ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

០១:៥៧ ១១.៤.២០២០

អាជ្ញាធរ​ចាប់​ផ្តើម​បិទ​ផ្លូវ ខណៈ​រដ្ឋាភិបាល​ចេញ​បទ​បញ្ជា​កំហិត​ការ​ធ្វើ​ដំណើរ​

អាជ្ញាធរ​យាមល្បាត​ព្រំប្រទល់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​បន្ទាប់​មាន​បំរាម​ការ​ធ្វើ​ដំណើរ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
អាជ្ញាធរ​យាមល្បាត​ព្រំប្រទល់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​បន្ទាប់​មាន​បំរាម​ការ​ធ្វើ​ដំណើរ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ភ្នំពេញ — អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ​ដែល​ជា​ការ​អនុវត្ត​បទ​បញ្ជា​កំហិត​ការ​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស ​ក្នុង​គោល​ដៅ​មួយ​ ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ថា​ដើម្បី​ទប់​ស្កាត់​ការ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​កម្មករ។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ VOA​ សាក​សួរ​ បាន​សាទរ​ការ​បិទ​ផ្លូវ​នេះ​ តែ​ពួកគេ​ចង់​ឃើញ​ការ​បន្ធូរ​បន្ថយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ។​ ពលរដ្ឋ​ខ្លះ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ ដោយ​សារ​ការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាជធានី​ និង​ខេត្ត​នានា។​

លោក​ យស់ ស័ក្តិ​ វ័យ​៤៧​ឆ្នាំ ​ជា​កម្មករ​សំណង់​និង​ជា​ពលរដ្ឋ​រស់​នៅ ​ខេត្ត​តាកែវ​ បាន​ប្រាប់ ​VOA ​នៅ​ត្រង់​តំបន់​រង្វង់​មូល​គួរ​ស្រូវ​ ឆ្ពោះ​ទៅ​ខេត្ត​តាកែវ​ ថា​ លោក​ខក​ខាន​មិន​បាន​ទៅ​ជួប​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត​ ដោយ​សារ​លោក​មិន​បាន​ដឹង​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល ​ដែល​ហាម​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ទីក្រុង​ភ្នំពេញ​ ទៅ​តាម​បណ្តា​ខេត្ត។​

«ទើប​ឃើញ​លើក​ទីមួយ​ហ្នឹង!​ រួច​ហើយ​អត់​ដឹង។ បើ​ដឹង​ពី​ថ្ងៃ​មុន ​ខ្ញុំ​ទៅ​បាត់​តាំង​ពី​ម្សិល​អី​ទៅ។​ ម្សិល​អត់​ទាន់​បិទ​ផងហ្នឹង! ​ហើយ​អា​នេះ​ពីព្រឹក​ គេ​បិទ ​តែ​អ្នក​មាន​បង្វេច​មាន​អី​ទេ​ណ៎ា។ ​ម៉ូតូ​ទទេរៗ​អី​ ឌុប​គ្នា​អី​ទៅ​បាន។ ​ឥឡូវ​បិទ​ទាំង​ម៉ូតូ​ ទាំង​អស់​ម៉ូតូ​ក៏​មិន​ឲ្យ​ទៅ»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​មាន​ការ​បន្ធូរ​បន្ថយ​ឲ្យ​អ្នក​បើក​បរ​ដោយ​ម៉ូតូ​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​ ដើម្បី​បាន​ជួប​សាច់ញាតិ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ។​

«បើ​ម៉ូតូ​ពីរៗ​នាក់​ម្នាក់​អី​ សម​តែ​ឲ្យ​គ្នា​ទៅ​ ហើយ​អា​នេះ​មិន​ដឹង​ម៉េច​បើ​គេ​អត់​ឲ្យ​ទៅ​តែ​ម្តង​មិន​ដឹង​ថា​ម៉េច​អីចឹង!»​

អានព័ត៌មានលម្អិត

០១:៥៥ ១១.៤.២០២០

ពន្ធនាគារ​ធ្វើ​តេស្ត​អ្នក​ជាប់​ឃុំ​ ៥នាក់​រក​វីរុស​កូរ៉ូណា ខណៈ​ផ្អាក​ការ​សួរ​សុខ​ទុក្ខ

លោក ចាន់ គីមសេង អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ចូលរួមកម្មវិធីទទួល​អំណោយ​ពី​កាកកបាទក្រហម​អន្តរជាតិ​នៅ​មណ្ឌល​អប់រំ​កែប្រែទី​០១ ខណ្ឌ​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
លោក ចាន់ គីមសេង អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ចូលរួមកម្មវិធីទទួល​អំណោយ​ពី​កាកកបាទក្រហម​អន្តរជាតិ​នៅ​មណ្ឌល​អប់រំ​កែប្រែទី​០១ ខណ្ឌ​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ភ្នំពេញ — មន្រ្តី​ពន្ធនាគារ​ឲ្យ​ដឹង​ថា​ អ្នក​ជាប់​ឃុំ​ចំនួន ​៥​នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​មេរោគ​កូរ៉ូណា​ ខណៈ​ពន្ធនាគារ​ទូទាំង​ប្រទេស​ ដែល​មាន​អ្នក​ជាប់​ឃុំ​សរុប ​៣៨០០០​នាក់ ​ត្រូវ​បាន​បង្កើន​អនាម័យ ​និង​ការ​ការពារ​ដើម្បី​ទប់​ស្កាត់​លទ្ធភាព​នៃ​ការ​ចម្លង​មេរោគ​កូរ៉ូណា​ ក្នុង​នោះ​មាន​ការ​ផ្អាក​សួរ​សុខ​ទុក្ខ​របស់​ក្រុម​គ្រួសារ​ជាដើម។​

នៅ​ថ្ងៃ​សុក្រនេះ​ គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម​ (ICRC)​ បាន​ប្រគល់​សម្ភារៈ​អនាម័យ​ចំនួន​ ២០​តោន ​ដល់​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​ នៅ​ទូទាំង​ប្រទេស។​

ក្នុង​ពិធី​ប្រគល់​សម្ភារៈ​ ដែល​ធ្វើ​ឡើង​នៅ​ពន្ធនាគារ​ព្រៃ​ស ​ឬ​មណ្ឌល​កែប្រែ​ម១​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​សុក្រ​នេះ​លោក​ ចាន់ គីមសេង ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ចាប់​ពី​មាន​ការ​កើន​ឡើង ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បាន​បញ្ជា​ឲ្យ​មាន​ការ​តាម​ដាន​សុខភាព​អ្នក​ជាប់​ឃុំ​ ផ្អាក​ការ​សួរ​សុខទុក្ខ​ ​ដាក់​អ្នក​ជាប់​ឃុំ​ថ្មី​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​និង​ប្រាប់​ឲ្យ​ពួក​គេ​រក្សា​អនាម័យ​គ្រប់​ពេល។​

លោក​បន្ត​ថា​ ដោយសារ​មាន​ការ​ផ្អាក​សួរ​សុខទុក្ខ​ ដូច្នេះ​ជនជាប់​ឃុំ​អាច​ប្រើ​ទូរស័ព្ទ​ដែល​ផ្តល់​ដោយ​ខាង​ពន្ធនាគារ​ចំនួន​ ២​ដង​ក្នុង​មួយ​សប្តាហ៍ ​និង​ម្តង​ប្រើ​បាន​យ៉ាង​យូរ​បំផុត ៣០​នាទី​ ដោយ​អ្នក​ជាប់​ឃុំ​ជា​អ្នក​ចេញ​លុយ​ផ្ទាល់​ខ្លួន។​

លោក​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ជាប់​ឃុំ​ថ្មី​ចំនួន ​៥​នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​ពួក​គេ​មាន​អាការៈ​ក្តៅ​ខ្លួន​និង​ក្អក​ ប៉ុន្តែ​លោក​ថា ​អ្នក​ទាំង ​៥​នាក់​នោះ ​សុទ្ធ​តែ​មាន​លទ្ធផល​អវិជ្ជមាន។​

