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី អំពីយុទ្ធសាស្ត្ររបស់លោកដើម្បីប្រជែងជាមួយដៃគូនយោបាយគឺគណបក្សកាន់អំណាចនោះ ត្រូវគេបង្ហោះនៅលើហ្វេសប៊ុកឡើងវិញ។ វីដេអូនេះបានក្លាយជាភស្តុតាងក្នុងការកាត់ក្តីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ដែលក្រោយមកបានផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារដោយឃុំខ្លួនក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។
សហមេធាវីការពារក្តីរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ថា ការស្នើឱ្យមានការកោះហៅមន្រ្តីនគរបាលយុត្តិធម៌នេះមានភាពចាំបាច់ក្នុងការស្វែងរកយុត្តិធម៌ជូនកូនក្តី។
អ្នកស្រីថ្លែងថា៖ «ទាក់ទងទៅនឹងសំណើកោះហៅមន្រ្តីនគរបាលយុត្តិធម៌នេះ ដោយយើងយល់ឃើញថា វាមានភាពចាំបាច់ក្នុងការស្វែងរកយុត្តិធម៌ជូនឯកឧត្តម កឹម សុខា។ អ៊ីចឹងហើយ ទើបបានជាសហមេធាវីរបស់យើងខ្ញុំទាំងអស់គ្នាដាក់ពាក្យស្នើសុំឱ្យមានការកោះហៅមន្រ្តីនគរបាលយុត្តិធម៌»។
សហមេធាវី លោក កឹម សុខា ម្នាក់ទៀតគឺលោក ផែង ហេង បានបញ្ជាក់ថា ក្នុងសវនាការថ្ងៃនេះ សហមេធាវីមិនបានដាក់ភស្តុតាងអ្វីបន្តទៀតទេ គ្រាន់សហមេធាវីស្នើឱ្យតុលាការកោះហៅមន្រ្តីនគរបាលយុត្តិធម៌មកបំភ្លឺជុំវិញការចាប់ខ្លួនលោក កឹម សុខា ទាំងយប់កណ្តាលអាធ្រាត្រដើម្បីសាកសួរបន្ថែមនៅចំពោះមុខសវនាការ ប៉ុន្តែខាងចៅក្រមបានបដិសេធសំណើនេះ។
លោកបន្ថែមទៀតថា លោក កឹម សុខា នៅតែរក្សាជំហរដដែលថា លោកមិនបានក្បត់ជាតិ និងមិនបាននាំបរទេសមកឈ្លានពានជាតិឡើយ។
លោកថ្លែងថា៖ «ឯកឧត្តម កឹម សុខា គាត់នៅតែប្រកាន់គោលការណ៍ថា គាត់មិនបានក្បត់ជាតិ មិនបាននាំបរទេសមកឈ្លានពានឬក៏កាត់ដីឱ្យបរទេសឬក៏ផ្តល់មធ្យោបាយជាសព្វាវុធឬជាព័ត៌មានចារកម្មទៅឱ្យបរទេសទេ។ គាត់ជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រទេសកម្ពុជា គោរពព្រះមហាក្សត្រ និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងគាត់តែងតែចង់ឃើញការដឹកនាំមួយមានការគោរពសិទ្ធិមនុស្សក៏ដូចជាស្របតាមរដ្ឋធម្មនុញ្ញដែលមានការផ្សះផ្សាជាតិ»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោកឃុន លាងម៉េងប្រាប់វីអូអេថា សំណើរបស់សហមេធាវីរបស់លោក កឹម សុខា ក្នុងការហៅមន្ត្រីនគរបាលមកបំភ្លឺម្តងទៀតចំពោះការចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំងរូបនេះ ជារឿងមិនចាំបាច់ ដោយសារមន្ត្រីទាំងនោះធ្លាប់ត្រូវបានកោះហៅមកសួរនាំរួចហើយ។
លោកថ្លែងថា៖ «បាទ! ដោយសារតែអត់មានភាពចាំបាច់ដើម្បីធ្វើការសួរឡើងវិញ ព្រោះថា មន្រ្តីដែលចុះបំពេញកាតព្វកិច្ចហ្នឹងគឺត្រូវបានសាកសួររួចហើយ អស់ហើយ»។
បន្ទាប់ពីសវនាការលើកទី ៩ បានបញ្ចប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា នឹងមកចូលរួមសវនាការជាថ្មីទៀត នៅសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ៦ ខែមិថុនាខាងមុខនេះ។
គួររំឭកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬរួមគំនិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ តែទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបដិសេធ។
លោក កឹម សុខា ធ្លាប់ប្រាប់សំឡេងសហរដ្ឋអាមេរិកថា អ្វីដែលជាយុទ្ធសាស្រ្តនយោបាយរបស់លោកគឺផ្តោតលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ហើយយុទ្ធសាស្រ្តរបស់លោកដែលគេថា ឬ គេមិនយល់ច្បាស់នោះគឺយុទ្ធសាស្រ្តដើម្បីឱ្យមានការផ្លាស់ប្តូរខ្លៅ ខ្លាច ឃ្លាន។
បើតាមលោក កឹម សុខា យុទ្ធសាស្រ្តនេះគឺដើម្បីពន្យល់ពលរដ្ឋឱ្យយល់ដឹង កុំឱ្យខ្លាច ឱ្យហ៊ានបញ្ចេញមតិពាក់ព័ន្ធនឹងស្ថានភាពរស់នៅប្រចាំថ្ងៃ។ លោកបន្ថែមថា គោលដៅរបស់លោកឆ្ពោះទៅរកការបោះឆ្នោត មិនមែនបដិវត្តន៍ពណ៌ដូចការចោទប្រកាន់របស់រដ្ឋាភិបាលនោះទេ៕
វេទិកាបញ្ចេញមតិ