ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​មិន​ពេញ​ចិត្ត​ចំពោះ​កង្វះ​ការ​ពិគ្រោះ​យោបល់​លើ​វិសោធន​កម្ម​ច្បាប់​សហជីព


រូបឯកសារ៖ តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែ/VOA)
រូបឯកសារ៖ តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែ/VOA)

ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករនៅ​ថ្ងៃ​អង្គារ​នេះ​ សម្តែង​ការ​ខក​ចិត្ត​ចំពោះរដ្ឋសភា​ដែលអនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​សហជីព​ ដោយ​មិន​បាន​បើក​ឲ្យមាន​ការ​ពិភាក្សា​ជាមុន​ជាមួយ​តំណាង​ក្រុម​កម្មករពាក់​ព័ន្ធនឹងតម្រូវ​ការ​ និង​បញ្ហា​ប្រឈម​របស់កម្មករ។​

រដ្ឋ​សភា​ជាតិ​ ​ដែល​មាន​តែ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ចំនួន​១០​នៃ​ច្បាប់​ស្តីពី​សហជីព ​ដែល​មាន​១៧​ជំពូក​និង​១០០​មាត្រា។​ ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​ និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើនរិះគន់​ថា​ ច្បាប់​សហជីព​មាន​ការ​រឹតត្បិត​សិទ្ធិ​របស់​សហជីព​ និង​កម្មករ​ ចាប់​តាំង​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៦​មក។​

លោក​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​ប្រាប់​ VOA​ ថា​ ការ​អនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីពនេះ​ មិនឆ្លើយ​តប​ទៅ​នឹង​ការ​បារម្ភ​របស់​អ្នក​តំណាង​ការពារ​សិទ្ធិ​កម្មករ​នោះ​ទេ។ ​លោក​បន្ត​ថា ​សភា​គួរ​ផ្តល់​ឱកាស​ឲ្យ​មាន​កិច្ច​ពិភាក្សា​រវាង​អ្នក​តាក់តែង​ច្បាប់​ និង​ក្រុម​សហជីព​ជាមុន​សិន​ ​ដើម្បី​បាន​ដឹង​អំពី​ផល​វិបាក ​និង​ការ​ចង់​បាន​របស់​កម្មករ។​

«ការណ៍​ដែល​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ គឺ​ធាតុ​ពិត​ទៅ​ធ្វើ​ដោយសារតែ​សម្ពាធ​របស់​អឺរ៉ុបពាក់ព័ន្ធ​នឹង​ប្រព័ន្ធ EBA ​ទេ ​មិនមែន​ធ្វើ​ដោយ​សារ​តែ​សហជីពស្នើ​សុំ​ទេ។ ​គេ​មិន​ដែល​ខ្វល់ ​គេ​មិន​ដែល​ឈឺ​ក្បាល អ្វី​ដែល​ភាគី​ខាង​សហជីព​លើក​ឡើង​ទេ»។​

ខណៈ​រដ្ឋសភា​កំពុង​អនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្មច្បាប់​សហជីព ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​គេ​ឃើញ​ក្រុម​សហជីព​ និង​សមាគម​ចំនួន​៧​ បាន​ជួប​ជាមួយ​អ្នកស្រី​ មាន សំអាន ​ប្រធាន​គណៈ​កម្មការ សុខាភិបាល និង​សង្គម​កិច្ចនៃ​ព្រឹទ្ធ​សភា​ដើម្បី​ជជែក​អំពី​ផល​វិបាក​នៃ​ច្បាប់​ស្តីពី​សហជីព​នេះ ​បន្ទាប់​ពី​ក្រុម​សហជីព​ទាំងនោះបាន​ផ្ញើ​លិខិត​ទៅ​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​តាំង​ពី​ថ្ងៃ​ទី​៣០ ​ខែ​តុលា​មក។​

លោក​ អាត់ ធន់ ​តំណាង​សហភាព​ការងារ​កម្ពុជា ​សហជីព​ និង​សមាគម​ក្នុង​វិស័យ​ការងារ​ ដែល​បាន​ចូលរួមពិភាក្សា​ជាមួយ​មន្រ្តី​ព្រឹទ្ធ​សភា ​កត់​សម្គាល់​ថា​ មាត្រា​ជាច្រើននៃ​ច្បាប់​ស្តីពី​សហជីពបានធ្វើ​ឲ្យ​មាន​ការ​រឹតត្បិត​សិទ្ធិ ​និង​សេរីភាព​របស់​សហជីព ​និង​កម្មករ​ក្នុង​ការ​អនុវត្ត​ការងារ។​

