ខណៈដែលកម្ពុជាកំពុងរងផលប៉ះពាល់ការរាតត្បាតនៃវីរុសកូរ៉ូណាដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនោះ តំណាងអ្នកធ្វើការលើវិស័យសហគ្រាសធុនតូច និងមធ្យម ជំរុញឲ្យចាប់ផ្តើមបង្កើនរោងចក្រកែច្នៃផលិតផលកសិកម្ម ដើម្បីជួយដល់កសិករកម្ពុជា។
លោក តែ តាំងប៉រ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានថ្លែងថា ប្រទេសកម្ពុជាមានវត្ថុធាតុដើមច្រើនពីផលិតផលកសិកម្ម ប៉ុន្តែលោកថា អ្វីជាបញ្ហាគឺកង្វះខាតខ្លាំងនៃរោងចក្រកែច្នៃផលិតផលទាំងនោះ។ លោកជំរុញឲ្យអ្នកវិនិយោគចូលរួមក្នុងការបង្កើតរោងចក្រកែច្នៃ។ លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក តែ តាំងប៉រ មានប្រសាសន៍ថា៖ «ព្រោះប្រទេសយើងជាប្រទេសកសិកម្ម។ Raw Material (វត្ថុធាតុដើម) យើងមានទាំងអស់។ យើងនៅកណ្តាលប្រទេសវៀតណាម ថៃ។ តាមពិតវត្ថុធាតុដើម យើងមានទាំងអស់។ តែយើងត្រូវការស្អី? ត្រូវការកែច្នៃ។ អាផលិតផលដែលចេញពីកសិកម្មឲ្យទៅជាចំណីអាហារ។ អាហ្នឹងទំហំធំណាស់»។
លោកបន្ថែមថា៖ «គឺបង្កើតឲ្យអ្នកវិនិយោគនៅក្រៅហ្នឹងមកជំរុញកែច្នៃ ព្រោះស្រុកខ្មែរ មានផលិតផលហ្នឹងហើយ ចាំបាច់អ្នកឯងនេះអី(នាំចូល)។ ផលិតនៅក្នុងស្រុកខ្មែរ អាចនាំទៅអាស៊ានបាន លក់នៅក្នុងស្រុកខ្មែរបាន»។
លោកបន្តថា ការនាំចូលមកកម្ពុជានូវផលិតផលកែច្នៃ គិតជាទឹកប្រាក់យ៉ាងតិច ៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលលោកថា កម្ពុជាអាចផលិតបាន។ លោកមានប្រសាសន៍ថា៖ «បើមួយឆ្នាំ ប្រាំមួយប្រាំពីរពាន់លាន(ដុល្លារ) យើងទិញគេចូលតែបើយើងផលិតបាន យើងលក់នៅក្នុងស្រុកវិញ អាហ្នឹងដូចថាលុយវាមូលតែម្តង»។
លោក តែ តាំងប៉រ បន្តថា ខណៈដែលកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ កម្ពុជាគួរតែបង្កើនការផលិតក្នុងស្រុក។ លោកលើកឧទាហរណ៍ ដូចជាការបង្កើនការផលិតមីនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងស្រុក ពេលប្រជាជនត្រូវការរក្សាទុកស្បៀង។ ក្នុងពេលនេះ លោកក៏ជំរុញឲ្យប្រជាពលរដ្ឋគាំទ្រផលិតផលរបស់កម្ពុជា ដែលលោកថា ប្រជាពលរដ្ឋខ្មែរមានក្រមសីលធម៌ក្នុងការផលិតអាហារសម្រាប់ពលរដ្ឋខ្មែរដូចគ្នា។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី៣ ខែមេសា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា រដ្ឋាភិបាលបានដាក់ចេញគម្រោងសហហិរញ្ញប្បទាន ១០០ លានដុល្លារ សម្រាប់ផ្តល់ឥណទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ ៧ ភាគរយ។ ថវិកានោះ ក៏នឹងមានការជួយដល់សហគ្រាសដែលផលិត និងកែច្នៃម្ហូបអាហារផងដែរ។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណ ១០០ លានដុល្លារអាមេរិកនេះដើម្បីត្រៀមផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងពេលដែលមានវិបត្តិនៃការរាតត្បាតវីរុសកូរ៉ូណា។
