ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ដើម​អូស្ត្រាលី​​រៀបរាប់​ដល់​គណៈកម្មាធិការ​សភា​​អំពី​ការ​បំផ្លាញ​ល្អាង​​ថ្ម​ពិសិដ្ឋ​របស់​ពួកគេ


រូបឯកសារ៖ ទាហាន​ជនជាតិដើម​ភាគតិច ដើរ​នៅ​ដែនដី​ភាគខាងជើង​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣។ ក្រុមហ៊ុន​រុករករ៉ែ​មួយ​ត្រូវបាន​ពិន័យ​ពីបទ​ធ្វើឱ្យ​ខូចខាត​ទីតាំង​វប្បធម៌​របស់ជនជាតិដើម​អូស្រ្តាលី​ដែល​នៅ​ក្បែរ​នោះ។
រូបឯកសារ៖ ទាហាន​ជនជាតិដើម​ភាគតិច ដើរ​នៅ​ដែនដី​ភាគខាងជើង​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣។ ក្រុមហ៊ុន​រុករករ៉ែ​មួយ​ត្រូវបាន​ពិន័យ​ពីបទ​ធ្វើឱ្យ​ខូចខាត​ទីតាំង​វប្បធម៌​របស់ជនជាតិដើម​អូស្រ្តាលី​ដែល​នៅ​ក្បែរ​នោះ។

ក្រុម​ជនជាតិ​ដើម​អូស្ត្រាលី​បាន​និយាយ​ពី​ «ទុក្ខសោក» របស់​ពួក​គេ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​មួយ​របស់​គណៈកម្មាធិការ​សភា​អូស្ត្រាលី​ចំពោះ​ការ​បំផ្លិចបំផ្លាញ​កន្លែង​ពិសិដ្ឋ​ចំណាស់៤៦.០០០ឆ្នាំ​ ​ដោយ​ក្រុមហ៊ុន​រុករក​រ៉ែ។ នៅ​ក្នុង​ខែ​ឧសភា ក្រុមហ៊ុន Rio Tinto ដែល​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ដែក​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ បាន​បំផ្លាញ​ល្អាងថ្ម​បុរាណ​ចំនួន​២​នៅ​ភ្នំ Juukan Gorge ក្នុង​តំបន់ Pilbar រដ្ឋ​ Western Australia ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ថ្មី ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ក្រុម​ជនជាតិ​ដើម​ក្តី។

ក្រុម​ជនជាតិ​ដើម​អូស្ត្រាលី​និយាយ​ថា ពួកគេ «កំពុង​កាន់​ទុក្ខ​ចំពោះ​ការ​បំផ្លាញ​កន្លែង​ពិសិដ្ឋ​របស់​យើង» នៅ​ភ្នំ Juukan Gorge។ ក្រុមហ៊ុន Rio Tinto បាន​បំផ្ទុះ​កន្លែង​នោះ​ដើម្បី​រុករករ៉ែ​ដែក​ដែល​មាន​គុណភាព​ខ្ពស់ បើ​ទោះ​ជា​មាន​ការ​តវ៉ា​ពី​មេដឹកនាំ​សហគមន៍​ក្តី។ សាក្សីជា​ជនជាតិ​ដើម​ បាន​ប្រាប់​គណៈកម្មាធិការ​សភា​អូស្ត្រាលីថា វប្បធម៌​ជនជាតិ​ដើម​ «ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​តិចតួច​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី»។ ល្អាងថ្ម​បុរាណ​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ខែ​ឧសភា​ ត្រូវ​បាន​ចាត់​ទុក​ថា ជា​តំបន់​ស្រាវជ្រាវ​បុរាណវត្ថុវិទ្យា​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស។

លោក Greg McIntyre គឺជា​អ្នក​ជំនាញ​សិទ្ធិ​ដីធ្លី និង​បាន​និយាយ​ថា ត្រូវ​មាន​ច្បាប់​ដែល​កាន់​តែ​តឹងរ៉ឹង​ជាង​មុន ដោយ​លោក​ពន្យល់​ថា៖

«រដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់រដ្ឋ និងថ្នាក់​សហព័ន្ធ​ត្រូវ​តែ​ចូលរួម​ឱ្យ​សកម្ម​នៅ​ក្នុង​សកម្មភាព​នេះ និង​ត្រូវ​មាន​ទស្សនៈ​ផ្សេងពី​មុន​អំពី​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​កេរដំណែល​វប្បធម៌​របស់​អូស្ត្រាលី។ កេរដំណែល​វប្បធម៌​ត្រូវ​គេ​ចាត់​ទុក​ជា​អាទិភាព​បន្ទាប់​បន្សំ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ»។

ជនជាតិ​ដើម​អូស្ត្រាលី​ បាន​ចាត់​ទុក​ដី​ជាមាតា​នៃ​ការ​បង្កើត​ [ភពផែនដី]​ ដែល​ភ្ជាប់​ពួកគេ​ទៅ​នឹង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​របស់​ពួកគេ។

ចាស់ព្រឹទ្ធាចារ្យ​របស់​ជនជាតិ​ដើម​មួយ​រូប​បាន​និយាយ​ថា ជនជាតិ​ដើម​មាន «ទុក្ខសោក​ និង​អារម្មណ៍​ខុស​យ៉ាង​ខ្លាំង» ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​ការពារ​តំបន់​ស័ក្តិសិទ្ធិ​នៅ​ភ្នំ Juukan Gorge ដែល​មាន​វត្តមាន​តាំង​ពី​រាប់ម៉ឺន​ឆ្នាំ​មុន។

ក្រុមហ៊ុន Rio Tinto បាន​ធ្វើ​ការ​សុំទោស និង​មាន​គម្រោង​ផ្តល់​ភស្តុតាង​ទៅ​កាន់​គណៈកម្មាធិការ​ស៊ើបអង្កេត។ មន្ត្រី​ជាន់​ខ្ពស់​ចំនួន​៣នាក់​របស់​ក្រុមហ៊ុន Rio Tinto ត្រូវ​បាន​បង្ខំ​ឱ្យ​ឈប់​ពី​ការងារ​កាលពី​ខែ​កញ្ញា បន្ទាប់​ពី​មាន​រឿង​អាស្រូវ​នេះ។

ច្បាប់​បេតិកភណ្ឌ​ថ្មី​ កំពុង​ត្រូវ​បាន​គេ​តាក់តែង​នៅ​ក្នុង​រដ្ឋ Western Australia ដើម្បី​ផ្តល់​ឱ្យ​ក្រុម​ជនជាតិ​ដើម ​មានសេចក្តី​សម្រេច​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​ការពារ​ដីធ្លី​របស់​ពួកគេ​ដែល​ស្ថិត​ក្នុង​គម្រោង​ស្នើសុំ​ធ្វើ​ការ​អភិវឌ្ឍ។ កាលពី​មុន ជនជាតិ​ដើម​មួយ​ចំនួន​ បាន​យល់ព្រម​លះបង់​តំបន់​ពិសិដ្ឋ​របស់​ពួកគេ​ដើម្បី​ជួយ​ដល់​សហគមន៍​ក្រីក្រ​របស់​ពួកគេ​ អាចទទួល​បាន​ចំណែក​មួយ​នៃ​ប្រាក់​ចំណេញ​ពី​ការ​រុករក​រ៉ែ។

គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​នឹង​ត្រូវ​ផ្តល់​របាយការណ៍​របស់​ខ្លួន​នៅ​ដើម​ខែ​ធ្នូ៕

XS
SM
MD
LG