មេធាវីការពារក្តីលោក ខៀវ សំផន ដែលជាអតីតមេដឹកនាំខ្មែរក្រហម បារម្ភពីសុខភាពកូនក្តី បន្ទាប់ពីត្រូវបានប្តូរទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។
លោក គង់ សំអុន សហមេធាវីដែលការពារក្តីលោក ខៀវ សំផន ប្រាប់ VOA នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នេះថា នៅព្រឹកថ្ងៃចន្ទនេះ កូនក្តីរបស់លោកត្រូវបានបញ្ជូនចេញពីកន្លែងឃុំខ្លួនក្នុងអគារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ. វ. ត. ក.) ឬ សាលាក្តីខ្មែរក្រហម នៅរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តកណ្តាល។ លោកថ្លែងបន្ថែមថា ការប្តូរទៅឃុំខ្លួនលោក ខៀវ សំផន ក្នុងពន្ធនាគារធម្មតា នឹងធ្វើឱ្យស្ថានភាពសុខភាពរបស់លោកប្រឈមនឹងផលវិបាក។
លោកថ្លែងថា៖ «យើងដឹងស្រាប់ហើយថា នៅមន្ទីរឃុំឃាំងក្នុងស្រុករបស់យើង វាមានចំនួនមនុស្សច្រើន អ្នកជាប់ឃុំច្រើន អ៊ីចឹងការរស់នៅ ការមើលថែក៏មិនដិតដល់ដែរ។ ហើយសម្រាប់គាត់គឺគាត់អត់អាចជួយខ្លួនឯងបានទេ។ គាត់ត្រូវការមានអ្នកជួយ សូម្បីតែលើកចានបាយញ៉ាំក៏ត្រូវមានអ្នកជួយយកឲ្យគាត់ដែរ ព្រោះគាត់មិនអាចដើរទៅលើកចានបាយញ៉ាំខ្លួនឯងបាន។ ចូលបន្ទប់ទឹកក៏មានការលំបាក។ អ៊ីចឹងក៏វាអាចជាការលំបាកសម្រាប់គាត់។ អាហ្នឹងនិយាយតែផ្នែកខាងក្រៅទេ។ បើសិនជាគាត់ប៉ះពាល់ដល់សម្ពាធផ្លូវចិត្តអីទៀត អាហ្នឹងធ្វើឲ្យស្ថានភាពសុខភាពរបស់គាត់កាន់តែលំបាក»។
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០០៧ ហើយត្រូវឃុំខ្លួននៅសាលាក្តីខ្មែរក្រហម អស់ប្រមាណជា ១៥ ឆ្នាំមកហើយ។
កាលពីខែកញ្ញា ឆ្នាំ ២០២២ អង្គជំនុំជម្រះតុលាការកំពូលសាលាក្តីខ្មែរក្រហម បានប្រកាសរក្សាសាលក្រមរបស់សាលាដំបូង ដោយផ្ដន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍សម្លាប់រង្គាលក្រុមជនជាតិវៀតណាមនិងចាម ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ និងអំពើមនុស្សឃាត។
មុនប្តូរទីតាំងឃុំខ្លួនទៅពន្ធនាគារខេត្តកណ្តាល លោក ខៀវ សំផន ត្រូវបានឃុំខ្លួនក្នុងសាលាក្តីខ្មែរក្រហមដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ការប្តូរទីតាំងឃុំខ្លួននេះ ធ្វើឡើង បន្ទាប់ពីទីតាំងអតីតសាលាក្តីខ្មែរក្រហមត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។ ទីតាំងសាលាក្តីនោះត្រូវបានប្រើប្រាស់សម្រាប់ការកាត់ក្តីអតីតមេដឹកនាំកំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃសម័យខ្មែរក្រហម អស់រយៈពេលប្រមាណជា ១៦ ឆ្នាំ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ប្រាប់ VOA ថា លោក ខៀវ សំផន ត្រូវឃុំនៅទីកន្លែងដាច់ដោយឡែកក្នុងពន្ធនាគារខេត្តកណ្តាល ដូចទៅនឹងលោក កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរពន្ធនាគារស ២១ ដែរ។
ឆ្លើយតបនឹងការបារម្ភរបស់មេធាវីលោក ខៀវ សំផន លោកថ្លែងថា៖ «នេះជាការលើកឡើងរបស់អ្នកការពារខាងគាត់ ប៉ុន្តែជាក់ស្តែងដូចជំនាន់អង្កាល់ លោក ឌុច គាត់រស់នៅក្នុងខេត្តកណ្តាលហ្នឹងដែរ។ យើងយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះនិយាយទៅ មានមន្រ្តីយើងគាត់ស្នាក់នៅជាមួយនៅអគារហ្នឹង។ យើងមានខណ្ឌដោយឡែក គឺសម្រាប់ឱ្យអ្នកប្រចាំការនៅមើលថែគាត់ ២៤ម៉ោង នៅជាប់ជាមួយ ហើយពេទ្យក៏នៅជាប់ហ្នឹង ហើយទីតាំងយើងក៏អំណោយផល។ វាមិនពិបាកក្នុងការរកអន្តរាគមន៍សង្គ្រោះបន្ទាន់អីទេ។ ពេទ្យគេនៅហ្នឹងផ្ទាល់»។
លោក ខៀវ សំផន គឺជាអតីតមេដឹកនាំខ្មែរក្រហមទី ២ ដែលត្រូវបានប្តូរពីកន្លែងឃុំខ្លួនក្នុងសាលាក្តីខ្មែរក្រហម ទៅពន្ធនាគារខេត្តកណ្តាល បន្ទាប់ពី កាំង ហ្គេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរស ២១ ឬគុកទួលស្លែង។ ឌុច ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកណ្តាលកាលពីឆ្នាំ ២០១៣ និងបានស្លាប់ដោយជំងឺសួត នៅឆ្នាំ ២០២០ ពោលគឺក្រោយជាប់ពន្ធនាគារខេត្តកណ្តាលបានប្រមាណ ៧ ឆ្នាំ៕