ក្រុមមេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់បានសម្រេចដើរចេញពីបន្ទប់សវនាការបន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានបដិសេធមិនឱ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអង្គុយស្តាប់ក្នុងបន្ទប់សវនាការ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការបានបដិសេធមិនឱ្យអង្គុយស្តាប់ក្នុងបន្ទប់សវនាការជាអ្នកតំណាងរាស្ត្រដែលមានរឿងក្តីក្តាំនៅលើស្ពាននាគកាលពីថ្ងៃទី១៥ខែកក្កដា ហើយត្រូវបានតុលាការក្រុងភ្នំពេញបានសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃទី២២ខែកក្កដាដោយមានការសម្របសម្រួលផ្នែកនយោបាយ។
អ្នកតំណាងរាស្ត្រទាំងនោះរួមមានអ្នកស្រី មូរ សុខហួរ លោក ឡុង រី និង លោក ហូរ វ៉ាន់ បានមកអង្គុយស្តាប់ក្នុងបន្ទប់សវនាការក៏ប៉ុន្តែដោយមានការជំទាស់ពីមេធាវីការពារក្តី ខាងភាគីដើមបណ្តឹងថារឿងក្តីនេះជាប់ពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្រទាំងនោះនិងដើម្បីឱ្យដំណើរការកាត់ក្តីនេះមានភាពយុត្តិធម៌នោះលោក តាំង ស៊ុនឡាយ ប្រធានចៅក្រមជំនុំជម្រះបានប្រកាសបដិសេធអ្នកតំណាងរាស្ត្រមិនឱ្យអង្គុយស្តាប់ក្នុងបន្ទប់សវនាការ។
ក្រោយពីបានស្តាប់ការប្រកាសរបស់លោកប្រធានចៅក្រមជំនុំជម្រះក្រុមមេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិបានប្រកាសជាបន្តបន្ទាប់ដើរចេញពីបន្ទប់សវនាការដោយបានលើកហេតុផលថាសវនាការនេះធ្វើឡើងជាសាធារណៈត្រូវតែអនុញ្ញាតឱ្យអ្នកតំណាងរាស្ត្របានចូលស្តាប់ថាតើតុលាការដំណើរការរឿងក្តីនេះមានយុត្តិធម៌ដែរឬយ៉ាងណា?
លោក ប្រធានចៅក្រម តាំង ស៊ុនឡាយ ក៏បានប្រកាសលើកពេលសវនាការថានឹងធ្វើឡើងនៅពេលក្រោយទៀតតែលោកមិនបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃណាមួយពិតប្រាកដទេ។
ក្រោយពីបានដើរចេញពីបន្ទប់សវនាការ លោក ជួង ជូងី មេធាវីមួយរូបក្នុងចំណោមមេធាវី១០រូបដែលបានការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូបបានប្រាប់ក្រុមអ្នកកាសែតថា៖«ខ្ញុំសម្រេចដើរចេញពីបន្ទប់សវនាការពីព្រោះប្រធានក្រុមប្រឹក្សាបានសម្រេចរឿងដែលមិនត្រូវសម្រេច។ គ្រាន់តែមេធាវីដើមបណ្តឹងមានការកត់សម្គាល់និងបដិសេធវត្តមានអ្នកតំណាងរាស្ត្រក្នុងបន្ទប់សវនាការប៉ុន្តែតំណាងអយ្យការអត់មានជំទាស់ពីវត្តមានតំណាងរាស្ត្រក្នុងបន្ទប់សវនាការទេ ហើយអត់មានមាត្រាណា អត់មានច្បាប់ណាជំទាស់ពីវត្តមានអ្នកតំណាងរាស្ត្រនៅក្នុងបន្ទប់សវនាការដែរ»។
លោក ស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាការចូលរួមស្តាប់សវនាការគឺជាកាតព្វកិច្ច និង ជាសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។ លោកស្រីបានបញ្ជាក់ថាការមិនអនុញ្ញាតឱ្យអ្នកតំណាងរាស្ត្រចូលស្តាប់ក្នុងបន្ទប់ សវនាការវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។
លោកស្រីបញ្ជាក់ថា៖«អត់មានច្បាប់ណាចែងថាមិនឱ្យអ្នកតំណាងរាស្ត្រនៅស្តាប់សវនាការដោយសារសវនាការសាធារណៈទេ។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណហើយកោតសរសើរដល់មេធាវីដែលយកច្បាប់និយាយអំពីថាឱ្យសវនាការនេះជាសាធារណៈ»។
លោក អឿ ណារិទ្ធ សកម្មជនគណបក្សសង្គ្រោះជាតិដែលជាជនជាប់ចោទក្នុងសំណុំរឿងសួនប្រជាធិបតេយ្យបានបញ្ជាក់ថាលោកបានសម្តែងការខកចិត្តនៅពេលដែលតុលាការបានពន្យាពេលរឿងក្តីនេះដែលលោកទន្ទឹងរង់ចាំយុត្តិធម៌ជាយូរមកហើយ។
លោកនិយាយថា៖«ការពន្យាពេលម្តងហើយម្តងទៀតធ្វើឱ្យខ្ញុំមានបញ្ហា ពេលវាលា ខាតពេលវេលា និងមានបញ្ហាផ្លូវចិត្ត ខ្លះដែលធ្វើឱ្យខ្ញុំគិតហើយគិតទៀត»។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថារឿងនេះមិនគួរកើតមានក្នុងបន្ទប់សវនាការ។ដោយសារសវនាការនេះជាដំណើរការអង្គសេចក្តីដូច្នេះអ្នកតំណាងរាស្ត្រមានសិទ្ធិក្នុងការចូលស្តាប់ក្នុងបន្ទប់សវនាការ។
លោកនិយាយថា៖«ពីព្រោះតំណាងរាស្រ្តទាំងអស់គាត់ជាតំណាងរាស្ត្ររបស់ពលរដ្ឋអញ្ចឹងគាត់មានសិទ្ធិក្នុងការចូលស្តាប់នៅគ្រប់សវនាការដែលជាសាធារណៈគ្រប់ពេល។ប៉ុន្តែនេះដល់ពេលយើងសម្រេចអញ្ចឹងទៅវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់តំណាងរាស្ត្រទៅវិញ»។
តុលាការក្រុងភ្នំពេញក្រោយពីបានប្រកាសផ្អាកកាលពីចុងឆ្នាំទៅ បានបន្តបើកសវនាការពេញអង្គសេចក្តីចំពោះសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់។ក្នុងនោះ៦នាក់បាននៅក្រៅឃុំជាបណ្តោះអាសន្ន និង ៥នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ដែលរួមមានលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ៕