ក្រុមសេដ្ឋវិទូនិងអ្នកវិភាគនិយាយថា ប្រទេសឡាវមានឱកាសច្រើននៅក្នុងការងើបចេញពីចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុត បន្ទាប់ពីអង្គការសហប្រជាជាតិបានធ្វើការត្រួតពិនិត្យទៅលើការវិវត្តផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសនេះសម្រាប់ឆ្នាំក្រោយ ប៉ុន្តែដំណើរការត្រួតពិនិត្យនេះប្រហែលជាត្រូវប្រែប្រួលដោយសារតែការរាតត្បាតវីរុសកូរ៉ូណា និងកំណើនបំណុលដែលឡាវជំពាក់ចិន។
ប្រទេសឡាវដែលជាប្រទេសកុម្មុយនីស្តតូចមួយដែលមានប្រជាជនចំនួន ៧,២លាននាក់និងស្ថិតនៅជាប់នឹងព្រំដែនភាគខាងត្បូងប្រទេសចិន គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសចំនួន ៤៧ ដែលអង្គការសហប្រជាជាតិចាត់ទុកថាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងមានជំនួយអន្តរជាតិ និងសិទ្ធិអាទិភាពផ្នែកពាណិជ្ជកម្មសេរី។ កាលពីខែកុម្ភៈ គណៈកម្មាធិការពិសេសមួយនៃអង្គការសហប្រជាជាតិដែលតាមដានវឌ្ឍនភាពរបស់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចរាល់បីឆ្នាំម្តង អាចសម្រេចឲ្យប្រទេសឡាវឡើងផុតពីចំណាត់ថ្នាក់នេះ ដោយដកចេញនូវជំនួយ និងផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ផ្តល់ទៅឲ្យបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច ប៉ុន្តែផ្តល់មកវិញនូវការជំរុញលទ្ធភាពទាក់ទាញការវិនិយោគបរទេសបន្ថែមនិងកម្ចីដែលមានការប្រាក់ទាប ដែលអាចរក្សាកំណើននិងចីរភាពសេដ្ឋកិច្ច។
ឡាវបានចាត់ទុកការដកខ្លួនចេញពីចំណាត់ថ្នាក់ជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចជាគោលនយោបាយចម្បងមួយសម្រាប់រយៈពេលជាច្រើនឆ្នាំមកនេះ។ កាលពីឆ្នាំ២០១៨ ឡាវបានជាប់ជាស្ថាពរពីការត្រួតពិនិត្យលើកដំបូងក្នុងចំណោមការត្រួតពិនិត្យជាប់គ្នាចំនួនពីរលើក តាមរយៈការបំពេញនូវលក្ខខណ្ឌដែលគណៈកម្មាធិការប្រើប្រាស់ដើម្បីវាស់ស្ទង់លើការអភិវឌ្ឍ ដែលរួមមានចំណូលជាតិសរុបសម្រាប់ពលរដ្ឋម្នាក់ៗ ដែលត្រូវបានកំណត់ឡើងលើសពី ១២៤២ ដុល្លារ និងមូលធនសង្គម រួមមានការវាស់ស្ទង់ទៅលើការវិវត្តផ្នែកសុខាភិបាល ការអប់រំ និងអក្ខរកម្មរបស់ប្រជាជន។ ប្រទេសឡាវបានខកខានក្នុងការសម្រេចបាននូវលក្ខខណ្ឌតម្រូវទីបីគឺ ដំណោះស្រាយលើភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលជាការវាស់ស្ទង់ថាតើសេដ្ឋកិច្ចរបស់ប្រទេសងាយរងគ្រោះពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច និងបរិស្ថានកម្រិតណា ដែលអាចប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចប្រកបដោយចីរភាព។
កត្តាដទៃទៀត
អ្នកវិភាគម្នាក់និងអ្នកសេដ្ឋកិច្ចពីររូបដែលតាមដានស្ថានភាពប្រទេសឡាវជិតដិតបានប្រាប់ VOA នាពេលថ្មីៗនេះថា ឡាវទំនងនឹងសម្រេចនូវលក្ខខណ្ឌតម្រូវចំនួនពីរដែលខ្លួនសម្រេចបានកាលពីឆ្នាំ២០១៨ បន្ទាប់ពីការពិនិត្យពិច័យលើកទីពីរនៅខែកុម្ភៈ ឆ្នាំក្រោយ។ ប្រសិនបើដូច្នេះមែន ឡាវអាចឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចជាផ្លូវការនៅឆ្នាំ ២០២៤ បន្ទាប់ពីបានឆ្លងកាត់រយៈពេល៣ឆ្នាំដែលជាបទដ្ឋានដើម្បីត្រៀមលក្ខណៈ។