លោកបានថ្លែងថា៖ «មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ SME Bank (ទុនធនាគារ) ក៏ស្ថិតក្នុងកាលៈទេសៈ ដែលយើងកំពុងជួបបញ្ហាកូវីដហ្នឹង ដាក់ ដាក់ឲ្យទាន់ពេលវេលាដើម្បីជូនទៅដល់ SME ទាំងអស់នៅស្រុកខ្មែរយើង ដើម្បីគាត់អាចមានឱកាសក្នុងការទទួលយកប្រាក់កម្ចី ដើម្បីយកទៅទ្រទ្រង់អាជីវកម្មរបស់គាត់»។
បើតាមលោក ឈា ឡាយហ៊ី សហគ្រាសធុនតូច សំដៅលើការរកស៊ីដែលមានដើមទុន ចាប់ពី ៥ ទៅ ២៥ ម៉ឺនដុល្លារ និងសហគ្រាសធុនមធ្យម ដែលមានដើមទុន ចាប់ពី ២៥ ទៅ ៥០ ម៉ឺនដុល្លារអាមេរិក។ លោកបន្តថា សហគ្រាសធុនតូច និងមធ្យម ដោយរាប់បញ្ចូលទាំងការរកស៊ីដែលមានដើមទុនក្រោម ៥ ម៉ឺនដុល្លារផងនោះ មានទៅដល់ប្រមាណ ៥២ ម៉ឺនមូលដ្នាន នៅទូទាំងប្រទេស។
ប្រជាជនកម្ពុជារាប់ម៉ឺននាក់កំពុងប្រឈមអត់ការងារធ្វើ ក្នុងនោះមានពលករប្រមាណ ៩ ម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃ ហើយបាត់បង់ការងារ និងគ្រួសារប្រឈមជំពាក់បំណុលគេ។ កម្មកររោងចក្រជាង ២០ ម៉ឺននាក់ត្រូវបានព្យួរការងារ និងបញ្ឈប់ពីការងារ។អ្នកធ្វើការលើវិស័យកាត់ដេរបារម្ភអំពីការអត់ការងារធ្វើរបស់កម្មករ និងពលករ ហើយពួកគេមិនអាចធ្វើកសិកម្មបានទេ ដូច្នេះហើយទើបពួកគេសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស និងធ្វើការក្នុងវិស័យរោងចក្រ។
ដោយសារកម្ពុជារងឥទ្ធិពលនៃការរីករាលដាលនៃវីរុសកូរ៉ូណា ដែលនាំឲ្យប៉ះពាល់វិស័យឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា បានជំរុញឲ្យក្រសួងកសិកម្មបង្កើនសកម្មភាពជួយប្រជាពលរដ្ឋក្នុងការដាំដុះ ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការនាំចូលមិនសូវមាននៅគ្រាមានវិបត្តិវីរុសកូរ៉ូណានេះ។
លោកបានថ្លែងថា៖ «យើងប្រើប្រាស់ឱកាសដ៏លំបាកនេះ ក្លាយទៅជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្មរបស់កម្ពុជា ដែលមានកំណើនយឺតក្នុងរយៈពេលកន្លងទៅ»។
អ្នកជំនាញខាងកសិកម្មបារម្ភអំពីកង្វះទឹក ដើម្បីជួយដល់កសិករ ក្នុងការធ្វើស្រែចម្ការ និងដាំដំណាំ ដែលជាបញ្ហាប្រឈមជារៀងរាល់ឆ្នាំសម្រាប់កសិករ។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ដីនៅកម្ពុជាមានច្រើន តែកសិករមិនមានទឹកប្រើប្រាស់សម្រាប់ការដាំដុះរបស់ពួកគេ។
លោកថ្លែងថា៖ «ទឹកមិនទៅមុខទេ ដោះមិនទៅមុខតែម្តង។ ហើយបើអត់ទឹកណា៎ សម្រាប់កម្ពុជា បើនិយាយថាកម្ពុជាខ្វះទឹក អ្នកខ្លះគេសើចវិញទេ។គេអាចសើចព្រោះយើងអត់ចេះចាត់ចែងទឹក។ ប្រឡាយដែលយើងជីកចំណាយលុយធំ ប៉ុន្តែអត់ដែលមានទឹកប្រើខែប្រាំងទេ ព្រោះវាអត់មានប្រភពទឹក។ គាត់ជីកមកអ៊ីចឹងទៅ ប៉ុន្តែអត់មានប្រភពទឹកទេ។ បើជីកប្រឡាយគ្រាន់តែយកសម្រាប់ខែវស្សាដដែលមិនបាច់ជីកទេ ព្រោះពីដើមមក មិនដែលមានប្រឡាយឯណា គេធ្វើស្រែរស់តើ។អាធ្វើហ្នឹង ដើម្បីពេលវាអត់ទឹកហ្នឹង។ វាមានប្រឡាយហ្នឹងហើយ»។