បើ​តាម​លោក ​ចាន់ គីមសេង​ ទោះ​ក្នុង​ពន្ធនាគារ​មាន​ស្ថាន​ភាព​ណែន​ណាន់​តាន់​តាប់​ក្តី​ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​កើត​មាន​មេរោគ​កូរ៉ូណា​នេះ​គឺ​ទាប​បំផុត​ ដោយ​សារ​ការ​ការពារ​ពី​អាជ្ញាធរ។​

អានព័ត៌មានលម្អិត

១៧:៤១ ១០.៤.២០២០

អាជ្ញាធរ​រក​ឃើញជនបរទេស​១​នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ករណី​សរុប​កើន​ដល់​១១៩

ភ្នំពេញ — ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១ទៀត​ ដែល​កើត​លើ​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៩។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

ក្រសួង​បញ្ជាក់​ថា មនុស្ស​ដែល​ឆ្លង​នោះ គឺ​ជា​ស្រ្តី​ជនជាតិ​វៀតណាម អាយុ​៣៤​ឆ្នាំ ជា​អ្នក​ទេសចរ​ស្នាក់​នៅ​ខុនដូ​មួយ​កន្លែង ​នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។ ស្រ្តី​ម្នាក់​នេះកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន មនុស្ស​៤​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​សុក្រ​នេះ សរុប​អ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៧២​នាក់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​ថា ​អ្នក​ជំងឺ​ម្នាក់​ដែល​ជា​សះស្បើយ​ហើយ តែ​កើត​ជំងឺ​កូវីដ​១៩​នេះឡើង​វិញ ក្រោយ​ធ្វើ​តេស្ត​រក​វីរុស១៥​ថ្ងៃ​ក្រោយ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ ក្នុង​នោះ​គោលដៅ​ចម្បង គឺ​កុំ​ឲ្យ​កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បី​បញ្ចៀស​លទ្ធភាព​នៃ​ការ​ឆ្លង​ទៅ​សហគមន៍៕

១៩:១៧ ៩.៤.២០២០

រដ្ឋាភិបាល​បញ្ជាបិទ​ការ​ធ្វើ​ដំណើរ​ចាប់​ពីយប់​នេះ​ដល់១៦ ខែមេសា ​ដើម្បីទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​បទ​បញ្ជា​មួយ ដោយ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដែល​ជា​បទ​បញ្ជា​មួយ ត្រូវ​បាន​មើល​ឃើញ​ថា​ក្នុង​គោល​ដៅ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើត។

កាល​ពី​ថ្ងៃ​អង្គារ លោក ​ហ៊ុន សែន ​ ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​សម្រេច​លុប​ចោល​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​សម្រាប់​អ្នក​ធ្វើ​ការ​រដ្ឋ​និង​ឯក​ជន​ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​និង​ការ​ជួប​ជុំ​គ្នា​ដែល​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ ប៉ុន្តែ​កម្មករ​ហាក់​មិន​ពេញ​ចេញ​នឹង​សេចក្តី​សម្រេច​នេះ ហើយ​ពួកគេ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ។

ក្នុង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ថា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស រួម​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​រាជធានី​ភ្នំពេញ តែមិន​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ក្នុង​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។ រដ្ឋាភិបាល​ក៏​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផង​ដែរ។

បើ​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល ការ​ហាម​ឃាត់​នេះ​ត្រូវ​លើក​លែង​ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំងផ្លូវ​គោក​ ផ្លូវ​ទឹក និង​ផ្លូវ​ដែក​រថយន្ត​ធ្វើ​ដំណើរ​របស់​មន្រ្តី​រាជការ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ រថយន្ត​របស់​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រថយន្ត​សង្រ្គោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​ជញ្ជូន​សម្រាម និង​កាក​សំណល់​។

ក្នុង​នោះ ក៏​មាន​ការ​លើក​លែង​ចំពោះ​ការ​ដឹក​ជញ្ជូន​កម្មករ​ទៅកាន់​ទី​កន្លែង​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ ឬ​មន្ទីរ​ការងារ និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត។

រដ្ឋាភិបាល​បញ្ជាក់​ថា បទ​បញ្ជា​នេះ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​៩ ខែមេសា ដល់ម៉ោង​១២​យប់ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០។

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG