ប្រមាណមួយខែកន្លះ បន្ទាប់ពីមានការបង្រ្កាបដោយអាវុធទៅលើប្រជាពលរដ្ឋនៅក្នុងជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ ប្រជាពលរដ្ឋប្រមាណ៣០០នាក់ នៅរសៀលថ្ងៃចន្ទ បានតវ៉ានៅរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានដំណោះស្រាយលើដីធ្លីរបស់ពួកគេ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរាប់រយនាក់បានតវ៉ាបិទផ្លូវនៅក្នុងស្រុកស្នួល ដើម្បីទាមទារឲ្យមានការដោះលែងប្រជាពលរដ្ឋ ដែលអាជ្ញាធរបានចាប់ខ្លួន និងទាមទារកុំឲ្យដុតផ្ទះ និងបំផ្លាញដំណាំរបស់ពួកគេ។
ការតវ៉ានោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ១៥០នាក់ បានប្រើប្រាស់អាវុធបំបែកក្រុមតវ៉ា រហូតបណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់រងរបួស ដោយសារគ្រាប់កាំភ្លើង និងមួយចំនួនទៀតរងរបួស ដោយការវាយដំដោយកម្លាំងសមត្ថកិច្ច ហើយប្រជាពលរដ្ឋ៨នាក់ ត្រូវបានចាប់ខ្លួន។
នៅរសៀលថ្ងៃចន្ទនេះ ប្រជាពលរដ្ឋបានដើរដង្ហែតាមបណ្ដោយផ្លូវមួយចំនួននៅរាជធានីភ្នំពេញដូចជាមហាវិថីព្រះមុនីវង្ស និងផ្លូវក្បែរព្រះបរមរាជវាំងជាដើម ដើម្បីសុំដំណោះស្រាយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បើតាមញត្តិដែល VOA ទទួលបាន ប្រជាពលរដ្ឋដែលតវ៉ា បានស្នើសុំឲ្យរដ្ឋាភិបាលអន្តរាគមន៍ទៅក្រុមហ៊ុនមេមត់ ដែលទទួលបានដីសម្បទានពីរដ្ឋ ឱ្យប្រគល់ដីឱ្យពួកគេវិញ ដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលពីឆ្នាំ២០១៤ តែពុំមានអាជ្ញាធរ ឬក្រុមហ៊ុន មកហាមឃាត់នោះ។
បើតាមញត្តិនោះ ពួកគេបានបញ្ជាក់ថា នៅក្នុងខែមីនា អាជ្ញាធរបានឲ្យពួកគេចាកចេញ ដុតបំផ្លាញផ្ទះ និងបំផ្លាញផលដំណាំរបស់ពួកគេ។
ប្រជាពលរដ្ឋម្នាក់ លោក ហង្ស ពៅ អាយុ៥៥ឆ្នាំ បានថ្លែងប្រាប់ VOA នៅកន្លែងប្រមូលផ្តុំតវ៉ានៅសួនច្បារវត្តបុទុមថា ក្រោយមានការបង្រ្កាបដោយអាវុធ កាលពីថ្ងៃទី៨ ខែមីនា ប្រជាពលរដ្ឋបានបាត់បង់ផ្ទះសម្បែង ដីធ្លី ដែលពួកគេបានកាប់ឆ្ការ និងផលដំណាំ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកមិនមានឯកសារក្នុងការកាន់កាប់ដីធ្លីរបស់លោកជាង២ហិកតានេះទេ ដោយសារលោកបានកាប់ឆ្ការព្រៃតាមគេឯងតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ឃើញគេចូលចេះតែតាមគេតាមឯងទៅ។ ក៏គេចូល ក្រែងបានហ្នឹងគេអញ្ចឹងទៅ។ អត់ទាន់មាន(ប្លង់)ទេ បានមកសុំឲ្យសម្តេចជួយដោះស្រាយឲ្យប្រជាពលរដ្ឋហ្នឹងណា។ បានលោកជួយដោះស្រាយ បានប្លង់បានអី។ កូនចៅសូមអំណរអរគុណដល់សម្តេចហ្នឹងណា បានសម្តេចជួយរាស្រ្ត»។
