គេរំពឹងថា វៀតណាមនឹងទិញម៉ាស៊ីនរបស់អ៊ីតាលីជាច្រើនគ្រឿងបន្ថែមទៀត ហើយប្រជាជនអូទ្រីសជាច្រើននាក់ទៀតនឹងពាក់ស្បែកជើងកីឡាផលិតនៅប្រទេសវៀតណាម ដោយសារតែប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងតែខិតចូលកាន់តែជិតទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប។
ជាមួយនឹងការចរចាដែលបានបញ្ចប់កាលពីដើមខែនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងបញ្ចប់នេះផ្តល់នូវសក្តានុពលជាយុទ្ធសាស្រ្តដល់ភាគីទាំងសងខាង។ សម្រាប់ប្រទេសវៀតណាម កិច្ចព្រមព្រៀងនេះនឹងរឹតចំណងចម្រុះជាមួយនឹងប្រទេសដទៃទៀត ដែលមិនមែនជាប្រទេសដែលមានអំណាចខ្លាំង ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក។ សម្រាប់បណ្តាប្រទេសនៅអឺរ៉ុប កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់ការទាមទារមួយដែលធំជាងនេះនៅក្នុងតំបន់អាស៊ី ខណៈពេលដែលប្រទេសជាច្រើនយកចិត្តទុកដាក់ខ្លាំងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកនោះ។
មន្រ្តីនានារបស់អឺរ៉ុបបានជំរុញដល់កិច្ចព្រមព្រៀងជាមួយនឹងប្រទេសវៀតណាមនេះ ដែលបានលុបចោលនូវពន្ធនាំចេញនាំចូល៩៩ភាគរយ ខណៈដែលនេះគឺជាលើកទី១ហើយដែលអឺរ៉ុបនឹងចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងអាចក្លាយជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានានៅពេលអនាគត។
លោកSimon van der Burg ដែលជាអគ្គកុងស៊ុលរបស់ប្រទេសហូឡង់ប្រចាំនៅទីក្រុងហូជីមិញ បានថ្លែងកាលពីសប្តាហ៍មុននៅក្នុងសភាពាណិជ្ជកម្មអឺរ៉ុបថា «កិច្ចព្រមព្រៀងនេះ គឺជាគំរូសម្រាប់ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះនឹងអាចក្លាយជាគំរូមួយដែលតម្រូវឲ្យប្រទេសកុម្មុយនីស្តវៀតណាមធ្វើកំណែទម្រង់រាល់ក្រុមហ៊ុនដែលជារបស់រដ្ឋ និងពង្រឹងការការពារបរិស្ថាន។ កិច្ចព្រមព្រៀងនេះក៏បានបង្កើតដៃគូពាណិជ្ជកម្មដោយមានជំនួយអភិវឌ្ឍន៍ផងដែរ។ អ្នកចរចាពាណិជ្ជកម្មរបស់អឺរ៉ុប លោកស្រី Jana Herceg បានថ្លែងនៅសភាពពាណិជ្ជកម្មអឺរ៉ុបថា ប្រទេសវៀតណាមនឹងទទួលបានការគាំទ្រដើម្បីត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ និងដើម្បីលើកស្ទួយបច្ចេកវិទ្យាពណ៌បៃតង ថាមពល ការថែទាំសុខភាព ទេសចរណ៍ និងវិស័យផ្សេងៗទៀតផងដែរ៕