ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​សុំ​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​សន្តិសុខ​សង្គម​ជាមួយ​រដ្ឋ​សភា


រូបឯកសារ៖ ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល កំពុង​ចូលរួម​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ជា​លើកទី២ ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល កំពុង​ចូលរួម​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ជា​លើកទី២ ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក កន សាវាង្ស ​នាយក​ប្រតិ​បត្តិនៃ​អង្គការ​ខុម​ហ្វ្រែល​ អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ទាំង​១២​លើក​ឡើង​ថា​ រដ្ឋា​ភិបាល​ត្រូវ​តែ​ពិភាក្សា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​និង​អ្នក​ត្រូវ​បាន​ប៉ះពាល់​ពី​ច្បាប់​នេះ​ដោយផ្ទាល់​ដើម្បីធ្វើឲ្យ​ច្បាប់​នេះ​មាន​ប្រសិទ្ធ​ភាព។​

សង្គម​ស៊ីវិល​ អង្គការ​សិទ្ធិ​មនុស្ស​និងតំណាង​សហជីព​សរុប​ចំនួន​១២​អង្គការ ​បាន​ស្នើ​ដល់​រដ្ឋ​សភា​ជាតិ​ឲ្យ​ចេញ​សំណៅ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​និង​ដាក់​ក្នុង​កិច្ច​ពិភាក្សា​ជាមួ​យ​ពួក​គេ ​ដើម្បី​ប្រមូល​នូវ​មតិ​មួយ​គ្រប់​ជ្រុង​ជ្រោយ​ពី​ភាគី​ពាក់​ព័ន្ធ។

ក្នុង​លិខិត​មួយ​ទៅ​កាន់​ប្រធាន​សភា​ជាតិ​លោក ហេង​ សំរិន កា​ល​ពីថ្ងៃពុធ ទី​១៨ខែកញ្ញានេះ អង្គការ​សង្គម​ទាំង​នេះ ​បាន​សរសេរ​ថា«យើង​ខ្ញុំ​ទទូច​ឲ្យ​សភា​ជាតិ​ទទួល​យក​យោបល់ពីតំណាង​កម្មករ​និយោជិត​ សហគមន៍​ដែល​ធ្វើការងា​រផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ចំពោះ​អ្នក​ទទួល​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ»។

យោង​តាមសៀវភៅ​ណែនាំ ស្តី​ពី​នីតិ​វិធី​និង​វិធានការ​នៃ​ការតាក់តែង​សេចក្តី​ព្រាងច្បាប់និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ផ្សេងៗ​ទៀត​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី កាល​ពី​ឆ្នាំ២០១៣ បានណែនាំ​ថាក្រសួង​និង​ស្ថាប័​ន​ពាក់ព័ន្ធ​ត្រូវ​ពិគ្រោះ​យោបល់ក្នុង​ករណី​ចាំ​បាច់​ជាមួយ​នឹង​សង្គម​ស៊ីវិល​ អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​ផ្នែក​ឯកជន ​ដោយ​យោង​ទៅ​លើ​វិសាលភាព​ទាក់ទង​នឹង​បញ្ហា​សង្គម សេដ្ឋកិច្ច​ និង​បញ្ហាថវិការ។

ក្នុង​ចំណោម​អង្គការ​សង្គម​ទាំង​១២​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​ឲ្យ​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នោះ រួម​មាន អង្គការខុមហ្វ្រែល មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធ​សហជីព​កម្មករ​កាត់​ដេរ​កម្ពុជា និង​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម កម្ពុជា ជាដើម។

លោក អុន ម៉េង​ មន្ត្រី​ផ្នែក​ច្បាប់​នៃ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម កម្ពុជា ​បាន​ប្រាប់ ​VOA ​ថា ​ខាង​អង្គការ​របស់​លោក​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​មិន​ដែល​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ទេចាប់តាំង​ពីសេចក្តី​ព្រាងច្បាប់​នេះ ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្រ្តី កាល​ពីខែសីហា។

«បើសិន​ជា​រដ្ឋសភាឬ​រដ្ឋាភិបាល​មិន​អនុវត្ត​នៅ​គោលការណ៍​ដែល​កំណត់​ដោយ​ខ្លួនឯង ខ្ញុំ​គិត​ថា​អាហ្នឹង​វា​ជា​កំហុស​របស់​រដ្ឋាភិបាល​ក្នុង​ការមិន​សហការ​ជាមួយ​នឹង​អង្គការ​ដៃ​គូ ស្ថាប័ន ដើម្បី​ពិនិត្យ​មើលលើ​សេចក្តី​ព្រាងច្បាប់​ផ្សេងៗ និង​ដើម្បី​ស្រូប​យកនូវ​ធាតុ​ចូលរបស់​សង្គម​ស៊ីវិល​អ៊ីចឹង​ទៅណា»។

លោក កន សាវាង្ស ​មន្រ្តី​សម្របសម្រួល​នៃ​អង្គការ​ខុម​ហ្វ្រែល​ អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ទាំង​១២​លើក​ឡើង​ថា​ រដ្ឋា​ភិបាល​ត្រូវ​តែ​ពិភាក្សា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​និង​អ្នក​ត្រូវ​បាន​ប៉ះពាល់​ពី​ច្បាប់​នេះ​ដោយផ្ទាល់​ដើម្បីធ្វើឲ្យ​ច្បាប់​នេះ​មាន​ប្រសិទ្ធ​ភាព។​

«ច្បាប់​មួយ​បើ​វា​អត់​ឆ្លង​កាត់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ភាគី​ដែល​ទទួល​ផល​ហ្នឹង​ទេ​ ជា​ច្បាប់​មួយ​ដែលយើង​មើល​ឃើញ​ថាការបម្រើ​ផល​ប្រយោជន៍​ហ្នឹង​នៅ​មាន​ឧបសគ្គ​ច្រើន​ណាស់​។ ​យើង​មិន​អាច​ធ្វើ​ច្បាប់​មួយ​ដែល​មិន​បាន​ឆ្លង​កាត់អីចឹង​បាន​ទេ។​ អ៊ីចឹង​ហើយ​បាន​ជាយើង​ចូល​រួម​គាំទ្រ»។

លោក ឡេង​ ប៉េង​ឡុង អគ្គលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា មិន​អាច​ទាក់ទង​បានទេ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ម្សិល​មិញ​ថា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​កំពុង​ស្ថិត​នៅក្នុង​ដៃ​អ្នក​ស្រី​ឡោក ខេង ប្រធានគណៈកម្មាធិការ​សុខាភិបាល សង្គមកិច្ច​ អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ​បណ្តុះ​បណ្តាល​ជីវៈ និង​កិច្ច​ការនារី។

VOA ​ក៏​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​ស្រី ឡោក ខេង​ ទេ​នៅថ្ងៃនេះដោយ​អ្នក​លើក​ទូរស័ព្ទ​របស់​អ្នកស្រី​ប្រាប់​ថា​អ្នក​ស្រី​កំពុង​ជាប់​ប្រជុំ។

យោង​តាម​ប្រភព​ផ្សេងៗ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​មាន​វិសាល​ភាពគ្រប​ដណ្តប់​លើ​៤ផ្នែក គឺផ្នែកប្រាក់​សោធន ផ្នែកថែ​ទាំសុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុងវិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការងារ គិតរួម​ទាំងបុគ្គលិក​ផ្លូវ​អាកាស នាវា​សមុទ្រ និង​អ្នកបម្រើ​តាមផ្ទះ ព្រម​ទាំងបុគ្គល​ស្វ័យ​និយោជន៍​ផងដែរ៕

XS
SM
MD
LG