ភ្នំពេញ —
ស្របពេលដែលតំណាងរដ្ឋាភិបាលកម្ពុជាត្រូវចូលប្រជុំជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះនៅទីក្រុងហ្ស៊ឺណែវ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ មួយក្រុមបានដាក់ញ្ញត្តិជូនរដ្ឋាភិបាលដើម្បីស្វែងរកជំនួយអន្តរាគមន៍ដោះស្រាយការបញ្ហាដីធ្លីដែលពួកគេចោទប្រកាន់ថាក្រុមហ៊ុនឯកជនចំនួនពីរបាននិងកំពុងបំពានយក។
ប្រជាពលរដ្ឋជនជាតិដើមទាំងនេះមកពីឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
យោងតាមឯកសារដែលវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាទទួលបានរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនចិនចំនួនពីរគឺក្រុមហ៊ុនRui Feng (Cambodia) International Company Limitedនិងក្រុមហ៊ុនLan Feng(Cambodia) International company Limitedសម្រាប់ដំណាំអំពៅនិងដាំដើមអាកាស្យាលើផ្ទៃដីសរុបជិត១៨.០០០ហិកតា។
លោកលូត សាំង សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយថ្លែងក្រោយពីសន្និសីទកាសែតមួយក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះថា ការវិនិយោគនេះបានប៉ះពាល់ដីរបស់ក្រុមជនជាតិដើមភាគតិចជាច្រើនពាន់ហិកតាហើយសហគមន៍ជនជាតិកួយស្នើឲ្យរដ្ឋាភិបាលលុបសិទ្ធិសម្បទានដីធ្លីដល់ក្រុមហ៊ុនទាំងពីរដោយសារបានប៉ះពាល់ដីកម្មសិទ្ធិរបស់សហគមន៍ខ្លួន។
«ប៉ះពាល់មានដូចជាដីស្រែដីចំការ កន្លែងប្រមូលអនុផលព្រៃឈើដែលជាតំបន់ដែលជនជាតិដើមភាគតិចនៃជនជាតិកួយយើងខ្ញុំត្រៀមនឹងចុះបញ្ជីសមូហភាពសម្រាប់សហគមន៍»។
យ៉ាងហោចណាស់មានប្រជាពលរដ្ឋជនជាតិដើមភាគតិចចំនួន៣៦៧គ្រួសារក្នុងភូមិចំនួនបីគឺភូមិស្រែព្រាង ភូមិបុសធំនិងភូមិប្រមេបានបាត់បង់ចំណែកដីរបស់ខ្លួន។
លោកលូត សាំងអះអាងថាក្រុមហ៊ុនកំពុងឈូសឆាយពង្វាតទីតាំងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះហើយប្រជាពលរដ្ឋសហគមន៍ជនជាតិកួយបានដាក់បណ្តឹងជាបន្តបន្ទាប់ចាប់តាំងពីពេលនោះនៅតែមិនមានដំណោះស្រាយអ្វីឡើយ។
«កន្លងមករហូតដល់បច្ចុប្បន្នខាងសហគមន៍ជនជាតិដើមពួកខ្ញុំបានតវ៉ាដាក់ពាក្យបណ្តឹងទៅរដ្ឋសភាព្រឹទ្ធសភាចំនួន១៥លើកហើយប៉ុន្តែពុំមានដំណោះស្រាយពីរដ្ឋាភិបាលគឺដាក់ទៅស្ងាត់ឈឹងហើយរដ្ឋាភិបាលគ្រាន់តែប្រើពាក្យថានឹងដោះស្រាយឲ្យប៉ុន្តែជាក់ស្តែងគឺនៅតែមានបន្តឈូសឆាយនៅតំបន់ពួកខ្ញុំ»។
ដាក់ពាក្យទៅក្រសួងចំនួនដប់នៅថ្ងៃនេះក្នុងនោះមានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងវប្បធម៌ ក្រសួងដែនដីនិងនគរូបនីយកម្ម ព្រះបរមរាជវាំងនិងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាដើម។
អ្នកស្រីទេព ទឹម អាយុ៥៩ឆ្នាំជាអ្នកតំណាងសហគមន៍ជនជាតិកួយម្នាក់ទៀត។
«សុំឲ្យរដ្ឋាភិបាលជាពិសេសសម្តេចនាយកតែម្តងឲ្យបញ្ឈប់ការឈូសឆាយដីរបស់ជនជាតិកួយនៅភូមិព្រមេរបស់ក្រុមហ៊ុនឡាន ហ្វេង ដូចជាខឿនប្រាសាទដែលជាទីជំនឿរបស់ពួកយើង ត្រពាំងជាទីសក្ការៈជំនឿ មានព្រៃឈើជំនឿធំៗ ប៉ះពាល់ដល់បរិដ្ឋាន ជ័រទឹក ក្រុមហ៊ុននេះឈូសឆាយអស់រលីង»។
ដោយឡែកលោកពឹង ទ្រីដា ប្រធានការិយាល័យកសិកម្មខេត្តព្រះវិហារអះអាងថាប្រជាពលរដ្ឋទាំងនេះមិនមែនជាម្ចាស់កម្មសិទ្ធិដីពិតប្រាកដនោះទេ។
«ដីនេះដូចជាអត់មានប៉ះពាល់ទេ។ប្រជាជនមួយចំនួនអត់មានដីផង។គាត់ចេះតែតវ៉ាទាក់ទងនឹងការវិនិយោគរឿងផ្តល់ដីនេះ។ជាក់ស្តែងយើងចុះមើលអ្នកដែលតវ៉ានោះអត់មានដីទេ។អ្នកដែលមានដីគេធ្វើការដាំដុះស្រែចំការគេធម្មតា។មានតែ២០ឬ៣០នាក់ដែលចេះតែលើកឡើង»។
ប៉ុន្តែបើតាមលោកអាង ជាតិឡេង មន្ត្រីនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល(Ngo Forum) ផ្នែកការចុះបញ្ជីដីធ្លីសម្រាប់ជនជាតិដើមភាគតិចឲ្យដឹងថាផែនទីនៃដែនវិនិយោគរបស់ក្រុមហ៊ុនឡាន ហ្វេង បង្ហាញថាដីរបស់ក្រុមហ៊ុននេះបានគ្របលើដីប្រជាពលរដ្ឋយ៉ាងតិចចំនួន៧០០០ហិកតាក្នុងនោះដីចំនួនប្រមាណ២.៨០០ហិកតាត្រូវបានឈូសឆាយរួចរាល់។
ជាមួយគ្នានេះលោកង៉ាច សាមីន មន្ត្រីសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាកត់សម្គាល់ថារយៈពេលដប់ឆ្នាំចុងក្រោយជនជាតិដើមភាគតិចទទួលរងការបំពានដោយបញ្ហាដីធ្លី បាត់បង់ព្រៃប្រពៃណីជំនឿដោយសារការវិនិយោគឯកជនដូចជានៅក្នុងខេត្ត ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តរតនគីរី ជាដើមហើយការដោះស្រាយរបស់រដ្ឋាភិបាលមានតិចតួចប៉ុណ្ណោះ៕