លោក Ash Carter រដ្ឋមន្រ្តីការពារជាតិស.រ.អា បានជួបជាមួយនាយករដ្ឋមន្រ្តី Benjamin Netanyahu នៃប្រទេសអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ ដើម្បីធ្វើការចរចា ដែលត្រូវបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីមានការសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែមួយ ដែលលោក Netanyahu បានជំទាស់ប្រឆាំងទាំងស្រុង។
លោករដ្ឋមន្រ្តី Carterបានស្វះស្វែងធ្វើការពង្រឹងជំនឿទុកចិត្តអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ ដោយបានហៅប្រទេសនោះថាជា «យុទ្ធសាស្រ្តដ៏សំខាន់នៅក្នុងតំបន់មជ្ឈឹមបូព៌ា»។
លោក Netanyahu បាននិយាយប្រឆាំងការចរចានុយក្លេអ៊ែតាមរយៈដំណើរការនោះហើយបាននិយាយកាលពីសប្តាហ៍មុន បន្ទាប់ពីស.រ.អា អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលពួកគេបានស្វះស្វែងរកជាយូរយាណាស់មកហើយថា «វាជាកំហុសប្រវត្តិសាស្រ្តមួយ»។
ក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.បបានអនុម័តជាឯកច្ឆ័ន្ទដល់កិច្ចព្រមព្រៀងនោះកាលពីថ្ងៃច័ន្ទ ដោយបានធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងឡើងពីលោក Ron Prosor ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអ.ស.ប។ លោកបានហៅសេចក្តីសម្រេចចិត្តនោះថាជា សោកនាដកម្មមួយ។
លោក Prosor បាននិយាយថា «អ៊ីរ៉ង់ ឥឡូវនេះ នឹងមានប្រាក់១៥០ពាន់លានដុល្លារដើម្បីផ្តល់ទៅឲ្យក្រុមភេរវកម្ម។ តើប្រាក់ប៉ុន្មាននឹងធ្លាក់ទៅលើក្រុម Hezbollah និងក្រុម Hamas ? តើប្រាក់ប៉ុន្មាន នឹងធ្លាក់ទៅប្រធានាធិបតី Bashar al-Assadនៃប្រទេសស៊ីរី ? តើប្រាក់ប៉ុន្មាន នឹងធ្លាក់ទៅលើពួកសកម្មជនភេរវកម្មនៅទូទាំងពិភពលោក?»។
លោកស្រី Samantha Powers ឯកអគ្គរដ្ឋទូតស.រ.អាប្រចាំនៅអ.ស.ប បានសរសើរក្រុមប្រឹក្សាសន្តិសុខចំពោះការសាកល្បងខាងការទូត ខណៈនោះ លោកស្រីឯកអគ្គរដ្ឋទូតក៏មានប្រសាសន៍បន្ថែមទៀតថា កិច្ចព្រមព្រៀងនោះមិនបានបំបាត់ការបន្តក្តីកង្វល់របស់ស.រ.អាអំពីប្រទេសអ៊ីរ៉ង់ទេ៕