លោកបន្តថា លោកបានរងរបួស ដោយសារការវាយពីកម្លាំងសមត្ថកិច្ចចម្រុះ នៅក្នុងការតវ៉ាកាលពីខែមីនា។
លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំទៅសុំកម្លាំងប្រជាជនដែលគេចាប់ហ្នឹងមកវិញ ទៅតវ៉ាសុំអញ្ចឹងទេ កាលហ្នឹងនោះ ទទួលបានកើតរឿងហ្នឹងទៅ។ ខ្ញុំ គេវាយ នេះក្បាលនេះ មិនទាន់បាត់ស្នាមផង។ នេះឆ្អឹងជំនីនេះ ទាត់ឡើងសុះ។ អ្ហេក្រែលដែរហ្នឹង ឡើងជាំពេញខ្លួន»។
លោក ហង្ស ពៅ និងប្រជាពលរដ្ឋ៧នាក់ទៀត ត្រូវបានចាប់ខ្លួននៅពេលមានការបង្រ្កាបដោយអាវុធ និងត្រូវចោទប្រកាន់ពីបទរារាំង ប្រើប្រាស់មធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ បទធ្វើឲ្យខូចខាតដោយចេតនា និងបទប្រឆាំងរាជការសាធារណៈ។
ប៉ុន្តែ ពួកគេត្រូវបានដោះលែងវិញ កាលពីថ្ងៃទី១២ ខែមីនា តែស្ថិតនៅក្រោមការតាមដានរបស់តុលាការ។ លោក ហង្ស ពៅ ត្រូវបង្ហាញខ្លួននៅអធិការស្រុកស្នួល ជារៀងរាល់ខែ។
ប្រជាពលរដ្ឋម្នាក់ទៀត លោក ឃី ផេង អាយុ៧២ឆ្នាំ ដែលបានមកតវ៉ា មានប្រសាសន៍ថា លោកបានចាកចេញពីស្រុកកំណើតរបស់លោកក្នុងខេត្តត្បូងឃ្មុំ មកខេត្តក្រចេះ និងបានកាប់ឆ្ការព្រៃ និងកាន់កាប់ដីជាង៣ហិកតា តាំងពីឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ លោកដាំបានដំឡូងមួយចំនួន។
លោកបញ្ជាក់ថា ការកាប់ឆ្ការដីនេះ ដើម្បីអាចបានដីខ្លះធ្វើចម្ការ បន្ថែមលើដីស្រែរបស់លោក២ហិកតា នៅក្នុងខេត្តត្បូងឃ្មុំ។
លោកមានប្រសាសន៍ថា៖ «ដីដាំរបស់របរ គ្រាន់ចិញ្ចឹមជីវិតបន្តិចបន្តួច ផ្សំៗគ្នាទៅ»។
នៅថ្ងៃបង្រ្កាបដោយអាវុធ លោកក៏បានចូលរួមតវ៉ា តែបានរត់គេចភ្លាមៗ នៅពេលឭស្នូរកាំភ្លើង។ លោកបញ្ជាក់ថា៖ «ខ្លាច គ្រាប់កាំភ្លើងផូងផាំងមក ហើយខ្ញុំរត់ទៅ»។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោកស្រី ស សារឿន អាយុ៦៤ឆ្នាំ បានអះអាងដូចគ្នាពីការកាន់កាប់ដីជិត៣ហិកតា ដោយសារការកាប់ឆ្ការព្រៃ តាមគេតាមឯង។
លោកស្រីមានប្រសាសន៍ថា៖ «មិនដឹងដែរ ចេះតែទៅកាប់តាមៗគ្នាទៅ។ កាលកាប់ហ្នឹងសុទ្ធតែព្រៃ ដល់ពេលស្រឡះអស់រលីង បានគេទៅកាយក្រវាត់យក»។
ការតវ៉ារបស់ប្រជាពលរដ្ឋនៅថ្ងៃចន្ទនេះ ក៏មានការតាមដាន ដោយកម្លាំងសន្តិសុខរាជធានីភ្នំពេញរាប់សិបនាក់ផងដែរ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ក៏បានតាមដានការតវ៉ានេះ។
មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក គង់ ចំរើន ដែលបានជួប និងទទួលញត្តិរបស់ប្រជាពលរដ្ឋបានថ្លែងទៅកាន់អ្នកតវ៉ាថា អាជ្ញាធរពាក់ព័ន្ធនឹងពិនិត្យមើលករណីនេះ តែមិនកំណត់ពេលនៃដំណោះស្រាយនោះទេ។
