នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមន្រ្តីរដ្ឋបាលកំពូលរបស់លោកប្រធានាធិបតីអូបាម៉ា កំពុងបង្កើនការខំប្រឹងប្រែងបញ្ចុះបញ្ចូលសមាជិកសភា ដែលមានការមន្ទិលសង្ស័យអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឲ្យផ្តល់ការគាំទ្រនៅវិមានរដ្ឋសភា Capitol Hill។
លោករដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា John Kerry លោករដ្ឋមន្រ្តីក្រសួងថាមពល Ernest Moniz និងលោករដ្ឋមន្រ្តីក្រសួងរតនាគារ Jack Lew នឹងបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍នេះនៅខាងមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា។
មន្រ្តីជាន់ខ្ពស់ ដែលជាស្ថាបត្យករដ៏សំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានធ្វើការជួបជាលក្ខណៈឯកជនជាមួយសមាជិកសភានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
ថ្លែងមុនពេលធ្វើសវនការ លោករដ្ឋមន្រ្តីការបរទេស Kerry បានមានប្រសាសន៍ថា លោកជឿជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងធ្វើឲ្យពិភពលោកមានសុវត្ថិភាពកាន់តែខ្លាំងឡើង។
លោករដ្ឋមន្រ្តីការបរទេសមានប្រសាសន៍បន្តទៀតថា «យើងជឿជាក់ថា កិច្ចព្រមព្រៀង ដែលយើងមានជាមួយប្រទេសមហាអំណាចពិភពលោក ជា កិច្ចព្រមព្រៀង ដែលនឹងរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ»។
សភាមានពេលរហូតដល់ពាក់កណ្តាលខែកញ្ញា ដើម្បីផ្តល់ការយល់ព្រម ឬ ច្រានចោលកិច្ចព្រមព្រៀង ដែលនឹងលុបចោលការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ដើម្បីដោះដូរនឹងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក John Boehner ប្រធានសភាតំណាងរាស្រ្តបានសន្យាថា ពួកគណបក្សសាធារណរដ្ឋដែលត្រួតត្រាសភាទាំងពីរនឹងខិតខំបង្អាក់កិច្ចព្រមព្រៀងនោះ៕