ជារឿងល្អផងដែរដែលទិន្នន័យដែលគណៈកម្មការនឹងប្រើប្រាស់នៅខែកុម្ភៈខាងមុខសម្រាប់លក្ខខណ្ឌតម្រូវទាំងបីខាងលើគឺ គិតត្រឹមឆ្នាំ២០១៩ប៉ុណ្ណោះ មុនពេលមានការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែគណៈកម្មការក៏នឹងពិនិត្យទៅលើសូចនាករបន្ថែមមួយចំនួនទៀត និងការសិក្សាវិភាគទៅលើប្រទេសឡាវផ្ទាល់» ដែលនឹងបង្ហាញពីផលប៉ះពាល់ពីការរាតត្បាតជំងឺមកលើសង្គម និងសេដ្ឋកិច្ចឡាវ។
លោក Matthew Johnson-Idan អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃការិយាល័យសម្របសម្រួលបុគ្គលិកអង្គការសហប្រជាជាតិនៅប្រទេសឡាវបាននិយាយថា៖ «ផ្អែកតែទៅតាមលក្ខខណ្ឌតម្រូវទាំងបីនេះ ខ្ញុំអាចនិយាយបានថា ឡាវទំនងនឹងអាចគ្រប់តាមលក្ខខណ្ឌយ៉ាងហោចណាស់២ បើមិនអាចគ្រប់លក្ខខណ្ឌទាំងបី។ មានកត្តាដទៃទៀតដែលត្រូវយកមកពិចារណា ដូច្នេះខ្ញុំមិនចង់វាយតម្លៃទុកជាមុនទៅលើលទ្ធផលនៃការសិក្សានោះទេ»។
លោកJohnson-Idan បានថ្លែងថា សូចនាករបន្ថែមដែលគណៈកម្មការនឹងពិនិត្យមើលគឺមានលក្ខណៈខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែគណៈកម្មាធិការនឹងផ្តោតទៅលើសូចនាករណាដែលជួយឲ្យខ្លួនសម្រេចថាតើវឌ្ឍនភាពដែលរដ្ឋាភិបាលប្រទេសមួយធ្វើបានអាចបំពេញលើលក្ខខណ្ឌតម្រូវប្រកបដោយចីរភាពឬទេ។ ការវិវត្តទៅមុខរបស់ប្រទេសមួយកាន់តែមានចីរភាព លទ្ធភាពឡើងចំណាត់ថ្នាក់គឺមានកាន់តែខ្ពស់។
លោក Johnson-Idan រំពឹងថា ជំងឺរាតត្បាតនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសូចនាករបន្ថែមទាំងនោះ។
ទោះបីជាជំងឺកូវីដ១៩ បានឆ្លងទៅលើមនុស្សត្រឹមតែ២៤នាក់ គិតជាតួលេខផ្លូវការ នៅប្រទេសឡាវ និងមិនមានការស្លាប់ក៏ដោយ ការរឹតបន្តឹងសកម្មភាពសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេសបានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចប្រទេសនេះ។ ធនាគារពិភពលោកបានទស្សន៍ទាយថា កំណើនអត្រាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសឡាវនឹងធ្លាក់ចុះពីកំណើនមធ្យមប្រមាណ៧ភាគរយមកនៅ១ភាគរយឬតិចជាងនេះនៅក្នុងឆ្នាំ២០២០។
មូលដ្ឋានសារពើពន្ធ
លោក Johnson-Idan ថ្លែងថា ការធ្លាក់ចុះសេដ្ឋកិច្ចនេះធ្វើឲ្យឡាវកាន់តែពិបាក ក្នុងការដោះបំណុលដែលកំពុងតែកើនឡើងរបស់ខ្លួន និងពិបាករក្សាការចំណាយលើសេវាកម្មសង្គមដែលបានជួយលើកកម្ពស់វិស័យសុខាភិបាល និងអប់រំ និងដែលបានជួយឲ្យប្រទេសឡាវមានឱកាសឆ្លងផុតពីចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍតិចតួច។
លោកបានបន្តថា រដ្ឋាភិបាលឡាវកំពុងរៀបចំផែនការដើម្បីលើកកម្ពស់ស្ថានភាពសារពើពន្ធរបស់ខ្លួន។
