ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាក់តែង​ច្បាប់​ថ្កោលទោស​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​មួយ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​កន្លែង​ពិសិដ្ឋ​របស់​ជនជាតិដើម​នៅ​អូស្ត្រាលី


រូបឯកសារ៖ ផ្លាកសម្គាល់ក្រុមហ៊ុន Rio Tinto នៅលើសំណង់អគារមួយដែលជាទីស្នាក់ការរបស់ក្រុមហ៊ុននេះនៅទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលី។
រូបឯកសារ៖ ផ្លាកសម្គាល់ក្រុមហ៊ុន Rio Tinto នៅលើសំណង់អគារមួយដែលជាទីស្នាក់ការរបស់ក្រុមហ៊ុននេះនៅទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលី។

ពាក្យ Never Again ជា​ចំណងជើង​របាយការណ៍​ស្តី​ពី​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលី​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​មួយ​របស់​សភា ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​ល្អាង​បុរាណ Juukan Gorge នៅ​ក្នុង​តំបន់ Pilbara នៃ​រដ្ឋ Western Australia ដោយ​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​មួយ​ឈ្មោះ​ថា Rio Tinto នៅ​ឆ្នាំ​នេះ។ ជម្រក​ល្អាង​ថ្ម​នេះ​ជា​កន្លែង​គោរពបូជា​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ក្នុង​ស្រុក​ដែល​មាន​វ័យចំណាស់ ​៤៦០០០ ឆ្នាំ។

លោក Pat Dodson សមាជិក​ព្រឹទ្ធសភា​បាន​ចាត់​ទុក​ហេតុការណ៍​នេះ​ថា ​ជា​គ្រោះមហន្តរាយ​ដ៏​អាក្រក់​បំផុត​មួយ «ដែល​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ទេ» ហើយ​វា​ជា​ហេតុការណ៍​ដែលអាច​បញ្ចៀស​បាន។

របាយការណ៍​នេះ​សរសេរ​ថា សេចក្តីសម្រេច​បំផ្លិចបំផ្លាញ​ជម្រក​បុរាណ​នេះ​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ជនជាតិ​ដើម​ដែល​ជា​ម្ចាស់ ​ទោះបី​ជា​គេ​ដឹង​ពី​តម្លៃ​ផ្នែក​បុរាណវិទ្យា​នៃ​កន្លែង​នេះ​ក្តី និង​ជា «សកម្មភាព​មិន​អាច​ដោះសារ​បាន»។ ពួកគេ​ងប់ងុល​នឹង​ការ​ស្វែងរក​រ៉ែ​ដែក ​ដែល​មាន​គុណភាព​ខ្ពស់។

ក្រុម​ជនជាតិ​ដើម​បាន​និយាយ​ប្រាប់​អង្គ​ស៊ើបអង្កេត​ថា វា​ជា «សកម្មភាព​បំផ្លិច​បំផ្លាញ​ដ៏​គួរឲ្យ​តក់ស្លុត​មួយ​ចំពោះ​កន្លែង​ដ៏​ពិសិដ្ឋ​របស់​យើង»។​

របាយការណ៍​របស់​គណៈកម្មាធិការ​នេះ​លើក​ឡើង​អនុសាសន៍​សំខាន់ៗ​ចំនួន ៧ រួម​មាន​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន Rio Tinto សាងសង់​ឡើង​វិញ​ឱ្យ​បាន​ពេញលេញ​នូវ​តំបន់​នោះ និង​ផ្តល់​សំណង​ជំងឺ​ចិត្ត និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នេះ​បោះបង់​ចោល​គម្រោង​រុករក​រ៉ែ​ទាំង​អស់​នៅ​ក្នុង​តំបន់​នេះ។​

អ្នកស្រី Deanna Kemp នាយក​មជ្ឈមណ្ឌល​សម្រាប់​ទំនួល​ខុសត្រូវ​សង្គម​នៅ​ក្នុង​វិស័យ​រុករក​រ៉ែ​នៅ​សាកលវិទ្យាល័យ Queensland និយាយ​ថា របាយការណ៍​នេះ​បង្ហាញ​ថា វប្បធម៌​ជនជាតិ​ដើម​ត្រូវ​តែ​មាន​ការ​ការពារ​ជាង​នេះ។

អ្នកស្រី Deanna Kemp បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ការ​ស៊ើបអង្កេត​នេះ​ពិត​ជា​បើក​ផ្លូវ​សម្រាប់​បញ្ហា​ស្មុគស្មាញ​ទាំង​អស់ ចន្លោះប្រហោង​នៅ​ក្នុង​ប្រព័ន្ធ​នេះ និង​បរាជ័យ​ក្នុង​ការ​ការពារ​កេរដំណែល​ដ៏​សំខាន់​មួយ​នេះ។ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ដល់​ពួកយើង​ផង​ដែរ​ពី​ការ​មិន​ចង់​បង្ហាញ និង​ចែកចាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផង​ដែរ។ ដូច្នេះ អ្វី​ដែល​ពួកគេ​បាន​ដាក់​ជូន​គណៈកម្មាធិការ​ជា​ព័ត៌មាន​ទូទៅ និង​អ្វី​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ដី នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម និង​ការ​ស្នើសុំ​ព័ត៌មាន។ យើង​មាន​ព័ត៌មាន​លម្អិត​ច្រើន​ទៀត​នៅ​ក្នុង​ផ្នែក​ជាច្រើន​ផ្សេងៗ​គ្នា​សម្រាប់​សោកនាដកម្ម​នេះ»។

កាលពី​ពេល​មុន ក្រុមហ៊ុន Rio Tinto បាន​សុំ​ទោស​សម្រាប់​ការ​បំផ្លិចបំផ្លាញ​ល្អាង​បុរាណ​នេះ។ រឿង​អាស្រូវ​នេះ​បាន​បង្ខំ​ឱ្យ​ថ្នាក់​ដឹកនាំ ​៣ រូប​លាលែង​ពី​ក្រុមហ៊ុន។ ការ​បំផ្លិចបំផ្លាញ​របស់​ក្រុមហ៊ុន​នេះ​លើ​ល្អាង​បុរាណ Juukan Gorge មាន​ភាព​ស្រប​ច្បាប់ បើ​បកស្រាយ​តាម​ច្បាប់​រដ្ឋ Western Australian។ ឥឡូវ​នេះ​គេ​កំពុង​ពិនិត្យ​មើល​ច្បាប់​របស់​រដ្ឋ​នេះ​ឡើង​វិញ។ អង្គ​ស៊ើបអង្កេត​និយាយ​ថា ច្បាប់​នេះ «ពិត​ជា​ហួស​សម័យ និង​មិន​ត្រូវ​បានគ្រប់គ្រង​ឲ្យ​បាន​ល្អ»។

របាយការណ៍​ចុងក្រោយ​របស់​សភា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ឆ្នាំ ​២០២១ ហើយ​គេ​រំពឹង​ថា នឹង​មាន​ព័ត៌មាន​លម្អិត​អំពី​អនុសាសន៍​នានា ទោះបី​ជា​ការ​រកឃើញ​របស់​ខ្លួន​នឹងមិន​មាន​អានុភាព​ផ្លូវ​ច្បាប់​ក្តី៕

XS
SM
MD
LG