លោក ស ខេង បានបន្ថែមថា៖ «ប៉ុនឧបមាធ្វើកសិឧស្សាហកម្ម ឬធ្វើកសិកម្ម ធ្វើអីអាហ្នឹងហូរហែ ការចិញ្ចឹមការអី វាត្រូវការទឹក។តែបើយើងដោះអាហ្នឹងមិនបានទេ ទៅមុខអត់រួចទេ»។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម ដែលមានបទពិសោធន៍ធ្វើការងារជាមួយកសិករច្រើនឆ្នាំមកហើយ មានប្រសាសន៍ថា ដើម្បីឲ្យវិស័យកសិកម្មរីកច្រើន កម្ពុជាត្រូវពង្រឹងការដាំដុះនិងចិញ្ចឹម ការកែច្នៃ ការធ្វើពាណិជ្ជកម្ម និងការផ្គត់ផ្គង់សម្ភារៈកសិកម្មជាដើម។ លោកបន្តថា ការបង្កើតរោងចក្រកែច្នៃនៅតែជាបញ្ហានៅឡើយ ដោយកង្វះការវិនិយោគ ហើយមានភាពស្មុគស្មាញក្នុងការស្នើសុំឯកសារ។
អតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ CDAC លោក សាំងកុមារ ជំរុញឲ្យមានការចុះជួបផ្ទាល់ជាមួយសហគ្រិនទាំងនោះ ដើម្បីឲ្យពួកគេមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម។
លោកមានប្រសាសន៍ថា៖ «បើខ្ញុំជាអ្នកដឹកនាំរដ្ឋាភិបាលវិញ ខ្ញុំត្រូវដើររក ត្រូវស្វែងរកសហគ្រិនហ្នឹង ដើម្បីគាត់បើកសិប្បកម្មឧស្សាហកម្ម កែច្នៃ ជួយគាត់ថែម ទាំងពីទុន ទាំងពីផ្លូវច្បាប់ ទាំងពីការស្រាវជ្រាវអភិវឌ្ឍ ធ្វើម៉េចឲ្យគាត់ឈរជើងឲ្យជាប់នៅលើទីផ្សារហ្នឹង ដើម្បីពង្រីកឱកាសកែច្នៃ ធានាឱកាសទីផ្សារជូនកសិករយើង»។
លោកលើកជាឧទាហរណ៍ថា ប្រជាពលរដ្ឋខ្មែរចូលចិត្តដាំស្វាយចន្ទី ប៉ុន្តែស្វាយចន្ទីទាំងនោះភាគច្រើនត្រូវនាំចេញទៅប្រទេសវៀតណាម ហើយរករបស់កែច្នៃពីប្រទេសវៀតណាមមកលក់ក្នុងប្រទេសកម្ពុជាវិញ។
ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាំងកុមារ បន្ថែមថា៖ «កាលណាយើងនិយាយគោលនយោបាយ មិនមែនចង់និយាយថា ចេញតែសារនយោបាយ ចេញតែលើក្រដាសទេ។ យើងត្រូវផ្សារភ្ជាប់ធនធាន និងវិធានការជាក់លាក់ជួយគាំទ្រអាហ្នឹង»។
បើតាមលោក សាំងកុមារ ប្រទេសកម្ពុជាសម្បូរវត្ថុធាតុដើម សម្បូរកសិផល ហើយកម្ពុជាមានទីផ្សារសម្រាប់របស់របរកែច្នៃ។ លោកជំរុញឲ្យរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ដើម្បីបង្កើតកម្មវិធីពិសេសគាំទ្រវិស័យនេះ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) មានប្រសាសន៍ថា លោកមានការព្រួយបារម្ភចំពោះពលករដែលមកពីក្រៅប្រទេស និងកម្មកររោងចក្រ ដែលបាត់បង់ការងារ សរុបទាំងអស់ជាង ៣០ ម៉ឺននាក់។ លោកបន្តថា រដ្ឋាភិបាលគួរពិចារណាផ្តល់ទុនដល់កសិករខ្នាតតូច ហើយធានាទីផ្សារដល់ពួកគេ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ហ្នឹង គឺទុនសម្រាប់ពួកគាត់នៅក្នុងការប្រកបរបរកសិកម្ម។ ទៀតសោត កសិករខ្នាតតូចអីហ្នឹងគាត់មិនមានដីអីហ្នឹងជាច្រើនអីទេ។ អាហ្នឹងគាត់ពិបាកដែរ តែគាត់អាចលើកកម្ពស់កសិករជំនាញ មានន័យថាឲ្យទាំងទុន ឲ្យពួកគាត់នៅក្នុងការធ្វើកសិកម្មខ្នាតតូច ឬក៏មធ្យម ទៅតាមទំហំលទ្ធភាពដែលគាត់មាន បូកផ្សំនឹងរដ្ឋដែលគាត់អាចផ្តល់ជាទុនបន្ថែមដល់ពួកគាត់ បណ្តុះបណ្តាលជំនាញរបស់គាត់ហ្នឹងទៀត។ អាហ្នឹងខ្ញុំគិតថាអាចធ្វើទៅបាន»។
បើតាមលោក ឃុន ថារ៉ូ កសិផលដូចជាស្វាយស្វាយចន្ទី ដំឡូងពោតជាដើម ដែលជាផលិតផលរបស់កសិករខ្មែរ ត្រូវបាននាំចេញ ដើម្បីកែច្នៃនៅក្រៅប្រទេស ហើយនាំចូលផលិតផលកែច្នៃទាំងនោះចូលមកប្រទេសកម្ពុជាវិញ៕