លោកបានថ្លែងថា៖ «ការចាត់ចែងនេះ អាចមិនបានទៅតាមចិត្តបងប្អូន ចង់ពេលខ្លី ពេលឆាប់ ឬក៏យ៉ាងម៉េចទេ។ វាមានពេលវេលាត្រូវធ្វើការ ហើយគេឲ្យជំនាញទៅធ្វើការ»។
លោកបានស្នើឲ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ តាមខេត្តរៀងៗខ្លួន ហើយរង់ចាំដំណោះស្រាយនៅពេលក្រោយ។ ប៉ុន្តែប្រជាពលរដ្ឋមិនចង់ទៅផ្ទះនោះទេ ព្រោះខ្លាចមិនមានដំណោះស្រាយ។
កាលពីថ្ងៃទី២៦ ខែមីនា ពួកគេក៏បានឡើងមកភ្នំពេញ ដើម្បីតវ៉ាម្តងរួចមកហើយ តែមិនទាន់មានការឆ្លើយតបយ៉ាងណាពីអាជ្ញាធរ។
មន្រ្តីផ្នែករដ្ឋបាលរបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលបានទទួលទូរស័ព្ទរបស់ VOA បានបដិសេធអត្ថាធិប្បាយលើបញ្ហានេះ។
ក្រោយការបង្រ្កាបដោយអាវុធ ក្រុមហ៊ុនចម្ការកៅស៊ូ មេមត់ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ចាប់តាំងពីក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគអភិវឌ្ឍលើវិស័យកសិឧស្សាហកម្ម ពីរដ្ឋាភិបាលក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនមិនដែលបានរំលោភបំពាន ឬប៉ះពាល់ដីប្រជាពលរដ្ឋឡើយ។
ប៉ុន្តែ ក្រុមហ៊ុនបានរងគ្រោះធ្ងន់ធ្ងរ ដោយការកាប់ព្រៃទន្រ្ទានយកដី ពីក្រុមជនអនាធិបតេយ្យជាបន្តបន្ទាប់។ ក្រុមហ៊ុនបានបញ្ជាក់ថា កន្លងទៅ ពួកគេធ្លាប់កាត់ឆ្វៀលដីជិត៣ពាន់ហិកតា សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក បានលើកជាសំណួរថាហេតុអ្វីបានជាប្រជាពលរដ្ឋ អាចកាន់កាប់ដីបានជាច្រើនឆ្នាំ ដោយមិនមានការហាមឃាត់ពីក្រុមហ៊ុន និងអាជ្ញាធរ។
លោកបានបញ្ជាក់ថា៖ «វាជារឿងមួយ ដែលយើងដឹងហើយថា ប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជាយើងហ្នឹង មានប្រជាពលរដ្ឋជាច្រើនដែលនៅខ្វះដីក្នុងការប្រើប្រាស់ បង្កបង្កើនផល។ យើងដឹងហើយនៅក្នុងចំណុចដែលកើតហេតុហ្នឹង មានពលរដ្ឋមួយចំនួនលោកបានចូលទៅកាន់កាប់ ហើយកាប់ឆ្ការតាមរយៈមេខ្យល់ ឬក៏តាមរយៈការដឹងឭតៗគ្នា។ ហើយយើងនៅមានចម្ងល់ថា ហេតុអ្វីបានជាបណ្ដែតបណ្ដោយឲ្យពួកគាត់ បានរស់នៅក្នុងតំបន់ហ្នឹងមានរយៈពេលយូរយ៉ាងនេះហើយ ទើបតែមានវិធានការពេលថ្មីៗហ្នឹង»។
លោកបញ្ជាក់បន្ថែមថា ក្រោយមានការបង្ក្រាបដោយអាវុធពីសំណាក់អាជ្ញាធរ ប្រជាពលរដ្ឋមានភាពភ័យខ្លាច រហូតមកដល់ពេលនេះ ដោយសម្ងំលាក់ខ្លួន និងគេចពីការឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ច៕
ទស្សនាកម្រងរូបភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋមកពីខេត្តក្រចេះ