លោក Johnson-Idan បានថ្លែងថា៖«ទោះបីវាជារឿងល្អមួយក៏ដោយ ខ្ញុំរំពឹងថា [គណៈកម្មការ] នឹងពិនិត្យទៅលើរឿងនេះយ៉ាងជិតដិត ហើយនេះនឹងជាកត្តាមួយនៅក្នុងចំណោមកត្តាសំខាន់ៗដែលនឹងកំណត់ថាតើពួកគេគិតថា ការវិវត្តទៅមុខនេះនឹងប្រកបដោយចីរភាព ឬទេបន្ទាប់ពីឡាវឆ្លងផុតចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍតិចតួច»។
ធនាគារពិភពលោកប៉ាន់ប្រមាណថា បំណុលរបស់ឡាវនឹងកើនដល់ ៦៨ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួននាឆ្នាំ២០២០នេះ ដែលភាគច្រើនជាបំណុលជំពាក់ប្រទេសចិនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន។ កាលពីខែសីហា ទីភ្នាក់ងារកំណត់ចំណាត់ថ្នាក់ Moody របស់សហរដ្ឋអាមេរិកបានព្រមានពីហានិភ័យដែលប្រទេសឡាវមិនមានលទ្ធភាពសងបំណុលរបស់ខ្លួន «នាពេលអនាគតដ៏ខ្លីខាងមុខ»។
អ្នកស្រី Imogen Page-Jarrett អ្នកវិភាគលើប្រទេសឡាវនៅអង្គភាពស្រាវជ្រាវសាកល Economist Intelligence Unit បាននិយាយថា ប្រទេសឡាវនៅតែពឹងផ្អែកខ្លាំងទៅលើឧស្សាហកម្មតិចតួចរួមមាន វារីអគ្គិសនី រ៉ែ និងការនាំចេញទំនិញដូចជា សម្លៀកបំពាក់ និងវត្ថុធាតុដើម។ អ្នកស្រីបាននិយាយថា រដ្ឋាភិបាលឡាវមិនបានធ្វើឲ្យមានការបោះជំហានទៅមុខច្រើននោះទេដើម្បីពង្រឹងកម្លាំងពលកម្មជំនាញទាប។
អ្នកស្រី Page-Jarrett បានថ្លែងថា៖ «មិនមានការវិវត្តនៅមុខនៅក្នុងផ្នែកទាំងនេះនោះទេនៅរយៈពេលពីរឆ្នាំចុងក្រោយនេះ ដូច្នេះខ្ញុំអាចនិយាយថា ភាពងាយរងគ្រោះនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចឡាវក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះគឺនៅខ្ពស់នៅឡើយ។ ហើយប្រសិនបើយើងគិតបញ្ចូលនូវកម្រិតនៃការកើនឡើងបំណុល ហើយជាពិសេសកំណើនបំណុលដែលជំពាក់ប្រទេសចិន ខ្ញុំគិតថា បំណុលទាំងនេះនឹងដាក់សម្ពាធទៅលើភាពងាយរងគ្រោះនៃសេដ្ឋកិច្ចរបស់ឡាវ»។
អ្នកស្រីបានបន្ថែមថា៖ «ប្រសិនបើពួកគេគ្រាន់តែគិតពិចារណាលើលក្ខខណ្ឌតម្រូវចំនួនបីនោះ នោះប្រទេសឡាវនឹងទទួលជោគជ័យក្នុងការត្រួតពិនិត្យនោះ។ ប៉ុន្តែមានលទ្ធភាពដែលថា គណៈកម្មាធិការនឹងមិនគិតតែលើលក្ខខណ្ឌតម្រូវចំនួនបីតែប៉ុណ្ណោះនោះទេ ពីព្រោះពួកគេកំពុងតែពិចារណាលើលក្ខខណ្ឌបន្ថែម»។
ប្រទេសក្នុងតំបន់ដែលនៅក្បែរប្រទេសឡាវ
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងទស្សនៈទូលាយជាងនេះ អ្នកស្រី Page-Jarrett និងលោក Johnson-Idan បានចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់ឡាវ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងប្រទេសចិននៅជិតខាង បានជួយជ្រោមជ្រែងជាជាងបង្កជាឧបសគ្គចំពោះការចាកចេញរបស់ប្រទេសឡាវពីចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍតិចតួច។ អ្នកទាំងពីរនិយាយថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ចិនបានជួយយ៉ាងច្រើនទៅដល់ការពង្រីកសេដ្ឋកិច្ច និងលើកកម្ពស់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ឲ្យលើសពីកម្រិត ១២២២ ដុល្លារ កំណត់ឡើងដោយអង្គការសហប្រជាជាតិសម្រាប់ការត្រួតពិនិត្យនៅឆ្នាំ ២០២១។
