- ដោយ កាន់ វិច្ឆិកា
ភ្នំពេញ — ក្រសួងសុខាភិបាលកម្ពុជាប្រកាសថាមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះទេ ប៉ុន្តែមន្រ្តីអង្គការសុខភាពពិភពលោក (WHO) និងមន្រ្តីសុខាភិបាលកម្ពុជានៅតែព្រមានថា លទ្ធភាពនៃឆ្លងទ្រង់ទ្រាយធំនៅតែជាហានិភ័យខ្ពស់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នដូចមុន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ នៅថ្ងៃច័ន្ទនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងថា គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ កម្ពុជារកមិនឃើញតេស្តវិជ្ជមានជំងឺកូវីដ១៩នោះទេ។ លោកបន្តថា បើទោះបីជាមិនមានតេស្តវិជ្ជមានក្នុងរយៈពេលជាងមួយសប្តាហ៍នេះក្តី ក៏លោកនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ននិងមានអនាម័យខ្ពស់។
«មកទល់ពេលនេះគ្មានថ្នាំលេប ឬចាក់ព្យាបាលនៅឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាសទឹកអាល់កុល ឬទឹកជែលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឲ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាលជំងឺឆ្លងកូវីដ១៩»។
គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន ១០៧នាក់ ដែលមានជាង ៨៥ភាគរយនៃអ្នកឆ្លងវីរុសនេះ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នដដែល ពីព្រោះជំងឺនេះអាចរាតត្បាតលឿន ប្រសិនបើមានការឆ្លងទៅសហគមន៍។
លោកស្រីបញ្ជាក់ថា៖ «យើងស្ថិតនៅក្នុងខ្សែបន្ទាត់ក្រហម អ៊ីចឹងជើងរបស់យើងកុំឲ្យចេញពីខ្សែបន្ទាត់ក្រហមឲ្យសោះ។ ធ្វើម៉េចឲ្យនៅប៉ុណ្ណឹង»។
- ដោយ ស៊ុន ណារិន
រដ្ឋាភិបាលកម្ពុជាបញ្ចប់កំហិតធ្វើដំណើរនៅទូទាំងប្រទេស
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់កំហិតធ្វើដំណើរនៅទូទាំងប្រទេស ដែលធ្វើឡើងជិតមួយសប្តាហ៍មកហើយ។
ក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី១៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាការបញ្ចប់សុពលភាពបទបញ្ជា ត្រូវធ្វើឡើងចាប់ពីម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ គឺ១៨ម៉ោង មុនម៉ោងកំណត់។ លោក ហ៊ុន សែន បញ្ជាក់ថា ការដកកំហិតមុនម៉ោងនេះ ធ្វើឡើងតាមតម្រូវការជាក់ស្តែងក្នុងការសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីជៀសវាងការកកស្ទះដោយសារការរង់ចាំបើកចរាចរណ៍កាត់ពីខេត្តមួយទៅខេត្តមួយទៀតឡើងវិញ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់VOAនៅព្រឹកថ្ងៃព្រហស្បតិ៍ថាកម្លាំងបានដករបាំងផ្លូវ ចាប់តាំងពីម៉ោង៤ឬ៥ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកបន្តថាប្រជាពលរដ្ឋបានគោរពបទបញ្ជានេះ ហើយគ្មានការប្រឆាំងតបតនឹងបំរាមនេះទេ។ ប៉ុន្តែលោកថាកម្មករនៅតែអាចធ្វើដំណើរតាមផ្លូវតូចៗក្នុងភូមិបាន។
លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍យើងអត់អនុគ្រោះទេ ប៉ុន្តែជាគោលការណ៍ប្អូនត្រូវយល់ថា យើងបិទច្រកធំ ប៉ុន្តែគាត់កាត់តាមផ្លូវវាលស្រែ វាលអី យើងមិនអាចដាក់កម្លាំង រាយរបង ដូចសហរដ្ឋអាមេរិកជាមួយម៉ិកស៊ីកូ»។
លោកបញ្ជាក់ថា អាជ្ញាធរក៏មានការអនុគ្រោះផងដែរចំពោះការធ្វើដំណើរមួយចំនួន ប្រសិនបើមានការពន្យល់ហេតុផលត្រឹមត្រូវ ដោយសារនេះគ្រាន់តែជាការកំហិតធ្វើដំណើរ មិនមែនដាក់ប្រទេសក្នុងគ្រាអាសន្ន។ លោកបន្តថា លោកមិនដឹងថាតើរដ្ឋាភិបាលនឹងដាក់កំហិតនេះតទៀត ឬយ៉ាងណា។
ក្នុងលិខិតមួយចុះថ្ងៃទី១៥ ខែមេសា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើឲ្យក្រសួងការងារ ចាត់វិធានការដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ សម្រាប់កម្មករកម្មការិនីដែលនឹងវិលត្រឡប់ចូលធ្វើការវិញ ក្រោយចូលឆ្នាំប្រពៃណីជាតិ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ស្ថានភាពជំងឺកូវីដ១៩ ស្ថិតនៅក្នុងដំណាក់កាលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឲ្យមានការចម្លងរាតត្បាតចូលក្នុងសហគមន៍»។ ក្រសួងបន្តថា កម្មករដែលត្រឡប់មកវិញ ត្រូវនៅកន្លែងស្នាក់នៅរបស់ពួកគេជាចាំបាច់ និងត្រូវត្រួតពិនិត្យតាមដានសុខភាពពីក្រុមគ្រូពេទ្យនៃក្រសួងការងារ។
គួរបញ្ជាក់ថា ការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដែលជាបទបញ្ជាមួយ ត្រូវបានមើលឃើញថា មានគោលដៅទប់ស្កាត់ការធ្វើដំណើររបស់កម្មករទៅស្រុកកំណើត ដើម្បីបញ្ចៀសការរាតត្បាតវីរុសកូរ៉ូណា។ កំហិតនេះត្រូវបានធ្វើឡើងតាំងពីយប់ថ្ងៃទី៩ ខែមេសា៕
- ដោយ ស៊ុន ណារិន
មនុស្ស១៤នាក់ទៀតនៅកម្ពុជាជាសះស្បើយពីកូរ៉ូណា ខណៈ WHO ណែនាំឲ្យបន្តតាមដានសុខភាព
ភ្នំពេញ — ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានប្រកាសថាអ្នកជំងឺកូវីដចំនួន១៤នាក់ទៀតបានជាសះស្បើយ ដែលសរុបអ្នកជាសះស្បើយកើនឡើងទៅដល់៩១នាក់គឺជាង៧០ភាគរយនៃអ្នកជំងឺសរុប។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មិនមានករណីឆ្លងថ្មីរកឃើញនៅថ្ងៃអង្គារនេះទេ។ ករណីសរុបនៃការឆ្លង មាន១២២នាក់។ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជាសះស្បើយទាំង១៤នាក់នោះមានខ្មែរ២នាក់បរទេស១២នាក់ ដែល១០នាក់ ជាក្រុមអ្នកទេសចរជនជាតិបារាំងទៅលេងខេត្តព្រះសីហនុនិងរកឃើញថាផ្ទុកវីរុសកូរ៉ូណានៅទីនោះ។ ជនបរទេស២នាក់ទៀតគឺជាជនជាតិឥណ្ឌូនេស៊ី ដែលត្រូវបានរាយការណ៍ថាមិនមានថវិកាព្យាបាលជំងឺហើយធ្វើដំណើរពីប្រទេសថៃ តាមច្រកប៉ោយប៉ែតមកព្យាបាលនៅក្នុងខេត្តសៀមរាប។ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានប្រាប់VOAកាលពីថ្ងៃទី៣១ខែមីនាថាបុរសជនជាតិឥណ្ឌូនេស៊ី២នាក់នោះស្នាក់នៅក្រុងប៉ោយប៉ែត តាំងពីឆ្នាំ២០១៥។
ចំណែកខ្មែរ២នាក់ដែលជាសះស្បើយនោះគឺជាមគ្គុទេសក៍ឲ្យក្រុមអ្នកទេសចរជាជនជាតិបារាំងនៅខេត្តព្រះសីហនុ។ ពួកគេត្រូវបានធ្វើតេស្តអវិជ្ជមាន២លើក។
កន្លងទៅ ក្រសួងសុខាភិបាលបានរាយការណ៍ថា អ្នកជំងឺម្នាក់បានជាសះស្បើយហើយ ប៉ុន្តែកើតជំងឺនេះឡើងវិញ។
លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា កាលណាក្រសួងរកឃើញអ្នកជំងឺអវិជ្ជមាន២ដង ពួកគេជាករណីជាសះស្បើយហើយនេះជាការណែនាំរបស់អង្គការសុខភាពពិភពលោក។លោកស្រីបន្តថាអ្នកដែលជាសះស្បើយ ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញប៉ុន្តែស្ថិតនៅក្រោមការតាមដាននិងត្រូវធ្វើតេស្តឡើងវិញ ក្រោយ១៤ថ្ងៃ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា កូរ៉ូណាជាវីរុសថ្មី ដែលត្រូវមានការសិក្សាហេតុអ្វីបានអ្នកជំងឺជាសះស្បើយ ហើយកើតឡើងជំងឺនេះវិញ។
- ដោយ ស៊ុន ណារិន
ភ្នំពេញ — មន្រ្តីអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជានៅថ្ងៃច័ន្ទនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រៀមសម្រាប់ការឆ្លងទ្រង់ទ្រាយធំ ប្រសិនបើវីរុសកូរ៉ូណានេះរាតត្បាត និងឆ្លងដល់សហគមន៍ ខណៈក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា ករណីឆ្លងនៅភ្នំពេញប៉ុន្មានថ្ងៃចុងក្រោយនេះអាចជាការឆ្លងទៅសហគមន៍ទ្រង់ទ្រាយតូច។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃច័ន្ទនេះ ដែលរៀបចំដោយក្រសួងសុខាភិបាលកម្ពុជា ក្រោយមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាបានបំពេញការងារល្អមកដល់ពេលនេះ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ប៉ុន្តែលោកស្រីថាមានការងារច្រើនត្រូវបំពេញបន្ថែម ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការចម្លងទៅសហគមន៍ទ្រង់ទ្រាយធំ ក្នុងនោះមានការបង្កើនសម្ភារៈការពារខ្លួន [PPE] ឧបករណ៍ជំនួយផ្លូវដង្ហើម [Ventilator] និងគ្រូពេទ្យជំនាញជាដើម។
លោកស្រីបានថ្លែងថា៖ «ជាឧទាហរណ៍ថាតើយើងមានគ្រែមន្ទីរពេទ្យគ្រប់គ្រាន់ហើយ ឬនៅសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ? ខ្ញុំសប្បាយចិត្តដែលយើងបានត្រៀមសម្រាប់ចំណុចនេះថាតើយើងមានឧបករណ៍ជំនួយផ្លូវដង្ហើម (Ventilator) គ្រប់គ្រាន់ឬនៅ? តើយើងមានសម្ភារៈការពារខ្លួន (PPE) គ្រប់គ្រាន់ហើយឬនៅ ដោយសារប្រទេសជាច្រើនមានបទពិសោធន៍ខ្វះសម្ភារៈការពារខ្លួន។ហើយថាតើយើងមានសណ្ឋាគារឬក៏កន្លែងផ្សេងៗសម្រាប់ករណីស្រាលហើយឬនៅ? ហើយអ្វីជាសំខាន់ គឺថាពេទ្យព្យាបាល ឬក្រុមឆ្លើយតបបន្ទាន់ត្រូវតែពង្រីក ដើម្បីឆ្លើយតបនឹងការឆ្លងទ្រង់ទ្រាយធំ។ សម្រាប់ចំណុចនេះអង្គការសុខភាពពិភពលោកបានធ្វើការជាមួយក្រសួងសុខាភិបាល និងផ្នែកផ្សេងទៀត ដើម្បីធានាថា យើងបានត្រៀមល្អប្រសើរ»។
លោកស្រីបន្ថែមថា៖ «អាទិភាពចម្បង គឺត្រៀមខ្លួនរួចរាល់សម្រាប់ការចម្លងទ្រង់ទ្រាយធំ ពីព្រោះកម្ពុជាប្រហែលនឹងប្រឈមការចម្លងតាមសហគមន៍។ ទោះមិនមែនពេលនេះ តែយើងត្រូវតែត្រៀមសម្រាប់អនាគត»។