ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងប្រារព្ធខួបលើកទី៦៥នៃការចាប់ផ្តើមជម្លោះក្នុងទសវត្សរ៍១៩៥០ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់ហើយប្រទេសទាំង២បានបែងចែកជារៀងរហូត។
មនុស្សប្រហែល៣ពាន់នាក់រួមមានអតីតយុទ្ធជន និងមន្រ្តីរដ្ឋាភិបាល២នាក់បានចូលរួមក្នុងពិធីក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីរំឮកបុណ្យខួបនេះ។
លោក Hwang Kyo-ahn នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា ស្ថានភាពសន្តិសុខជាតិនៅតែមានអស្ថេរភាពនៅលើឧបទ្វីបកូរ៉េ ប៉ុន្មានទសវត្សរ៍បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់នៅក្នុងឆ្នាំ១៩៥៣។
លោកនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសុន្ទរកថាមួយថា «ខ្ញុំសង្ឃឹមថា កូរ៉េខាងជើង នឹងក្លាយជាសមាជិកសហគមន៍អន្តរជាតិមួយដែលមានការទទួលខុសត្រូវ ហើយនិងធ្វើការជាមួយគ្នាដើម្បីសន្តិភាព និងភាពរុងរឿងនៅឧបទ្វីបកូរ៉េ»។
ក្នុងខណៈនោះដែរ កូរ៉េខាងជើងបានប្រារព្ធបុណ្យខួបរបស់ខ្លួនដោយធ្វើការរិះគន់សហរដ្ឋអាមេរិក។ ក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើងបាននិយាយថា ពិភពលោកត្រូវតែរួបរួមគ្នាដើម្បីកាត់ផ្តាច់ចេញចក្រព័ទ្ធសហរដ្ឋអាមេរិកនេះ។
គណៈកម្មការនោះបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះសង្គ្រាមកូរ៉េ ហើយបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅតែកំពុងកំចាត់ប្រទេសកុម្មុយនិស្តនេះដោយប្រើយុទ្ធនាការហ៊ុំព័ទ្ធធ្វើឲ្យឯកោ។
សង្គ្រាមកូរ៉េបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ នៅពេលដែលកងទ័ពកូរ៉េខាងជើងគាំទ្រដោយប្រទេសចិនបានចាប់ផ្តើមវាយប្រហារឆ្លងកាត់ខ្សែស្របទី៣៨។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើអន្តរាគមន៍ក្នុងជម្លោះនោះដោយស្ថិតនៅខាងភាគីកូរ៉េខាងត្បូង៕