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​បន្ថែម​ថា​ ​លោក​មានការ​ខក​ចិត្ត​ដែល​រដ្ឋសភា​អនុម័ត​វិសោធន​កម្ម​មាត្រា​ទាំង​នោះ ​ដោយ​មិន​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយក្រុម​សហជីព​ដែល​មិន​រណប​ថៅកែ​រោងចក្រ។​

«យើង​ក៏​សោក​ស្តាយ​ដែរ ​ដែល​សភា​តំណាង​ឲ្យស្ថាប័ន​នីតិ​បញ្ញត្តិ​មួយ​ដ៏​ធំគួរ​តែយក​ចិត្ត​ទុក​ដាក់​ពី​សំណើ​ខាងយើង ​ហើយ​ផ្តល់​ឱកាស​ឲ្យ​យើង​ដើម្បីជួប មុន​នឹង​អនុម័ត​អី​ផ្សេងៗ។​ ប៉ុន្តែ​ទី​បំផុត​ គាត់​អនុម័ត​ដោយ​មិន​បាន​ឆ្លង​កាត់​យោបល់​ពី​ខាង​យើង»។​

អ្នកស្រី​ មាន សំអាន​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច​ និង​ជា​ប្រធាន​គណៈ​កម្មការ​សុខាភិបាល ​និង​សង្គម​កិច្ច ​លើក​ឡើង​ថា​ បន្ទាប់​ពីបាន​ជជែក​ជាមួយ​ក្រុម​សហជីពពាក់ព័ន្ធ​នឹង​សំណើ​របស់​ពួកគេ ​អ្នកស្រី​នឹង​បញ្ជូន​សំណើ​ទាំង​នោះ​ទៅ​ថ្នាក់​ដឹកនាំ​បន្ត ​ហើយ​អ្នកស្រីមិន​ទាន់​អាច​ឆ្លើយ​តប​បែប​ណា​បាន​នៅ​ឡើយ។​

ក្រុម​សហជីព​លើក​ឡើង​ថា ​ច្បាប់​ស្តីពី​សហជីព​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សហជីព​ដែល​ធ្វើការ​ការពារ​ប្រយោជន៍កម្មករ។ ​ផល​ប៉ះ​ពាល់​ដែល​បាន​កើត​ឡើង​កន្លងមក​រួមមាន​ ដូច​ជា​ការ​ធ្វើ​ឲ្យ​លែង​មាន​សហជីព​តាម​រោងចក្រ ​ការ​មិន​អាច​ធ្វើ​ជា​តំណាង​ដើម្បី​ការពារសហជីព​ ការ​រឹត​ត្បិត​មិន​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ​បាតុកម្ម​ និង​ការ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផ្សេងៗ​ ដែល​កើត​ចេញ​ពី​ការ​ទាម​ទារ​សិទ្ធិ​ជាដើម។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឡេង ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​បាន​ទេ។

ក្រុម​សហជីព​ការពារ​សិទ្ធិ​កម្មករបន្ថែម​ថា​ ការ​សម្រេច​ធ្វើ​វិសោធន​កម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីពនេះ​មិនមែន​តាម​ការ​ស្នើ​របស់​សហជីព​នោះ​ទេ​ ប៉ុន្តែ​អាច​ជា​ការ​ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ​ដែល​កំពុង​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​ (EBA)​ដោយសារ​កម្ពុជា​មិនបាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​គោរពសិទ្ធិ​មនុស្ស ហើយ​ថែម​ទាំង​បាន​ធ្វើឲ្យ​ខូចលទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​ដំណំ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ។​

សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​ទិញ​ផលិត​ផល​វាយនភណ្ឌ ដូចជា​សម្លៀក​បំពាក់ ​ស្បែក​ជើង ​ផលិតផល​កសិកម្ម​ និង​កង់​ជាដើមពី​ប្រទេស​កម្ពុជា​ ​ដោយ​មិន​យក​ពន្ធ។ ​ការ​អនុគ្រោះ​ពន្ធ​នេះធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

XS
SM
MD
LG