លោក Mana Southichack អ្នកសេដ្ឋកិច្ចនិងនាយកក្រុមហ៊ុន Lao Integro ដែលជាក្រុមហ៊ុនស្រាវជ្រាវក្នុងស្រុកមួយបានយល់ស្រប។ លោកបាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំមួយរបស់ឡាវ ជាមួយនឹងប្រទេសថៃ និងវៀតណាមដែលស្ថិតនៅជិតខាង ហើយនាពេលថ្មីៗនេះប្រទេសចិនបានដណ្តើមតំណែងពីប្រទេសថៃដែលជាអ្នកវិនិយោគធំជាងគេបង្អស់នៅឡាវ។
លោក Mana បាននិយាយថា លំហូរទំនិញក្នុងតម្លៃថោកពីចិន រួមមានគ្រឿងឧបករណ៍កសិកម្ម និងទោចក្រយានយន្តជាដើម បានជួយជំរុញជីវភាពរស់នៅតាមរយៈការជួយឲ្យប្រជាជនឡាវសន្សំ និងប្រកបអាជីវកម្មធុនតូចប្រកបដោយផលិតភាពជាងមុន។
លោកបានថ្លែងថា៖«ទាំងនេះជារឿងដែលមនុស្សមួយចំនួនបានមើលរំលង ប៉ុន្តែវាមានសារៈសំខាន់»។
លោក Mana បាននិយាយថា អង្គការសហប្រជាជាតិប្រហែលមិនទាន់អនុម័តលើសំណើសុំឡើងចំណាត់ថ្នាក់របស់ប្រទេសឡាវនៅខែកុម្ភៈខាងមុខនោះទេ។ លោកព្រួយបារម្ភថា ផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ អាចរុញច្រានឲ្យប្រទេសឡាវធ្លាក់ចូលក្នុងចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចវិញ ប៉ុន្តែលោកជឿថា ប្រទេសឡាវអាចរក្សាចំណាត់ថ្នាក់ថ្មីបាន ដរាបណាប្រទេសចិន ថៃ វៀតណាម អាចរើបចេញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។
លោក Johnson-Idan បាននិយាយថា នៅក្នុងចំណោមបណ្តាប្រទេសទាំងប្រាំដែលបានឆ្លងផុតចំណាត់ថ្នាក់មកទល់ពេលនេះ មិនមានប្រទេសណាមួយធ្លាក់ចំណាត់ថ្នាក់វិញទេ ហើយប្រទេសទាំងអស់នៅតែបន្តអភិវឌ្ឍទៅមុខ។
អង្គការសហប្រជាជាតិក៏មានជម្រើសមួយចំនួនក្រៅពីដាក់ឲ្យឡើងចំណាត់ថ្នាក់ ឬរក្សាចំណាត់ថ្នាក់ដដែលសម្រាប់ប្រទេសឡាវផងដែរ។ ប្រសិនបើឡាវអាចបំពេញលក្ខខណ្ឌតម្រូវចម្បងចំនួនបីគិតត្រឹមខែកុម្ភៈខាងមុខ ប៉ុន្តែខកខានក្នុងការធ្វើឲ្យប្រសើរឡើងនូវសូចនាករបន្ថែមចំនួនបីផ្សេងទៀត គណៈកម្មាធិការអាចពិចារណាពន្យារសេចក្តីសម្រេចរហូតដល់ឆ្នាំ ២០២៤ ឬអនុម័តនូវការឡើងចំណាត់ថ្នាក់ ហើយបន្ថែមពេលវេលាលើពីរយៈពេលបទដ្ឋានចំនួនបីឆ្នាំ។ លោក Johnson-Idan បាននិយាយថា អង្គការសហប្រជាជាតិធ្លាប់ធ្វើដូចនេះពីមុនមកផងដែរ។
សារព័ត៌មានគាំទ្រដោយរដ្ឋឡាវ Vientiane Times បានរាយការណ៍កាលពីដើមខែវិច្ឆិកានេះថា ការរាតត្បាតនៃវីរុសកូរ៉ូណាអាចពន្យារពេលឡើងចំណាត់ថ្នាក់របស់ប្រទេសឡាវ ប៉ុន្តែមិនបានលើកឡើងពីការផ្លាស់ប្តូរណាមួយទៅលើផែនការរបស់រដ្ឋាភិបាលនោះទេ។ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវលោក Sonexay Siphandone បានប្រាប់ទៅសារព័ត៌មាននេះថា រដ្ឋាភិបាលកំពុងបន្តវាយតម្លៃទៅលើផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា