មេធាវីការពារក្តីឱ្យមន្ត្រី និងអតីតមន្ត្រីសមាគមអាដហុកនៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់ បានជំរុញឱ្យតុលាការកំពូលទម្លាក់បទចោទលើកូនក្តី ដែលកើតឡើងតាំងពីឆ្នាំ២០១៦។
មេធាវីអះអាងថា ការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍កាលពីកន្លងទៅ មិនមានភស្តុតាង និងរំលោភបំពានច្បាប់។
កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើសំណុំរឿងមន្ត្រី និងអតីតមន្ត្រីរបស់សមាគមអាដហុកចំនួន៥នាក់ ដែលពួកគេបានប្តឹងទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ៥ឆ្នាំ។
ក្រោយបញ្ចប់សវនាការជំនុំជម្រះ មេធាវីការពារក្តីម្នាក់ លោក ឡោ ជុនធី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកទទូចឱ្យតុលាការទម្លាក់ការចោទលើកូនក្តី ខណៈថា ការចោទប្រកាន់របស់តុលាការមិនមានហេតុផលច្បាស់លាស់។
បើតាមមេធាវីរូបនេះ តុលាការមិនមានសាក្សីពិតប្រាកដ ហើយមិនមានភស្តុតាងដាក់បន្ទុកថា ការផ្តល់ប្រាក់ជាង២០០ដុល្លារដល់ស្រ្តីម្នាក់ដែលត្រូវបានទម្លាយថា មានរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា ជាការសូកប៉ាន់ឡើយ ប៉ុន្តែវាជាផ្នែកមនុស្សធម៌។
លោកថ្លែងថា៖ «អ៊ីចឹងរាល់ការជួយទាំងអស់ហ្នឹង វាជាជំនួយផ្នែកស្មារតី ផ្នែកមនុស្សធម៌។ អ៊ីចឹងរឿងសូកប៉ាន់ វាអត់មានបានជាយើងស្នើសុំឱ្យតុលាការកំពូលបដិសេធចោលនូវសាលដីការបស់សាលាឧទ្ធរណ៍»។
កាលពីខែកញ្ញា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសមន្រ្តី និងអតីតមន្រ្តីការពារសិទ្ធិមនុស្ស៥រូបរបស់សមាគមអាដហុកម្នាក់ៗឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា មេបក្សប្រឆាំងជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
អ្នកទាំង៥រូប រួមមានលោក នី សុខា បច្ចុប្បន្នជាប្រធានសមាគមអាដហុក លោក យី សុខសាន្ត មន្រ្តីសមាគមអាដហុក លោក ណៃ វ៉ង់ដា មន្រ្តីសមាគមអាដហុក អ្នកស្រី លឹម មុនី មន្ត្រីសមាគមអាដហុក និងលោក នី ចរិយា អតីតមន្រ្តីអាដហុក ដែលបច្ចុបន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ពួកគេត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល១៤ខែ និងសល់ប៉ុន្មានព្យួរពីបទ«សូកប៉ាន់សាក្សី»។ បច្ចុប្បន្ន ពួកគេស្ថិតនៅក្រៅឃុំ។
ទោះជាយ៉ាងណា កាលពីកន្លងទៅ សាលាឧទ្ធរណ៍បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ដែលរងការចោទប្រកាន់ ថ្លែងថា ការប្តឹងទាស់របស់លោក និងអ្នកផ្សេងទៀត ដោយសារពួកលោកមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ។ លោកអះអាងថា តុលាការបានបំពានច្បាប់ អំណាច និងបំភ្លៃអង្គហេតុជាដើម។
លោក នី សុខា អះអាងថា លោក និងអ្នកផ្សេងទៀតបានខិតខំធ្វើការងារដើម្បីបម្រើប្រយោជន៍សាធារណៈ ជាពិសេសជួយដល់តុលាការផងដែរ។ ប៉ុន្តែផ្ទុយមកវិញ តុលាការបានយកការជួយរបស់ពួកលោកមកចោទប្រកាន់នៅក្នុងរឿងក្តីក្តាំទៅវិញ។
លោកថ្លែងថា៖ «ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពដែលយើងបានធ្វើ គាត់បែរជាចោទប្រកាន់ថា យើងទៅសូកប៉ាន់សាក្សីទៅវិញ។ អាហ្នឹងដែលយើងអត់យល់ការចោទប្រកាន់នេះទេ។ ទី២ បើយើងពិនិត្យមើលទៅលើគោលការណ៍ច្បាប់ ការសូកប៉ាន់សាក្សី វាត្រូវតែមានសាក្សីណាដែលយើងសូកប៉ាន់។ ប៉ុន្តែនៅពេលយើងមើលក្នុងអង្គហេតុមែនទែន វាអត់មានជាសាក្សី»។
លោកបន្ថែមថា៖ «យើងវាពិបាកនៅក្នុងការដែលប៉ះពាល់ដល់ការងារយើងផង ប៉ះពាល់ដល់ស្មារតីយើងផង ប៉ះពាល់ទៅបញ្ហាយុត្តិធម៌ដល់ស្មារតីអ្នកធ្វើការងារសិទ្ធិមនុស្សទាំងមូលផង។ អានេះវាជារឿងដែលយើងចង់ឱ្យតុលាការកំពូលនេះ ដែលលោកមានអំណាចខ្ពស់បំផុតក្នុងការសម្រេចសេចក្តី ធ្វើការសម្រេចសេចក្តីដើម្បីឱ្យជាប្រយោជន៍ទៅដល់សង្គម ដើម្បីឱ្យអ្នកការពារសិទ្ធិមនុស្សទូទៅ គេមានភាពកក់ក្តៅចំពោះតុលាការហ្នឹងផង»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលបានតាមដានសវនាការនៅតុលាការកំពូល លើកឡើងថា ការសម្រេចឃុំខ្លួនជាង១ឆ្នាំកន្លងទៅ និងបន្តមិនទម្លាក់បទចោទប្រកាន់ ជារឿងអយុត្តិធម៌ចំពោះក្រុមមន្ត្រី និងអតីតមន្ត្រីអាដហុក ខណៈអ្នកស្រីជំរុញឱ្យតុលាការទម្លាក់បទចោទលើកពួកគេ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងពិចារណាក្នុងការទម្លាក់នូវបទចោទប្រកាន់ទៅលើពួកគាត់ទាំង៥រូបដើម្បីផ្តល់នូវភាពស្អាតស្អំ និងយុត្តិធម៌សម្រាប់ពួកគាត់ ដែលគ្រាន់តែបំពេញនូវវិជ្ជាជីវៈមួយដែលស្របច្បាប់ ហើយដែលគួរតែទទួលនូវការសាទរជាជាងការយាយី និងការចោទប្រកាន់បែបនេះ»។
គួររំឭកឡើងវិញផងដែរ មូលហេតុនៃការចាប់ខ្លួនបុគ្គលិក និងអតីតបុគ្គលិកអាដហុកទាំង៥រូបយកទៅឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៦គឺផ្តើមចេញពីការផ្តល់សេវាផ្លូវច្បាប់ដល់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលពេលនោះនាងបានរងការវាយប្រហារតាមរយៈការបង្ហោះផ្សព្វផ្សាយខ្សែអាត់សំឡេងមួយចំនួនដែលត្រូវបានជនមិនស្គាល់មុខព្យាយាមបង្ហាញថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។
ក្រោយទទួលបានជំនួយពីមេធាវីរបស់សមាគមអាដហុក រួមនិងទឹកប្រាក់ប្រមាណ២០០ដុល្លារពីសមាគម ដូចដែលតែងជួយជនរងគ្រោះផ្សេងៗនាពេលកន្លងទៅនោះ នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានចោទក្រុមមន្រ្តីអាដហុកថា បង្គាប់មិនឱ្យនាងទទួលស្គាល់ខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាសំឡេងរបស់នាង និងសំឡេងរបស់លោក កឹម សុខា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា ម៉េត អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេ នៅថ្ងៃសុក្រនេះ។
បន្ទាប់ពីបើកសវនាការជំនុំជម្រះ ចៅក្រមនៃតុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៕